ជាតិ
សត្វទោចម្កុដគូទី៣ ត្រូវបានព្រលែងក្នុងព្រៃនៃឧទ្យានអង្គរ
20, Jan 2018 , 7:30 pm        
រូបភាព

សៀមរាប៖ សត្វទោចម្កុដ ដែលជាប្រភេទសត្វព្រៃកម្រនៅកម្ពុជា ត្រូវបាននាំយកមកព្រលែងក្នុងព្រៃ នៃឧទ្យានអង្គរ។ នេះជាលើកទី៣ហើយ​ ដែលអាជ្ញាធរអប្សរា រួមនិងអង្គការដៃគូ យកមកព្រលែង ក្នុងបំណងស្ដារឡើងវិញ នៃសត្វព្រៃក្នុងឧទ្យានអង្គរ។


 

សត្វទោចមួយគូ រួមនឹងកូនមួយក្បាល​ដែលទើបនឹងកើត​ ត្រូវបានព្រលែងក្នុងព្រៃ នៅខ្លោងទ្វារតាកែវ ស្ថិតនៅ​ខាងលិច​ប្រាសាទបាយ័ន។ នេះជាលើកទី៣ហើយ ដែលគម្រោងស្ដារប្រភេទសត្វព្រៃ បានព្រលែងក្នុងព្រៃនៃឧទ្យានអង្គរ ដើម្បីបង្កើតវត្តមានប្រភេទសត្វព្រៃ ដែលធ្លាប់មាននៅក្នុងតំបន់អង្គរកន្លងមក។


 

លោក រ័ត្ន ប៊ុនធឿន ប្រធានមជ្ឍមណ្ឌលស្រាវជ្រាវសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ បានថ្លែងក្នុងពិធីព្រលែង ​នៅព្រឹកថ្ងៃទី១៧ ខែមករាថា តាមការសិក្សានាពេលកន្លងមករបស់លោក បានរកឃើញថា ព្រៃក្នុងឧទ្យានអង្គរ ធ្លាប់មានប្រភេទសត្វទោចរស់នៅ ប៉ុន្តែពួកវាត្រូវបានផុតពូជអស់ នៅអំឡុងសង្រ្គាមស៊ីវិលនាទសវត្ស៨០។ លោកបន្ថែមថា ព្រៃឧទ្យានអង្គរ មានសក្កានុពល ឬភាពអំណោយផលច្រើន សម្រាប់ប្រភេទសត្វព្រៃ ដូចជាសត្វទោចជាដើម ហើយចំណីរបស់វា មានស្លឹកឈើ ផ្លៃឈើ និងប្រភេទសត្វល្អិតផ្សេងៗ។



 លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរ​អប្សរា បានឱ្យដឹងថា បច្ចុប្បន្នព្រៃឧទ្យានអង្គរ មានសត្វទោចចំនួន១០ក្បាលហើយ។ ចំណែកទោចដែលបានព្រលែងនេះ គឺជាគូទី៣​ ក្រោយទោច២គូទៀត បានព្រលែងនៅទីតាំងផ្សេងគ្នា ក្នុងព្រៃឧទ្យានអង្គរ។ លោក សូវ៉ាត បន្ថែថា ទោចដែលព្រលែងនៅខ្លោងទ្វារតាកែវនេះ មានចំនួន៣ គឺមេមួយ ឈ្មោលមួយ និងកូនមួយ ដែលកូនទើបនឹងកើកក្នុងទ្រុង ពេលដែលក្រុមការងារ យកវាមកផ្សុំាជិតមួយឆ្នាំ មុន​ព្រលែងនេះ។



 លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានឱ្យដឹងដែរថា សត្វទោចដែលយកមកព្រលែងនៅពេលនេះ គឺនាំយកពីសួនសត្វតាម៉ៅ​ហើយការព្រលែងនេះ ធ្វើឡើងបន្ទាប់ពីជោគជ័យក្នុងការព្រលែង ក្នុងព្រៃឧទ្យានអង្គរនាពេលកន្លងមក។ លោក ម៉ាក ក៏បានអរគុណដល់អាជ្ញាធរអប្សរា ដែលជានិច្ចកាល តែសហការល្អ ក្នុងគម្រោងស្ដារសត្វព្រៃនេះ ហើយលោកនឹងរីករាយ ចំពោះការព្រលែងប្រភេទសត្វព្រៃផ្សេងទៀតនាពេលអនាគត។

ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក និក ម៉ាក បានពន្យល់ថា សត្វទោចជាប្រភេទសត្វព្រៃចូលចិត្តរស់នៅដាច់ឆ្ងាយពីគេឯង ហើយវាអាចរស់នៅចន្លោះពីគ្នាប្រវែង២០ហិកតា ក្នុងមួយគូៗ។ សត្វទោច ចាប់     ផ្តើមមានកូននៅអាយុ ៥ឆ្នាំ ហើយវានឹងមានកូនម្តងទៀត ក្រោយកូនបងមានអាយុពី៣ឆ្នាំឡើងទៅ។



 គួររម្លឹកថា អាជ្ញាធរអប្សរា បានព្រលែងទោចម្កុដគូដំបូង នៅតំបន់ប្រាសាទតានៃ នាខែមិថុនា ឆ្នាំ២០១៣ និងមួយគូទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅខ្លោងទ្វារខ្មោចខាងកើតប្រាសាទបាយ័ន ដែលបង្កើតបានកូនមួយ កាលពីថ្ងៃទី២៩ ខែមិថុនា២០១៦។ ចំណែកទោចម្កុដមួយគូ នៅម្តុំប្រាសាទតានៃ បានបង្កើតកូនចំនួនពីរលើក គឺកូនទីមួយជាកូនញី នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ និងកូនទី២ កើតនៅថ្ងៃទី ​៧ ខែកក្កដា ឆ្នាំ២០១៧។ ចំណែកគូទី២ នៅខ្លោងទ្វាប្រាសាទ ក៏បានបង្កើតកូនមួយក្បាលផងដែរ។ សរុបទាំងអស់ សព្វថ្ងៃនៅក្នុងព្រៃឧទ្យានអង្គរមានសត្វទោចចំនួន ១០ក្បាលហើយ៕


Tag:
 ទោច
  ខ្លោងទ្វារតាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com