ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្ត​បាត់ដំបង សុំ​អន្តរាគមន៍​ពី​ក្រសួងកសិកម្ម​ដើម្បី​យក​ដំរី​បែក​ហ្វូង​ចេញពី​ភូមិ​
20, Jan 2018 , 4:31 pm        
រូបភាព
ដោយ:
​សត្វ​ដំរី​មួយ​ក្បាល​បែក​ហ្វូង បាន​ចូល​បំផ្លាញ​កសិកម្ម និង​បង្ក​របួសស្នាម​ដល់​ប្រជាពលរដ្ឋ ក្នុងភូមិ​ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ចាប់តាំងពី​ថ្ងៃទី​១០ ខែមករា​។ ដោយ​ខ្លាចក្រែង​ដំរី​មួយ​ក្បាល​នេះ បង្ក​អសន្តិសុខ​ថែមទៀត អភិបាល​ស្ដីទី​នៃ​ខេត្តបាត់ដំបង បានស្នើ​ដល់​ក្រសួងកសិកម្ម ឲ្យ​ចាត់​មន្ត្រី​ជំនាញ​ធ្វើយ៉ាងណា​យក​សត្វ​ដំរី​នេះ​ចេញ​។


 
​ចាប់តាំងពី​ថ្ងៃទី​១០ ខែមករា ផលដំណាំ​របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវ​រង​ការបំផ្លាញ​ពី​សត្វ​ដំរីព្រៃ​បែក​ហ្វូង​មួយ​ក្បាល ដែលមាន​ទំងន់​ប្រមាណ​៧​តោន​។ មិន​ត្រឹមតែ​ផលដំណាំ​ដែល​ត្រូវបាន​បំផ្លាញ​ទេ តែ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ក៏មាន​អ្នករងរបួស​ដោយសារ​តែ សត្វ​ដំរី​វាយប្រហារ​ផងដែរ​។​
​ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​របស់​សត្វ​ដំរី​នេះ លោក​អភិបាលខេត្ត​បាត់ដំបង​ស្ដីទី លោក ប៊ុត គឹមស៊ាន បានចេញ​លិខិតស្នើ​ដល់​ក្រសួងកសិកម្ម ឲ្យ​បញ្ជូន​មន្ត្រី​ជំនាញ​មក​នាំយក​សត្វ​ដំរី​មួយ​ក្បាល​នេះ ទៅ​ដា​ក់នៅ​កន្លែង​អភិរក្ស​ណាមួយ​ក្នុងប្រទេស​កម្ពុជា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ស្នងការ​នគរបាលជាតិ​។ 
 
​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តបាត់ដំបង លោក ពិត ភារ​ក្ស បាន​ឲ្យ​ដឹងថា លោក​កំពុង​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅ​កាន់​តំបន់​ដែល​សត្វ ដំរីព្រៃ​កំពុង​រស់នៅ ដើម្បី​សិក្សា​ទៅលើ​សត្វ​ដំរី​នេះ​ជាមុនសិន ព្រោះ​មាន​ពីរ​ចំណុច​ដែល​ត្រូវ​ពិចារណា​។​
 
​ចំណុច​ដែល​ត្រូវ​ពិចារណា​នោះ​គឺ បើ​សត្វ​ដំរី​នេះ​ជា​ភេទ​ញី នោះ​មន្ត្រី​ជំនាញ​ត្រូវ​សិក្សា​សិន​ថា តើ​វា​មាន​ផ្ទៃពោះ​ឬ​អត់​។ បើ​វា​មាន​ផ្ទៃពោះ​នោះ​ក្រុមការងារ​មិនអាច​ប្រើប្រាស់​កាំភ្លើង​បាញថ្នាំ អោយ​សន្លប់​បានទេ ព្រោះ​កូន​ក្នុង​ពោះ​នឹងត្រូវ​រលូត តែបើ​វា​មិន​រលូត​ទេ គឺ​ត្រូវស្លាប់​ទាំង​មេ​វា​និង​កូន​។ បើ​សត្វ​ដំរី​នេះ​ជា​ដំរី​ឈ្មោល គឺ​ជំនាញ​នឹង​ប្រើប្រាស់​ថ្នាំ​បាញ់​សន្លប់​ដើម្បី​នាំយកទៅ​រក្សា​នៅ ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ នៃ​ប្រទេស​កម្ពុជា​។​
 
​តាម​ការឃ្លាំមើល​ពី​កម្លាំង​សមត្ថកិច្ច​បានបញ្ជាក់​ថា កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ សត្វ​ដំរី​នេះ​បាន​ដើរ​លុកលុយ​នៅក្នុង​តំបន់​ជើងភ្នំ​ណាំ​សាប ក្នុងស្រុក​ភ្នំព្រឹក លុះ​នៅវេលា​ម៉ោង​៥ ល្ងាច​ថ្ងៃទី​១៩ គឺ​វា​បាន​ដើរ​មកដល់​ចំណុច ភ្នំ​វែង ក្នុងភូមិ​ទួល​ជ្រៃ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក រហូតដល់​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ នេះ សត្វ​ដំរី​បាន​ដើរ​មកដល់​ចំណុច​ឡាន​ក្រឡាប់ ក្នុងភូមិ​គគីរ ឃុំ​ភ្នំព្រឹក ហើយ​៕
 

Tag:
 ​សត្វ​ដំរី​
 ​ខេត្តបាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com