ជាតិ
លោកស្រី Jemmo៖ គម្រោង​យើង​គឺ​ចង់​ជួយ​សត្វ​ដំរី​កុំ​ឲ្យ​ធ្វើជា​«​ទាសករ​»​ដូច​មុន​
19, Jan 2018 , 7:39 pm        
រូបភាព
ដោយ:
​មណ្ឌលគិរី​៖ គម្រោង​«The Elephant Valley Project»​របស់​ស្ថាបនិក​ជនជាតិ​បរទេសមួយ​គម្រោង កំពុង​អនុវត្ត​នៅ​ខេត្តមណ្ឌលគិរី ក្នុង​បំណង​ផ្លាស់ប្ដូរ​ស្ថានភាព​សត្វ​ដំរី​ស្រុក ដែល​ធ្លាប់តែ​ធ្វើការ​ធ្ងន់​តាម​បំណង​របស់​ម្ចាស់ខ្លួន មកជា​ដំរី​ដែលមាន​សេរីភាព ទទួលបាន​ការចិញ្ចឹម​ថែរក្សា ដោយ​មិនចាំបាច់​ធ្វើការ​ដូច​មុន​។



​គម្រោង​នេះ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អង្គការ Elephant Livelihood Initiative Environment ដែល​បានធ្វើ​សកម្មភាព​សង្គ្រោះ​សត្វ​ដំរី​តាំងពី​ឆ្នាំ​២០១៦ ។ សព្វថ្ងៃ​មាន​សត្វ​ដំរី​ស្រុក​ចំនួន ១០ ស្ថិតក្រោម​ការថែរក្សា​ពី​គម្រោង​មួយ​នេះ​។ គម្រោង​នេះ​បាន​ប្រមូល​សត្វ​ដំរី​ស្រុក​ពី​ជនជាតិដើម​ភាគតិច មក​ដាក់​មួយកន្លែង ដែល​ហៅថា​«​ជ្រលង​ដំរី​» ហើយ​វា​បាន​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​របស់​ភ្ញៀវ​ទេសចរណ៍ ពិសេស​ភ្ញៀវ​អន្តរជាតិ​។  ជ្រលង​ដំរី​នេះ ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី​។​



​ការ​ទុកដាក់​ដំរី​ក្នុង​វិស័យ​ទេសចរណ៍ បានផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​សហគមន៍​។ នេះហើយ​ជាហេតុ​ផល​ដែល​ម្ចាស់​ដំរី ព្រម​ផ្ដល់​ដំរី​ដល់​គម្រោង​ឲ្យ​ថែរក្សា ដោយ​លែង​ប្រើប្រាស់​សត្វ​ដំរី​ឲ្យ​ធ្វើការ​ធ្ងន់​ដូច​មុន​។​

​លោកស្រី Jemmo Bulloch អ្នកគ្រប់គ្រង​គម្រោង The elephant valley project បាន​ឲ្យ​ដឹងថា គម្រោង​មួយ​នេះ​មានបំណង​ជួយ​សត្វ​ដំរី​ស្រុក​ឲ្យ​រួច​ផុតពី​ការបង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់ តាមរយៈ​ការផ្ដល់​អត្ថប្រយោជន៍​ជា​ថ្នូ​ដល់​សហគមន៍​។ លោកស្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ចង់​ឲ្យ​សត្វ​ដំរី​ឈប់​ធ្វើការ​ធ្ងន់​ដូច​មុន ព្រោះ​ពួកគេ (​ដំរី​) ក៏​មិន​ចង់​ដឹក ឬ​អូស​ធ្ងន់ៗ​ដែរ ពួកគេ​ចង់​សម្រាក ចង់​មាន​សេរីភាព​»​។



