ជាតិ
បង់ ១៥​ដុល្លារ ពេល​ភ្ញៀវ​ឃើញ​សត្វ​កម្រ​មួយ​ប្រភេទ ក្នុង​តំបន់​អេកូ​ទេសចរណ៍​អណ្ដូង​ក្រឡឹង​
21, Jan 2018 , 9:30 am        
រូបភាព
រូបពីអង្គការ WCS
រូបពីអង្គការ WCS
ដោយ:
​មណ្ឌលគិរី​៖ ពពួកសត្វ​កម្រ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ​អន្តរជាតិ ឲ្យ​មក​ទស្សនា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​អណ្ដូង​ក្រឡឹង ក្នុង​ខេត្តមណ្ឌលគិរី​។​--
 
​បន្ថែម​លើ​ថ្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​ថ្លៃ​សេវាកម្ម​ផ្សេងៗ​ទៀត ភ្ញៀវទេសចរ ត្រូវ​បង់ប្រាក់​លើ​ការមើលឃើញ​សត្វ​កម្រ​ក្នុង​តំបន់​អេកូ​ទេសចរណ៍​អណ្ដូង​ក្រឡឹង​។ សត្វ​កម្រ​៤​ប្រភេទ ដែល ភ្ញៀវ​និយម​បង់ថ្លៃ​ទស្សនា មានដូចជា ទោច​ថ្ពាល់​លឿង ស្វា​កន្ទុយ​ស ប៉ាក់​ខ្ទៀ​វ​ពោះ​បង្កង់ និង​មាន់ទោ​ពណ៌​ប្រាក់​។​ 



​បើតាម​លោក ណា​ច ណ​ប់ អ្នកសម្របសម្រួល​នៅក្នុង​តំបន់​អេកូ​ទេសចរណ៍​អណ្ដូង​ក្រឡឹង អ្នក​ទេសចរណ៍​មក​កម្សាន្ត​នៅ​តំបន់​នេះ ព្រោះ​ចង់ឃើញ​ពពួកសត្វ​កម្រ​។ លោក​បន្ថែមថា ភ្ញៀវ​បានកំណត់​ប្រភេទ​សត្វ​កម្រ ដែល​ខ្លួន​ចង់​ទស្សនា រួច​ត្រូវ​បង់ថ្លៃ ១៥​ដុល្លារ បើ​ឃើញ​សត្វ​នោះ​។​
 


​ប៉ុន្តែ​នេះ​មិនមែន​ជាការ​ទស្សនា​សត្វព្រៃ​ក្នុង​ទ្រុង​នោះទេ​។ ទេសចរ​មក​តំបន់​នេះ ត្រូវ​ដើរ​ព្រៃ​ជាមួយ​អ្នក​នាំ​ផ្លូវ ដើម្បី​ស្វែងរក​សត្វ​ផ្សេងៗ ក៏ដូចជា​ទស្សនា​ទេសភាព​ក្នុង​តំបន់​ទាំងមូល​។​
​ជា​ទេសចរ​មកពី​ប្រទេស​អង់គ្លេស លោកស្រី ឡឺ វ៉ា​ន់តា ដែល​បានមក​កម្សាន្ត​តំបន់​នេះ​ជាមួយ​ស្វាមី បានបង្ហាញ​ការពេញចិត្ត​នឹង​ការ​មក​ទស្សនា​តំបន់​អេកូ​ធម្មជាតិ​មួយ​នេះ​។ លោកស្រី​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​ពិតជា​រំភើប​ដែល​បានមក​កាន់​ទីកន្លែង​ដ៏​ស្រស់ស្អាត​មួយ​នេះ ជាពិសេស​ខ្ញុំ​បានឃើញ​សត្វ​ស្វា​កន្ទុយ​ស ដែលជា​សត្វ​កម្រ​មួយ​»​។ លោកស្រី​បន្ថែមថា កម្ពុជា​សម្បូរ​សត្វ​ស្លាប និង​ថនិកសត្វ​ផ្សេងៗ ដែល​លោកស្រី​ចង់ឃើញ និង​ស្វែងយល់​ពីស​ត្វ​ទាំងនោះ​។​


