កីឡាជាតិ
ជាតិ
បឹងកេតត្រូវប្រជែងកៅអី AFC Cup ឡើងវិញក្រោយក្រុម Lao Toyota ឈ្នះក្តី បឹងកេត និង Lao Toyota នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតូយ៉ូតាមេគង្គក្លឹប២០១៦។ រូបថត TMCC
× ក្រុមបឹងកេតដែលកាលពីពេលកន្លងមកថាទទួលបានកៅអីវគ្គ Group Stage នៃ AFC Cup 2018 ត្រូវប្រជែងកៅអីនេះឡើងវិញបន្ទាប់ពីក្រុម Lao Toyota ឈ្នះក្តីសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC)។ អ្នកចាត់ការទូទៅក្លិបបឹងកេតយល់ថា ការផ្លាស់ប្តូរស្ថានការណ៍ភ្លាមៗនេះ វាអាចមានផលប៉ះតិចតូចសម្រាប់បឹងកេត។ តែយ៉ាងណា ក្រុមនេះប្តេជ្ញាលេងឲ្យអស់ពីសមត្ថភាព។
ក្រុមបឹងកេតត្រូវប្រជែងជាមួយក្រុមជើងឯកឡាវ Lao Toyota F.C ក្នុងវគ្គជម្រុះប្រចាំតំបន់អាស៊ាន ដើម្បីដណ្តើមកៅអីវគ្គចែកពូលនៃពានរង្វាន់ AFC Cup 2018។ ការសម្រេចរបស់ AFC ឲ្យបឹងកេតប្រកួតឡើងវិញនេះ បន្ទាប់ពីក្រុម Lao Toyota F.C ឈ្នះក្តីសហព័ន្ធកីឡាបាល់ទាត់អាស៊ី។
ក្រុមបឹងកេតត្រូវជួបប្រកួតជើងទី១ជាមួយក្រុម Lao Toyota នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ មុនជួបគ្នាជើងទី២នៅលើទឹកដីឡាវនាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅអង្គភាពត្រួតពិនិត្យបញ្ជីឈ្មោះរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC Entry Control Body (ECB) បានប្រកាសថា ក្រុមជើងឯកឡាវមួយនេះមិនមានសិទ្ធិចូលប្រជែងក្នុងពានរង្វាន់ AFC Cup នោះឡើយ ដោយសារពួកគេជាប់ពាក់ព័ន្ធករណីកំណត់លទ្ធផលទុកជាមុនកាលពីអំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។
ជាមួយគ្នានេះកាលពីពេលថ្មីៗកន្លងទៅគណៈកម្មការរៀបចំបាល់ទាត់ជាតិកម្ពុជា(CNCC)ក៏បានប្រកាសផងដែរថា ក្រុមជើងឯកក្របខណ្ឌលីគកំពូលកម្ពុជាឆ្នាំនេះនឹងទទួលបានកៅអីវគ្គ Group Stage នៃ AFC Cup 2018 ដោយស្វ័យប្រវត្តិ។
ការកែប្រែស្ថានការណ៍ភ្លាមៗនេះ វាអាចធ្វើឲ្យមានប៉ះពាល់តិចតួចក្នុងការរៀបចំក្រុមសម្រាប់បឹងកេត។ «ការផ្លាស់ប្តូរនេះវាធ្វើឲ្យមានបញ្ហាតិចតួចផងដែរសម្រាប់យើងក្នុងការរៀបចំក្រុម ដោយសារលីគកំពូលយើងទើបបញ្ចប់ថ្មីៗដូច្នេះកីឡាករយើងប្រមូលផ្តុំហ្វឹកហាត់បានខ្លី»។ នេះការលើកឡើងរបស់លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេតជុំការផ្លាស់នេះ។
ទោះបីមិនរំពឹងឈ្នះ១០០ភាគរយ តែអ្នកចាត់ការទូទៅរូបនេះប្តេជ្ញាថានឹងខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីប្រជែងដណ្តើមកៅអីមួយនេះ។ បច្ចុប្បន្នបឹងកេតមិនទាន់បានចុះកិច្ចសន្យាជាមួយកីឡាករថ្មី ដើម្បីជំនួសខ្សែការពារ រស់ សំអឿន ដែលផ្ទេរទៅក្លិបវិសាខានៅឡើយទេ។ តែយ៉ាងណា វាមិនមែនជាបញ្ហាចោទនោះឡើយ ព្រោះបឹងកេតមានកីឡាករល្អៗដើម្បីជំនួស៕
Tag:
បាល់ទាត់
AFC Cup 2018
បែ មករា
© រក្សាសិទ្ធិដោយ thmeythmey.com