ជាតិ
សង្គមជាតិ
សហគមន៍​អុំទូក​កំពង់​ភ្លុក​ជួយ​សម្រាល​ជីវភាព​ស្ត្រី​មេម៉ាយ និង​មាន​ជីវភាព​ក្រីក្រ​
20, Jan 2018 , 6:59 pm        
រូបភាព
​សៀមរាប​៖ ភូមិ​កំពង់​ភ្លុក បាន​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​មួយ​ដ៏​ទាក់ទាញ ទាំង​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ទាំង​ខែវស្សា និង​ខែប្រាំង ភូមិ​ដែលមាន​ផ្ទះ​សង់​ផុតពី​ទឹក និង​មាន​សរសេរ​ខ្ពស់ៗ​នេះ តែងមាន​ភ្ញៀវ​ចូលទៅ​កម្សាន្ត​មិនដែល​លស់​។ ភ្ញៀវទេសចរ​អាចធ្វើ​ដំណើ​រ​គយគន់​ភូមិ​កំពង់​ភ្នុ​ក​តាមរយៈ​កាណូត​ទូក​។ ទៅដល់​ទីនោះ ភ្ញៀវទេសចរ​ក៏​អាច​ទស្សនា​ព្រៃ​លិច​ទឹក​ដ៏​ស្រស់ស្អាត តាមរយៈ​ការ​ទូក​អុំ​ខ្នាតតូច អុំ​ដោយ​ស្ត្រី​នៅក្នុង​សហគមន៍​កំពង់​ភ្លុក​ទៀតផង​ដែរ​។​

 
​ព្រៃ​សហគមន៍​កំពង់​ភ្លុក ជា​ចំណុច​សំខាន់​ដែល​ភ្ញៀវទេសចរ​ជាតិ ពិសេស​ទេសចរ​បរទេស តែង​ជិះទូក​គយគន់ បណ្តែតអារម្មណ៍ ពេល​ពួកគេ​មកដល់​ទឹកដី​ភូមិ​លិច​ទឹក​នេះ​ម្តងៗ​។ ភ្ញៀវទេសចរ​អាច​ជិះទូក ដែល​អុំ​ដោយ​សហគមន៍​អុំទូក​ស្ត្រី​កំពង់​ភ្លុក ដោយ​លឿន​យឺតៗ បណ្តែតអារម្មណ៍​ជាមួយ​សម្រស់​ធម្មជាតិ​ព្រៃ​លិច​ទឹក​ដ៏​ល្វឹងល្វើយ ដែលមាន​ម្លប់​ត្រឈឹងត្រឈៃ​។​


 
​សហគមន៍​ទូក​អុំ​កំពង់​ភ្លុក មាន​សមាជិក​ជា​ស្ត្រី​ប្រមាណ​ជាង​៨០០​នាក់ ដែល​អ្នកខ្លះ​ជា​ស្ត្រី​មេម៉ាយ ក្រី​ក្រី និង​ខ្លះទៀត មាន​ប្តី​ជា​អ្នកនេសាទ​។ របរ​នេះ អាចជួយ​ពួកគេ​បាន​ចំណូល​បន្ថែម ក្រៅពី​សមាជិកគ្រួសារ​រ​បស់​ពួក​កេ ចេញទៅ​នេសាទ​នៅ​ទន្លេ​។ 


 
​អ្នកស្រី ផា មាន​ប្តី​ជា​អ្នក​បើកកាណូត​ទេសចរណ៍ បានឱ្យដឹងថា របរ​អុំទូក​តូច​នេះ ធ្វើឱ្យ​អ្នកស្រី​មាន​ប្រាក់ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ហើយ​ក្នុង​មួយខែ អ្នកស្រី​រកបាន​ប្រហែល ៣០​ម៉ឺន​រៀល​។ អ្នកស្រី​បន្ថែមថា ការ​ចងក្រង​ជា​សហគមន៍​ទូក​អុំ​នេះ បានធ្វើឱ្យ​ស្រី្ត​ដែល​ពីមុន​គ្មាន​ការងារ​ធ្វើ នៅតែ​ផ្ទះ មានការ​ងារ​ធ្វើ រក​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​។ 
 
