ជាតិ
រដ្ឋមន្ត្រី​ហាម​បុគ្គលិក​អប់រំ ជាពិសេស​គ្រូបង្រៀន «​មូរដៃអាវ​» ពេល​បំពេញការងារ​
20, Jan 2018 , 9:30 pm        
រូបភាព
ដោយ: រួបរួម

​ពង្រឹង​ការ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ពេល​បំពេញការងារ​។ នេះ​ជាការ​ក្រើនរំលឹក​មួយ​របស់លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ទៅកាន់​បុគ្គលិក​អប់រំ ជាពិសេស​គ្រូបង្រៀន​។ ផ្នែក​មួយ​នៃ​ការ​ស្លៀកពាក់​ដែល​រដ្ឋមន្ត្រី​កំណែទម្រង់ ទើសភ្នែក​នោះ  គឺ​ការ «​មូរដៃអាវ​»​

 
 
​តាមរយៈ​លិខិត​មួយ​ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ លោក ហង់ ជួន ណា​រ៉ុ​ន បាន​សរសេរ​ប្រាប់​ទៅ​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត ស្តីពី​ការពង្រឹង​វិន័យ និង​ការអនុវត្ត​របស់​បុគ្គ​លិ​ក​អប់រំ​។ លោក​រដ្ឋមន្ត្រី បាន​មើលឃើញ​ភាព​អសកម្ម​មួយចំនួន​របស់​មន្ត្រីក្រោមឱវាទ​ខ្លួន ដូចជា​ការមិន​គោរព​ម៉ោង​ការងារ និង ការ​ស្លៀកពាក់​មិន​សមរម្យ​។​
 
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ឲ្យ​បុគ្គលិក​អប់រំ​គោរព​ម៉ោង​បង្រៀន​សិស្ស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ស្របតាម​គោលនយោបាយ​លើកកម្ពស់​គុណភាព​អប់រំ​របស់​រដ្ឋាភិបាល​។ នេះ​បើតាម​លិខិត​របស់​ក្រសួង​អប់រំ ដែល​ប្រាប់​ឲ្យ​ប្រធាន​អប់រំ រាជធានី​-​ខេត្ត ពង្រឹង​វិន័យ និង​ការគ្រប់គ្រង​នៅ​គ្រឹះស្ថានសិក្សា​សាធារណៈ​។​
 
​ដើម្បី​ពង្រឹង​វិន័យ និង​ការអនុវត្ត​កាតា​ព្វ​កិច្ច​អប់រំ​ឲ្យ​បាន​ប្រសើរ លោក ហង់ ជួន ណា​រ៉ុ​ន បាន​តម្រូវ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរ​អនុវត្តតាម​វិធានការ​៣​ចំណុច ដែល​ក្នុងនោះ​មានការ​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​វត្តមាន ការអនុវត្ត​វិន័យ​រដ្ឋបាល​ចំពោះ​បុគ្គលិក​ចូល​បង្រៀន​យឺត ហើយ​ចេញ​មុន​ម៉ោង​កំណត់ និង​អ្នក​ដែល​យក​ម៉ោង​ការងារ​លាយឡំ​ការងារ​ផ្សេងៗ​។​
 
​ចំណុច​ចុងក្រោយ​ដែល បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន បាន​មើលឃើញ​ពី​ភាពជា​គំរូ​ដែរនោះ គឺ​ការ​ស្លៀកពាក់​។  អ្នកបង្កើត​ទ្រឹស្តី​អប់រំ «​អ្នកចេះ​គឺជា​ប់​» រូបនេះ បាន​ណែនាំ​ឲ្យ​បុគ្គលិក​អប់រំ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ពោលគឺ​ហាម​មូរដៃអាវ ក្នុងពេល​បំពេញការងារ​៕

Tag:
 អប់រំ​
  ហង់ ជួន ណា​រ៉ុ​ន​
  គ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com