កីឡាអន្តរជាតិ
កូរ៉េខាងត្បូង និង​ខាងជើង គ្រោង​ប្រើ​ទង់​តែមួយ​ថ្ងៃ​បើក​​ព្រឹត្តិការណ៍​អូឡាំពិក​
20, Jan 2018 , 8:00 pm        
រូបភាព
កូរ៉េខាងជើង និងកូរ៉េខាងត្បូងពេលប្រើទង់តែមួយនាពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ២០០០ នាទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី
កូរ៉េខាងជើង និងកូរ៉េខាងត្បូងពេលប្រើទង់តែមួយនាពិធីបើកការប្រកួតកីឡាអូឡាំពិកឆ្នាំ២០០០ នាទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី
​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​នឹង​ហែ​ក្បួន​រួមគ្នា​នៅក្រោម​ទង់ជាតិ​ឧបទ្វីប​កូរ៉េ​តែមួយ​ដែលមាន​ពណ៌​ខៀវ និង​ពណ៌​ស​នៅ​ថ្ងៃ​បើកឆាក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នាទី​ក្រុង​ព្យុង​ឆាង (Pyeongchang) ប្រទេស​កូរ៉េខាងត្បូង​ខែក្រោយ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី ១៨ ខែមករា​នេះ​។​



​ទង់​ដែលមាន​និមិត្តសញ្ញា​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​កក់ក្តៅ​រវាង​កូរ៉េ​ទាំងពីរ ត្រូវបាន​ភាគី​កូរ៉េខាងត្បូង​ស្នើ​ឲ្យ​អត្ត​ព​លិ​ក​ទាំងសងខាង​ប្រើប្រាស់​រួមគ្នា​តែមួយ​នា​ពិធី​ដង្ហែ​ក្បួន​ក្នុង​កម្ម​វី​ធី​បើកកម្មវិធី​កីឡា​អូឡាំពិក​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​។​



​ប្រទេស​ទាំងពីរ​ក៏​សង្ឃឹមថា​ពួកគេ​នឹង​ទទួលបាន​ការគាំទ្រ​ដូច​កាលពី​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០០០ នៅពេល​កូរ៉េ​ទាំងពីរ​ទទួលបាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី​បន្ទាប់ពី​ដើរ​ហែ​ក្បួន​ក្រោម​ទង់​រួមគ្នា​ជា​លើកដំបូង​។​
 
«​ទង់​បង្រួបបង្រួម​កូរ៉េ​ទាំងពីរ​» មាន​ពណ៌​ខៀវ​នៅ​ពីលើ​ផ្ទៃ​ពណ៌​ស​ជា​និមិត្តសញ្ញា​បង្រួបបង្រួម​នៃ​ឧបទ្វីប​កូរ៉េ ដែល​បង្ហាញ​ពី​ប្រភពដើម​របស់ខ្លួន​នៅ​ឆ្នាំ ១៩៨៩ នៅពេល​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​យល់ព្រម​ប្រើ​ទង់​ថ្មី​មួយ​សម្រាប់​ក្រុម​រួមគ្នា​ក្នុងការ​ប្រកួត​កីឡា​អាស៊ី​ឆ្នាំ​១៩៩០​។​
 
​ផែនការ​សម្រាប់​ក្រុមការងារ​រួមគ្នា​រវាង​កូរ៉េ​ទាំងពីរ​ក្នុង​ព្រឹត្តិការ​អូឡាំពិក​នាទី​ក្រុង​ព្យុង​ឆាង កើតឡើង​ក្រោយពេល​មាន​ជំនួប​ចរចា​លើកទីមួយ​រវាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បានធ្វើ​ឡើង​ដោយ​រលូន និង​សម្រេចបាន​លទ្ធផល​វិជ្ជមាន​ជាច្រើន​។ ប្រតិភូ​កូរ៉េខាងត្បូង​ដឹកនាំ​រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េ Cho Myoung-gyon និង​តំណាង​កូរ៉េខាងជើង​ដឹកនាំ​លោក Ri Son Gwon បាន​ផ្លាស់ប្ដូរ​សំណើ​គ្នា​ទៅវិញទៅមក​ក្នុងការ​ចរចា​ដ៏​ក្រម ដែល​ធ្វើឡើង​នៅ​អាគារ​សន្តិភាព​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​នៅឯ​តំបន់​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។​
 
​ក្នុងជំនួប​នោះដែរ តំណាង​កូរ៉េខាងជើង​ក៏បាន​ស្នើ​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​តាមរយៈ​ការជជែក និង​ការចរចា​ដើម្បី​សន្តិភាព និង​ការរួបរួម​ទៀតផង​។ ការបន្ទន់​ជំហរ​របស់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង ជា​ជំហាន​ទៅមុខ​ល្អ​មួយ​សម្រាប់​ការកាត់បន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​ឈានដល់​ការចរចា​រឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជា​ចំណុច​ស្នូល​នៃ​ជម្លោះ​រាប់សិប​ឆ្នាំ​មកនេះ និង​ការប្រឈមមុខ​យោធា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ផងដែរ​៕

Tag:
 កីឡា​អូឡាំពិក​
  ឧបទ្វីប​កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com