អន្តរជាតិ
កូរ៉េខាងត្បូង​នឹង​កាត់បន្ថយ​ទ័ព​ជាង​១​សែន​នាក់​តាម​គោលការណ៍ «​តិច​តែ​ខ្លាំង​»
19, Jan 2018 , 8:19 pm        
រូបភាព
​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៩ ខែមករា បានប្រកាសថា កងទ័ព​នឹងត្រូវ​កាត់បន្ថយ​ចំនួន​១២០០០០​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០២២ ។ ការកាត់បន្ថយ​នេះ គឺជា​ផ្នែក​មួយ​នៃ​នយោបាយ​កែទម្រង់​កងទ័ព​របស់​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន តាម​ទិសដៅ «​តិច​តែ​ខ្លាំង​» ។ ការកែទម្រង់​នេះ​ធ្វើឡើង ខណៈដែល​ការប្រឈមមុខ​ផ្នែក​យោធា​ជាមួយ​កូរ៉េខាងជើង​នៅតែមាន​។​



​កងទ័ព​កូរ៉េខាងត្បូង ដែលមាន​ចំនួន​សរុប​៦២​ម៉ឺន​នាក់ នឹងត្រូវ​កាត់បន្ថយ​ម​ក​ត្រឹម​៥០​ម៉ឺន​នាក់​វិញ​នៅត្រឹម​ឆ្នាំ​២០២២ ។ ផែនការ​កាត់បន្ថយ​ក​ង​ទ័ព​ដ៏​ច្រើន​នេះ គឺជា​នយោបាយ​របស់រ​ដ្ឋ​បាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន ក្នុងការ​កែទម្រង់​វិស័យ​យោធា​ដំណាក់កាល​ទី​ពីរ សំដៅ​ពង្រឹងគុណភាព​កងទ័ព​ជាជាង​ផ្ដោតលើ​បរិមាណ​។

​ក្នុងចំណោម​កងទ័ព​ទាំង​៦២​ម៉ឺន​នាក់​ខាងលើ ទាហាន​សកម្ម​របស់​កូរ៉េខាងត្បូង​មាន​ចំនួន​ជាង​៤៨​ម៉ឺន​នាក់​។ ចំនួន​នេះ​តិចជាង​កងទ័ព​កូរ៉េខាងជើង ដែលមាន​យោធា​សរុប​ច្រើនជាង​មួយ​លាន​នាក់ ដោយ​មិន​គិត​ទាហាន​បម្រុង​ឡើយ ហើយ​កូរ៉េខាងជើង​ត្រូវបាន​ចាត់ទុកជា​ប្រទេស​ដែលមាន​យោធា​ធំ​លើ​ពិភពលោក​ផងដែរ​។​

​ក្នុង​របាយការណ៍​ស្ដីពី​នយោបាយ​ការពារជាតិ​ឆ្នាំ​២០១៨ ផ្ញើ​ទៅកាន់​នាយករដ្ឋមន្ត្រី Lee Nak-yon ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​ក៏​គ្រោង​កាត់បន្ថយ​កាតព្វកិច្ច​យោធា​សម្រាប់​ទាហាន​តូចតាច​ពី​២១​ខែ មក​ត្រឹម​១៨​ខែ​វិញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ ក្រៅពីនេះ យោធា​កូរ៉េខាងត្បូង​ក៏​នឹងត្រូវ​ផ្លាស់ប្ដូរ​លើ​ផ្នែក​ជាច្រើន​តាម​គោលដៅ​របស់លោក មូ​ន ចេ​អ៊ី​ន ។ 

​បើតាម​ប្រភពព័ត៌មាន​ខាងលើ យោធា​កូរ៉េខាងត្បូង​នឹង​ពង្រាយ​មន្ត្រី​ស៊ីវិល​ឲ្យ​កាន់តែច្រើន​ថែមទៀត​លើ​បេសកកម្ម​មិនមែន​ប្រយុទ្ធ ព្រម​គ្នា​នឹង​ការបង្កើន​វត្តមាន​ទាហាន​សកម្ម​នៅតាម​គោលដៅ​ជាក់ស្ដែង​។ ស្ថិតក្នុង​ការកែទម្រង់​ដែរ ចំនួន​ឧ​ត្ត​ម​សេនីយ៍​ក្នុង​ជួរ​កងទ័ព​ទាំងអស់​ដែលមាន​សរុប​៤៣០​នាក់ នឹងត្រូវ​កាត់បន្ថយ​ម​ក​ត្រឹម​៧០ ឬ​៨០​នាក់​ប៉ុណ្ណោះ​។ ផែនការមេ​នៃ​ការកែទម្រង់​វិស័យ​ការពារជាតិ​នេះ នឹង​បញ្ចប់​នៅ​ខែមេសា ដើម្បី​ប​ញ្ចូ​ន​បន្តទៅ​សភា​។

​ទោះជា​កាត់បន្ថយ​ចំនួន​ទ័ព​ពិតមែន កូរ៉េខាងត្បូង​នឹង​ពង្រីក​ទំនាក់ទំនង​ផ្នែក​យោធា​ជាមួយ​អាម​រិ​ក ដើម្បី​ទប់ទល់​កូរ៉េខាងជើង​។ អាមេរិក គឺជា​ខ្នងបង្អែក​ដ៏​ធំ​របស់​កូរ៉េខាងត្បូង ខណៈដែល​កូរ៉េខាងជើង​កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន​។ ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​សព្វថ្ងៃ​បាន​ធូរស្រាល​ខ្លះ ក្រោយ​ការចរចា​រវាង​កូរ៉េ​ទាំងពីរ ប៉ុន្តែ​ទិដ្ឋភាព​ជារួម ការគំរាមកំហែង​នៅតែមាន​ដដែល​៕ 


Tag:
 កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com