អន្តរជាតិ
អគ្គលេខាធិការ​អាស៊ាន​ថ្មី ជួប​លោក លី សៀន​ឡុង​ពិភាក្សា​ពី​តួនាទី​សិង្ហ​បុរី​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​
21, Jan 2018 , 6:30 pm        
រូបភាព
ដោយ:
​អគ្គលេខាធិការ​អាស៊ាន​ទើប​កាន់តំណែង បាន​ជួបពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី ពាក់ព័ន្ធ​ការងារ​ជា​ប្រធាន​អាស៊ាន​វិលជុំ ដែល​ត្រូវ​ដឹកនាំ​ដោយ​សិង្ហ​បុរី ។ នេះ​គឺ​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​លើកដំបូង​ហើយ​សម្រាប់​អគ្គលេខាធិការ​ថ្មី​រូបនេះ ក្រោយ​ត្រូវបានតែងតាំង​សម្រាប់​អាណត្តិ​រយៈពេល​ប្រាំ​ឆ្នាំ ។

 
​អគ្គលេខាធិការ​អាស៊ាន Lim Jock Hoi នៅ​ថ្ងៃ ១៦ កន្លងទៅ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​សិង្ហ​បុរី និង​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី លី សៀង​ឡុង ដើម្បី​ពិគ្រោះ​យោបល់​ពី​របៀបវារៈ​សំខាន់ នៅពេលដែល​សិង្ហ​បុរី ធ្វើជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៨​នេះ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​ផ្លូវការ​អាស៊ាន ។ 
 
​បើជា​របៀបវារៈ​សំខាន់​នៃ​ជំនួប​នេះ មិនត្រូវ​បានបង្ហាញ​ក៏ដោយ ប្រភពព័ត៌មាន​ដដែល​នោះបាន​បញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី លី បាន​ប្តេជ្ញា​ជាថ្មី​ក្នុងការ​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន​ប្រកបដោយ​ផ្លូវការ ក៏ដូចជា ជ្រោមជ្រែង​ចំពោះ​ការបំពេញ​ការ​របស់​អគ្គ​លេខាធិការដ្ឋាន ដែលជា​សេនាធិការ​ដ៏​សំខាន់​សម្រាប់​អាស៊ាន ។ លោក​អគ្គលេខាធិការ ក៏បាន​អះអាង​វិញ​ដែរ​ថា លោក​បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​បំពេញ​ការ​ថ្មី​របស់លោក​មួយ​នេះ ។ 
 
​សូម​ជម្រាប​ផងដែរ​ថា សម្រាប់​ឆ្នាំ​២០១៨​នេះ សិង្ហ​បុរី ត្រូវបំពេញ​តួនាទី​ជា​ប្រធាន​វិលជុំ​របស់​អាស៊ាន បន្ទាប់ពី​ហ្វីលីពីន ។ ជា​ប្រធាន​វិលជុំ​អាស៊ាន សិង្ហ​បុរី ត្រូវ​ទទួលខុសត្រូវ​ច្រើន ដោយ​មិន​ត្រឹមតែ​លើ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​របស់​អា​ស៊ាន​ប៉ុណ្ណោះ​នោះទេ តែ​ក៏ត្រូវ​បង្ហាញ​ពី​ភាព​ដឹកនាំ​អាស៊ាន​ជាមួយនឹង​ដៃគូ និង​ចេញមុខ​ដោះស្រាយ​បញ្ហា​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​អាស៊ាន​ផងដែរ ។ 
 
​គួរកត់សម្គាល់​ដែរនោះ ការ​កាន់តំណែង​ប្រធាន​វិលជុំ​អាស៊ាន​របស់​សិង្ហ​បុរី ក៏​ចំ​ពេលដែល អាស៊ាន​ផ្លាស់ប្តូរ​អគ្គលេខាធិការ​ថ្មី គឺ លោក Lim Jock Hoi ។ លោក Lim Jock Hoi ត្រូវ​កាន់តំណែង​មួយ​អាណត្តិ​ដែលមាន​រយៈពេល​ប្រាំ​ឆ្នាំ បន្ទាប់ពី​អតីត​អគ្គលេខាធិកា Le Luong Minh ដែល​បានបញ្ចប់​អាណត្តិ​ហើយ​នោះ ៕ 

Tag:
 ​សិង្ហ​បុរី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com