 
​អេកូ​ទេសចរណ៍​អណ្ដូង​ក្រឡឹង ត្រូវបាន​រៀបចំឡើង​តាំងពី​ឆ្នាំ​២០១២ ដែល​គ្រប់គ្រង​ដោយ​សហគមន៍​នៅ​ទីនោះ ដោយ​មានការ​សម្រប​ម្រួ​ល និង​ផ្ដល់​បច្ចេកទេស​ពី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ។ តំបន់​ទេសចរណ៍​មួយ​នេះ ស្ថិតក្នុង​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី លើ​ផ្ទៃដី​ជាង ១៤០០​ហិកតា ដែលជា​ទីតាំង​ទេសចរណ៍​សក្ដានុពល​មួយ​របស់​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ មិន​មែនមាន​ត្រឹមតែ​សត្វ​កម្រ តំបន់​អេកូ​ទេសចរណ៍​នេះ​មាន​សត្វព្រៃ​ជាង ៣០០​ប្រភេទ​ឯណោះ​។​


 
​ក្នុង​ឆ្នាំ​២០១៧ អេកូ​ទេសចរណ៍​អណ្ដូង​ក្រឡឹង​ទទួលបាន​ភ្ញៀវទេសចរ ២៥០​នាក់ ធៀប​នឹង ១៨៥​នាក់ កាលពី​ឆ្នាំ​២០១៦ ។ កម្រៃ​ពី​ការមើល​សត្វ​កម្រ​សរុប​មាន​ចំនួន​ជាង ៣០០០​ដុល្លារ និង​ជាង ៦០០០​ដុល្លារ​ផ្សេងទៀត​ជាការ​ចំណាយ​របស់​ភ្ញៀវ​លើ​សេវាកម្ម​ផ្សេងៗ​។ លោក តាន់ សេដ្ឋា ទីប្រឹក្សា​អង្គការ WCS Cambodia ឲ្យ​ដឹងថា ថវិកា​ទាំងនេះ បានផ្ដល់​ចំណូល​ដល់​គ្រួសារ​សហគមន៍​បាន​មួយចំនួន ខណៈ​ថវិកា​មួយផ្នែក​ត្រូវ​យកទៅ​អភិវឌ្ឍន៍​សហគមន៍ និង​អភិរក្ស​សត្វព្រៃ ព្រៃឈើ ក្នុង​តំបន់​នោះ​។​


 
​ដែនជម្រកសត្វព្រៃ​កែវ​សីមា មាន​តំបន់​អេកូ​ធម្មជាតិ​ដល់​ទៅ ១៤​កន្លែង ប៉ុន្តែ​ទើបតែ​រៀបចំ​បាន​មួយកន្លែង​នៅ​អណ្ដូង​ក្រឡឹង​។ នេះ​បើតាម​លោក តាន់ សេដ្ឋា ដែល​បាន​ជំរុញ​ឲ្យ​ស្ថាប័នរដ្ឋ​គិតគូរ​រៀបចំ​តំបន់​អេកូ​ទេសចរណ៍​ដែល​នៅ​សេសសល់​ទាំងនោះ​។ លោក​អះអាងថា ការបង្កើត​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​សហគមន៍ និង​ការងារ​អភិរក្ស​សត្វ និង​ព្រៃឈើ ព្រមទាំង​វិស័យ​ទេសចរណ៍​របស់​ខេត្ត​៕ 
 

 

Tag:
 អណ្ដូង​ក្រឡឹង​
  អេកូ​ទេសចរណ៍​
  មណ្ឌលគិរី​
  កែវ​សីមា​
© រក្សាសិទ្ធិដោយ thmeythmey.com