ជាតិ
រដ្ឋមន្ត្រីអប់រំ ប្រាប់បុគ្គលិកអប់រំគោរពម៉ោងបង្រៀនសិស្សឲ្យបានត្រឹមត្រូវ
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ឲ្យបុគ្គលិកអប់រំគោរពម៉ោងបង្រៀនសិស្សឲ្យបានត្រឹមត្រូវ ដើម្បីឲ្យស្របតាមគោលនយោបាយលើកកម្ពស់គុណភាពអប់រំរបស់រដ្ឋាភិបាល។ នេះបើតាមលិខិតរបស់ក្រសួងអប់រំ ដែលប្រាប់ឲ្យប្រធានអប់រំ រាជធានី-ខេត្ត ពង្រឹងវិន័យ និងការគ្រប់គ្រងនៅគ្រឹះស្ថានសិក្សាសាធារណៈ។
ក្រសួងអប់រំ បានពិនិត្យឃើញថា បុគ្គលិកអប់រំខ្លះនៅតាមគ្រឹះស្ថានសិក្សាសាធារណៈមួយចំនួន មិនទាន់អនុវត្តពេលវេលាបំពេញការងារ និងគោរពម៉ោងបង្រៀនបានពេញលេញនៅឡើយទេ ដែលជាហេតុធ្វើឲ្យប៉ះពាំល់ដល់ការអនុវត្តកម្មវិធីសិក្សា និងការសិក្សារបស់សិស្ស។ ជាពិសេសជះឥទ្ធិពលមិនល្អដល់អ្នកខិតខំបំពេញការងារ និងសហគមន៍ផងដែរ។
ដើម្បីពង្រឹងវិន័យ និងការអនុវត្តកាតព្វកិច្ចបុគ្គលិកអប់រំឲ្យបានល្អប្រសើវិញ ក្រសួងអប់រំ បានដាក់ចេញវិធានការ៣ចំណុចឲ្យប្រធានអប់រំ រាជធានី-ខេត្ត រួមមាន ទី១ ពង្រឹងយន្តការគ្រប់គ្រងត្រួតពិនិត្យវត្តមានរបស់បុគ្គលិកអប់រំ នៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ។ ទី២ អនុវត្តវិន័យរដ្ឋបាល ឬវិន័យការងារចំពោះ បុគ្គលិកអប់រំចូលបង្រៀនយឺត ចេញមុនម៉ោងកំណត់។ បុគ្គលិកអប់រំដែលអនុវត្តកាតព្វកិច្ចដោយពុំមានស្មារតីទទួលខុសត្រូវ និងប្រគល់ភារកិច្ចឲ្យអ្នកដទៃធ្វើជំនួស ដោយខ្លួនឯងទៅបំពេញការងារក្រៅខុសបញ្ជា ឬយកការងារក្រៅអង្គភាពមកឡូកឡំក្នុងម៉ោងការងារ ឬអវត្តមានពុំមានមូលហេតុច្បាស់លាស់ និងទី៣ ត្រូវពង្រឹងការស្លៀកបានឲ្យបានសមរម្យ ហាមមូរដៃអាវក្នុងការបំពេញការងារ។
គួរបញ្ជាក់ថា វិស័យអប់រំនៅកម្ពុជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេទទួលស្គាល់ថា មានគុណភាពល្អប្រសើឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ដែលបានដាក់ចេញពាក្យស្លោកមួយថា«អ្នកចេះគឺជាប់»។
Tag:
ហង់ ជួន ណារ៉ុន
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com