ជាតិ
ក្រសួងអប់រំ រើសនិស្សិតស្ម័គ្រចិត្ត៥០០នាក់ ឲ្យជួយបង្កើត និងគាំទ្រក្លិបសិក្សានៅតាមវិទ្យាល័យ រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
×
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសនិស្សិតស្ម័គ្រចិត្ត ចំនួន ៥០០នាក់ ដើម្បីជួយបង្កើត និងគាំទ្រក្លិបសិក្សាលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រខ្មែរ ប្រវត្តិវិទ្យា និងភាសាបរទេស នៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ។ ការជ្រើសរើស ផ្ដោតលើនិស្សិតដែលកំពុងសិក្សាឯកទេសខាងលើតែប៉ុណ្ណោះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ។
ក្រសួងអប់រំ យុវជន និងកីឡា ត្រូវការជ្រើសរើសនិស្សិតស្ម័គ្រចិត្ត ចំនួន ៥០០នាក់ ក្នុងការបង្កើត គាំទ្រក្លិបសិក្សា និងស្វ័យសិក្សាលើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រខ្មែរ ប្រវត្តិវិទ្យា និងភាសាបរទេស នៅកម្រិតមធ្យមសិក្សា។ ការបង្កើតក្លិបនេះ ដើម្បីជួយឲ្យកំណែទម្រង់វិស័យអប់រំ និងពង្រឹងគុណភាព ប្រសិទ្ធភាពនៃការអប់រំ ការបណ្ដុះបណ្ដាល ឲ្យកាន់តែទទួលបានភាពជោគជ័យបន្ថែមទៀត។
និស្សិតស្ម័គ្រចិត្តទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ ក្នុងការបណ្ដុះបណ្ដាលបន្ថែម និងមានឱកាសពង្រឹងចំណេះដឹង និងបទពិសោធន៍ ជំនាញឯកទេស ជំនាញទន់ និងគុណធម៌ជាដើម។ លើសពីនេះ នឹងទទួលបានការចូលរួមចំណែក និងចូលរួមវិភាគទានក្នុងការជួយសហគមន៍ ការអភិវឌ្ឍការអប់រំ ការលើកទឹកចិត្តពីក្រសួងអប់រំ និងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ។
អ្នកស្ម័គ្រចិត្ត ត្រូវជានិស្សិតកំពុងសិក្សាជំនាញឯកទេសនៅតាមគ្រឹះស្ថានអប់រំផ្សេងៗដែលមានឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ ព្រមទាំងមានពេលទំនេរនៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ ឬនៅពេលល្ងាច ពីចន្ទ ដល់ថ្ងៃសុក្រហើយត្រូវមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន។
បើតាមក្រសួងអប់រំ និស្សិតស្ម័គ្រចិត្ត អាចចុះឈ្មោះ នៅនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងអប់រំ ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឬក៏ចូលទៅកាន់ https://goo.gl/forms/DocEZO4guq8XnhJq2 ដើម្បីចុះឈ្មោះ ឬទំនាក់ទំនងលេខទូរសព្ទ ០៨៦ ៩៥៩ ៦៦៦/ ០៨៥ ៩៥ ៧៧៧៧ / ០៦៦ ៩៥៩ ៦៦៦ សម្រាប់ព័ត៌មានលម្អិត៕
Tag:
ក្រសួងអប់រំ
ស្ម័គ្រចិត្ត
ក្លិបសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com