ជាតិ
មួយឆ្នាំ​២០១៧ ពលករ​ខ្មែរ​ដែល​រងគ្រោះ​នៅ​បរទេស​ជិត ១​ពាន់​នាក់ ត្រូវបាន​ជួយ​ឲ្យ​មក​កម្ពុជា​វិញ​
21, Jan 2018 , 6:00 pm        
រូបភាព
រូបថត-Xinhua
រូបថត-Xinhua
ដោយ:
​​ក្នុង​ឆ្នាំ​២០១៧ ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន ៩៨៦​នាក់ ដែល​រងគ្រោះ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជួយសង្គ្រោះ និង​រៀបចំ​បញ្ជូនមក​កម្ពុជា​វិញ​។

​ពលករ​-​ពល​ការិនី​ទាំង​៩៨៦​នាក់​នោះ ត្រូវបាន​ត្រូវបាន​ក្រសួង និង​ស្ថានទូត​ខ្មែរ ធ្វើ​អន្តរាគមន៍​ពី​ប្រទេស​ចំនួន​៩ ក្នុងនោះ រួមមាន ម៉ាឡេស៊ី ៣៨២​នាក់​, វៀតណាម ១៧១​នាក់​, ថៃ ២៨៨​នាក់​, ឥណ្ឌូនេស៊ី ២៣ នាក់​, ចិន ៥៣​នាក់​, ជប៉ុន ១២​នាក់ , សិង្ហ​បុរី ៥​នាក់​, ឡាវ ៤៩​នាក់​, មី​យ៉ាន់​ម៉ា ៣​នាក់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ក្រសួងការបរទេស ផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមករា​។​
 
​ពលករ​-​ពល​ការិនី​ខ្មែរ​ខាងលើ បាន​រងគ្រោះ​នៅតាម​ប្រទេស​នានា ក្នុង​ទម្រង់​ផ្សេងៗ​គ្នា​។ ទម្រង់​នៃ​ការរង​គ្រោះ​ទាំងនោះ រួមមាន ការបំពាន​ពី​និយោជក​, ការរង​គ្រោះ​ក្នុង​អំពើ​ជួញដូរ​កម្លាំង​ពលកម្ម ទៅធ្វើជា​កម្មករ​លើ​ទូក​នេសាទ​, ការរង​គ្រោះ​ដោយ​ការបោក​បញ្ឆោត​យកទៅ​រៀបការ​ជាមួយ​ជនបរទេស​, និង​ការលំបាក​ក្នុង​ការងារ តាម​ហាង និង​តាម​ផ្ទះ ជាដើម​។ ក្រៅពីនេះ ពលករ​-​ពល​ការិនី​ខ្មែរ​ខ្លះទៀត ក៏បាន​ជួប​ការលំបាក ដោយសារតែ​ទៅ​រស់នៅ និង​ធ្វើការ​នៅក្រៅ​ប្រទេស ដោយ​ខុសច្បាប់​។​
 
​ចំពោះ​នៅ​ប្រទេស​កូរ៉េ​វិញ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីនោះ បាន​ជួយ​ទាមទារ​ប្រាក់​ធានារ៉ាប់រង ជូន​ពលករ​-​ពល​ការិនី ដែល​រងរបួស ឬ​បាត់​បាត់​ជីវិត ដោយសារ​គ្រោះថ្នាក់​ការងារ​។ ក្នុងនោះដែរ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ បាន​ដោះស្រាយ​ការរំលោភបំពាន​ផ្សេងៗ ពី​សំណាក់​និយោជក មកលើ​ពលករ​ខ្មែរ​។​
 
​ជុំវិញ​បញ្ហា​ចំណាកស្រុក​របស់​ពលក​រ​នេះ កន្លងមក​ក្រសួងការបរទេស និង​សហប្រតិបត្តិការ បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ជាពិសេស​ស្ត្រី​ដែល​ងាយ​រងគ្រោះ គួរ​ស្វែងរក​ការងារ​ដែលមាន​ស្រាប់​ក្នុងស្រុក ជាជាង​ការ​ចំណាកស្រុក​ទៅ​នៅ​ប្រទេសក្រៅ ដែល​ជាការ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ និង​អាច​ជួប​គ្រោះ​ដោយ​ការចាញ់បោក​មេខ្យល់ ឬ​ក្រុមហ៊ុន​ជាដើម​។​
 
​សូម​រម្លឹកថា នៅ​ឆ្នាំ​២០១៦ ពលករ​ខ្មែរ ៨១៦​នាក់ ដែល​រងគ្រោះ​នៅតាម​ប្រទេស​នានា ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ជួយសង្គ្រោះ និង​នាំមក​កម្ពុជា​វិញ​។ បើ​ប្រៀបធៀប នឹង​ឆ្នាំ​ឆ្នាំ​២០១៦ ពលករ​-​ពល​ការិនី​ខ្មែរ រងគ្រោះ បាន​កើនឡើង ១៧០​នាក់ ក្នុង​ឆ្នាំ​២០១៧ ៕

Tag:
 ពលករ​ខ្មែរ​
 ​ក្រសួងការបរទេស​ក​ម្ពុ​ជា
© រក្សាសិទ្ធិដោយ thmeythmey.com