​ជ្រលង​ដំរី​មួយ​នេះ បា​នរក​ថវិកា​ពី​ភ្ញៀវ​ប្រមាណ ៣៥​ម៉ឺន​ដុល្លារ លើ​ចំនួន​ទេសចរ ២៤០០​នាក់ ក្នុង​ឆ្នាំ​២០១៧ តាមរយៈ​ការលក់​សំបុត្រ​ចូល​ទស្សនា​ដំរី សេវា​ស្នាក់នៅ និង​ម្ហូបអាហារ​។ ប្រាក់ចំណូល ត្រូវបាន​ប្រើប្រាស់​ដើម្បី​ការចិញ្ចឹម​ថែរក្សា​ដំរី អភិវឌ្ឍន៍​ជ្រលង​ដំរី​មួយ​នេះ និង​មួយផ្នែក​ទៀត​យកទៅជួយ​ពលរដ្ឋ​សគម​ន៍​ពូ​ត្រុំ ៧៨​គ្រួសារ​នៅ​តំបន់​នោះ​។ គម្រោង​នេះ​ផ្ដល់​ការងារ​ដល់​សហគមន៍​ចំនួន ៤៨​នាក់ ក្នុងចំណោម​បុគ្គលិក​សរុប ៦០​នាក់​។ នេះ​បើតាម​លោកស្រី Jemmo ដែល​បានផ្ដល់​បទ​សម្ភាស​ដល់​អ្នកកាសែត ដែល​ធ្វើដំណើរ​ទស្សនកិច្ច​ស្វែងយល់​ដែន​ជម្រក​កែវ​សីមា ដែលជា​កម្មវិធី​រៀបចំ​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) កាលពីដើម​ខែមករា​។

​បើតាម​លោកស្រី Jemmo ដែលជា​អ្នក​អភិរក្ស​សត្វ​ដំរី និង​ជា​ជនជាតិ​អូស្ត្រាលី​រូបនេះ គម្រោង​ជួយ​សត្វ​ដំរី​របស់​ក្រុមការងារ​លោកស្រី​នេះ មាន​មួយកន្លែង​នៅ​កម្ពុជា និង​មួយកន្លែង​ទៀត​នៅ​ប្រទេស​ថៃ​។ លោកស្រី​ឲ្យ​ដឹងថា ដំរី​ស្រុក​នៅ​កម្ពុជា​សរុប​មាន​ចំនួន ៧១​ក្បាល ខណៈ​ដំរីព្រៃ​មាន​ចន្លោះ​ពី​៤០០ ទៅ​៦០០​ក្បាល​។ ដំរី​ស្រុក ជា​ដំរី​ដែល​ពលរដ្ឋ​សហគមន៍​ទាក់​ចាប់ពី​ព្រៃ ដើម្បី​យកមក​បម្រើ​ប្រយោជន៍​ក្រុមគ្រួសារ​របស់​អ្នក​ទាំងនោះ តាមរយៈ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​របស់​សត្វ​ដំរី​។​



​សត្វ​ដំរី នៅក្នុង​ជ្រលង​ដំរី ដែល​បានលើកឡើង​ខាងលើ បាន​ជួប​បញ្ហា​ប្រឈម​សំខាន់​មួយ នោះ​គឺ​ការបាត់បង់​ដំណពូជ ដោយសារតែ​សត្វ​ដំរី​ទាំងនោះ​ភាគច្រើន​មាន​ភាព​ចាស់ជរា ដែល​អាយុ​មិន​ក្រោម ៥០​ឆ្នាំ​ឡើយ​។​

​គួរ​បញ្ជាក់ថា សំបូរ (Sambo) ដែលជា​ដំរី​ល្បីល្បាញ​នៅ​ភ្នំពេញ ដែល​បម្រើ​ទេសចរណ៍​នៅ​វត្តភ្នំ កាលពីពេល​កន្លងមក ក៏​កំពុង​រស់នៅក្នុង​ជ្រលង​ដំរី​នេះ​ផងដែរ​។

​វី​ឌី​អូ​សកម្មភាព​របស់​សំបូរ​៖


Tag:
 ដំរី​
  ជ្រលង​ដំរី​
© រក្សាសិទ្ធិដោយ thmeythmey.com