​ក្នុងនោះដែរ អ្នកស្រី ផា បាន​ចូលរួម​ការពារ​ព្រៃ​លិច​ទឹក ដែលជា​ព្រៃ​សហគមន៍​ក្នុងភូមិ​ផងដែរ ព្រោះ​វា​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រយោជន៍​ភូមិ​ទាំងមូល ទាំង​ទាក់ទាញ​ភ្ញៀវទេសចរ និង​ផល​នេសាទ​។ អ្នកស្រី ផា សង្កេតឃើញថា ភ្ញៀវទេសចរ​បានបង្ហាញ​អារម្មណ៍​ស្រឡាញ់​ព្រៃឈើ រាល់ពេល​ពួកគេ​ជិះទូក​ម្តងៗ ហើយ​ភ្ញៀវ​តែង​ស្នើ​អ្នកស្រី អុំ​ទៅ​កន្លែង​ដែលមាន​ព្រៃ​ច្រើន​ផងដែរ​។​


​ចំណែក​អ្នកស្រី យ៉ាវ ពៅ ក៏​ដូច្នោះ​ដែរ មុខរបរ​អុំទូក​នេះ​ធ្វើឱ្យ​ជីវភាព​គ្រួសារ​អ្នកស្រី បាន​ប្រសើរ​ជាង​មុន​។ ក្នុង​មួយថ្ងៃ អ្នកស្រី​អាច​អុំ​បាន​ពី​២​ជើង ទៅ​៥​ជើង តាម​ភ្ញៀវ​មក​ច្រើន​ឬ​តិច ដែល​ក្នុង​មួយ​ជើង អ្នកស្រី​អាច​បាន​ថវិកា​ចំនួន ៨០០០​រៀល​។ អ្នកស្រី​បញ្ជាក់ថា ការងារ​នេះ​បាន​សម្រាល​ជីវភាព​គ្រួសារ​របស់​អ្នកស្រី ដែល​រកស៊ី​ម្នាក់ ព្រោះ​ប្តី​ជរាភាព​។ អ្នកស្រី​បន្ថែមថា សហគមន៍​ទូក​អុំ​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​អ្នកភូមិ ព្រោះ​បាន​ជួយ​ស្ត្រី​ជាច្រើន​ឱ្យមាន​ការងារ​ធ្វើជា​ប្រចាំ បន្ទាប់ពី​ប្តី​ចេញទៅ​នេសាទ​នៅ​ទន្លេ និង​មុខរបរ​អ្វី​ផ្សេង​។​


 
​ប្រធាន​សហគមន៍​ទូក​អុំ លោក សាង គង់ បានឱ្យដឹង​ដែរ​ថា សហគមន៍​របស់លោក​បច្ចុប្បន្ន​មាន​ស្ត្រី​ជាង​៨០០​នាក់ និង​ទូក​ជាង ៨០០​។ លោក​បន្តថា ជា​រៀងរាល់ថ្ងៃ មានការ​ចាប់លេខ​រៀង​ដើម្បី​ដាក់​វេន​គ្នា និង​ងាយស្រួល​ចល័ត​ដឹក​ភ្ញៀវ​។ លោក​បន្ថែមទៀតថា ភ្ញៀវទេសចរ​អាច​ជិះទូក​អុំ​គយគន់​ធម្មជាតិ​ព្រៃ​លិច​ទឹក​រយៈពេល​ពី​កន្លះ​ម៉ោង ទៅមួយ​ម៉ោង ហើយ​តម្លៃ​សំបុត្រ​ក្នុង​ម្នាក់ ៥​ដុល្លារ​។ លោក សាង គង់​បញ្ជាក់ទៀតថា សម្រាប់​ម្ចាស់​ទូក ក្នុង​មួយ​ជើង​ពួកគេ​បាន ៨០០០​រៀល ឬ​២​ដុល្លារ ក្រៅពីនេះ​ថវិកា​ដែល​បាន គឺ​យក​សម្រាប់​ទ្រទ្រង់​សហគមន៍ និង​ការងារ​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​សហគមន៍​ទាំងមូល​។​ល​៕

Tag:
 ​ទូក​អុំ​ស្ត្រី​
 ​កំពង់​ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com