កីឡាជាតិ
បាល់ទះ​អង្គុយ​កម្ពុជា​បាន​សិទ្ធ​ចូលរួម​ប្រកួត​ជម្រុះ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឡើងវិញ​ក្រោយ​អវត្តមាន​១៧​ឆ្នាំ​
20, Jan 2018 , 11:36 am        
រូបភាព
ដោយ:
​ក្រុម​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា​នឹងចូលរួម​ប្រកួត​វគ្គ​ជម្រុះ World Championship Qualifies ដើម្បី​ចម្រាញ់​រក​ក្រុម​ខ្លាំង​ទៅ​ចូលរួម​ការប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​(Paralympic)​ឆ្នាំ​២០២០ នៅ​ទី​ក្រុម​តូ​ក្យូ​ប្រទេស​ជប៉ុន​។ តាំងពី​បង្កើត​នៅ​ឆ្នាំ​១៩៩៧​នេះ​ជា​លើក​ទី​១​ដែល​កម្ពុជា​ទទួលបាន​សិទ្ធ​ពេញលេញ​សម្រាប់​ការចូលរួម​ប្រកួត​វគ្គ​ជម្រុះ​នេះ​។ ប៉ុន្តែ​កម្ពុជា​ធ្លាប់​ចូលរួម​ប្រកួត​កម្រិត​ពិភពលោក​ម្តង​កាលពី​ឆ្នាំ​២០០០​តាមរយៈ​សិទ្ធិ​អនុគ្រោះ​។ 
 
​ក្រោយ​ខកខាន​បង្ហាញខ្លួន​នៅលើ​ឆាក​អន្តរជាតិ​អស់​រយៈពេល​១៧​ឆ្នាំ​ពោលគឺ​តាំងពី​ឆ្នាំ​២០០០ ក្រុម​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា​នឹង​បង្ហាញខ្លួន​សារជាថ្មី​ក្នុង​ព្រឹត្តិការណ៍ World Championship Qualifies (Men) នា​ខែមីនា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ព្រឹត្តិការណ៍​នេះ​ជាការ​ប្រកួត​ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​សម្រាប់​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​២០២០​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។ 


 
​បើ​យោងតាម​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ការប្រកួត​ខាងលើ​ធ្វើឡើង​ពីរ​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី​១​ចាប់ពី​ថ្ងៃទី​២៧ ខែមីនា ដល់​ថ្ងៃទី​១ ខែមេសា នៅ​ប្រទេស​កូរ៉េខាងត្បូង​។ ដំណាក់​នេះ​មាន​១១​ក្រុម​ចូលរួម​រួមមាន​កម្ពុជា ថៃ កូរ៉េខាងត្បូង អ៊ីតាលី កូ​ឡុំ​ប៊ី ក្រូ​អាស៊ី កាណាដា ម៉ុង​ហ្គោ​លី អា​ស៊ែ​បៃ​ហ្ស​ង់ ឡេ​តូ​នី និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​។​


 
​ក្នុងចំណោម​ក្រុម​ទាំងនេះ​ត្រូវ​ចម្រាញ់​យក​៦​ក្រុម​ឡើងទៅ​ជួប​ក្រុម​រង់ចាំ​ក្នុងដំណាក់កាល​ទី​២​នា​ខែកក្កដា ឆ្នាំ​២០១៨ នៅ​ប្រទេស​ហូ​ឡង់ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​២០២០ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ អគ្គលេខាធិការ​រូបនេះ​បាន​បញ្ជាក់ថា ការទទួលបាន​សិទ្ធ​ចូលរួម​ជាថ្មី​នេះ​បន្ទាប់ពី​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ​ទទួលស្គាល់​កម្ពុជា​ជា​សមាជិក​ឡើងវិញ​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​។    
 


«​ក្នុងចំណោម​១១​ប្រទេស​បើ​យើង​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពីពេល​កន្លង​ទៅ​យើង​មាន​យកឈ្នះ​ថៃ​រហូត​ពីរ​ប្រកួត​។ ខ្ញុំ​អាច​វាយតម្លៃ​បាន​ថា​កម្ពុជា​សិ្ថ​ត​ក្នុង​លេខ​១០​រួចទៅហើយ​។ ដូច្នេះ​យើង​ត្រូវការ​ជម្រុះ​តែ​៤​ក្រុម​ទៀត​ប៉ុណ្ណោះ​នឹង​អាច​ឡើងទៅ​ប្រកួត​នៅ​ដំណាក់កាល​ចុងក្រោយ​នៅ​ប្រទេស​ហូ​ឡង់​»​។ នេះ​ជា​វាយតម្លៃ​របស់ លោក យី វាសនា សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​២០២០​។ 
 


​ក្រុមកីឡា​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៧​។ ហើយ​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​លើកដំបូង​នៅ​ឆ្នាំ​១៩៩៩​។ នៅ​ឆ្នាំ​២០០០ កម្ពុជា ទទួលបាន​សិទ្ធ​អនុគ្រោះ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​នៅ​ទីក្រុង​ស៊ីតនី​ប្រទេស​អូស្ត្រាលី​។ ចាប់តាំងពី​ពេលនោះ​មក ក្រុម​បាល់ទះ​អង្គុយ​កម្ពុជា​ហាក់​គ្មាន​សកម្មភាព​អ្វី​នោះឡើយ ស្ទើរ​ត្រូវ​គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ​ព្យួរ​សមាជិកភាព​។ នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ គណៈកម្មាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​អន្តរជាតិ​បាន​ស្គាល់​កម្ពុជា​ជា​សមាជិក​ឡើងវិញ​បន្ទាប់ពី​មានការ​អន្តរា​គម​ពី​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​៕   

Tag:
 បាល់ទះ​អង្គុយ​ជនពិការ​
  យី វាសនា​
  Paralympic 2020
© រក្សាសិទ្ធិដោយ thmeythmey.com