ជាតិ
សង្គមជាតិ
ប​.​ស​.​ស ប្រាប់​ឲ្យ​កម្មការិនី​មាន​ផ្ទៃពោះ បំពេញ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​
20, Jan 2018 , 10:20 am        
រូបភាព
កម្មការិនីមានផ្ទៃពោះ ជួបសម្ដេច ហ៊ុន សែន
កម្មការិនីមានផ្ទៃពោះ ជួបសម្ដេច ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បានចេញ​សេចក្តីជូនដំណឹង​ឲ្យ​កម្មការិនី​រោងចក្រ ដែល​កំពុងមាន​ផ្ទៃពោះ ត្រូវ​ទៅ​បំពេញ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល នៅក្នុង​អំឡុងពេល​សម្រាល​កូន​។

​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ឲ្យ​ដឹងថា កម្មការិនី ជា​និយោជិត​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ក្នុងអំឡុងពេល​យ៉ាងយូរ ៣​ខែ​មុន​សម្រាលកូន​ត្រូវ​ទៅ​បំពេញបែបបទ នៅ​ទីស្នាក់ការ ប​.​ស​.​ស ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​ក្នុងករណី កម្មការិនី និយោជិត​មិនបាន​បំពេញបែបបទ​នៅ ប​.​ស​.​ស ទេនោះ សាមីខ្លួន ឬ​អ្នកតំណាង ត្រូវ​រាយការណ៍​ជាបន្ទាន់​មក ប​.​ស​.​ស យ៉ាងយូរបំផុត ១​ខែក្រោយ​សម្រាលកូន​។ 
 
​សេចក្ដីជូនដំណឹង​រប​ស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បានបញ្ជាក់​ដូច្នេះ​ថា​៖«​កម្មការិនី ជា​និយោជិត ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​លិខិត​ផ្ទៃពោះ​ដែល​បានបញ្ជាក់​កាលបរិច្ឆេទ​ត្រូវ​សម្រាលកូន​(​អេកូ​) ប័ណ្ណសមាជិក ប​.​ស​.​ស អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លេខ​ទូរ​សព្ទ​ច្បាស់លាស់​នៃ​សមី​ខ្លួន ដែល​អាច​ទំនាក់ទំនង​បាន​។​សាមីខ្លួន ឬ​សាច់ញ្ញាតិ​របស់ខ្លួន ត្រូវ​ជូនដំណឹង​តាម​លេខ​ទូរ​សព្ទ​បន្ទាន់ គឺ​១២៨៦ ពេល​ចូល​សម្រាលកូន​ក្នុង​មូលដ្ឋាន​សុខាភិបាល​(​មន្ទីរពេទ្យ​) ដែល​គ្មាន​ភ្នាក់ងារ ប​.​ស​.​ស​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៦ មករា​នេះ កម្មការិនី​រោងចក្រ​ចំនួន ១,៨៩៥​នាក់ ដែល​បាន​សម្រាលកូន​ចំនួន​១,៩១១​នាក់ ដែល​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជិត​២០​ម៉ឺន​ដុល្លារ​។ តាម​គោលការណ៍​កំណត់​របស់​រដ្ឋាភិបាល ដែល​សន្យា​ផ្ដល់​ថវិកា​៤០​ម៉ឺន​រៀល សម្រាប់​ស្ត្រី​ដែល​សម្រាលកូន​បាន​១​នាក់ ថវិកា​៨០​ម៉ឺន​រៀល ចំពោះ​ទឹកប្រាក់​១២០​ម៉ឺន​រៀល សម្រាប់​កូនភ្លោះ​បីនាក់​។​ប៉ុន្តែ​មកដល់ពេលនេះ មិនទាន់មាន​កម្មការិនី បង្កើតបាន​កូនភ្លោះ​បីនាក់​នៅឡើយ​ទេ​។ រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា ១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​កម្មការិនី​សម្រាលកូន​ទូទាំងប្រទេស​។ នេះ​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៕

Tag:
 ​កម្មករ​
 ​ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com