ជាតិ
សេដ្ឋកិច្ច
កម្ពុជា​កំពុង​ចរចា​ជាមួយ​ប្រទេស​ដទៃ ដើម្បី​ដោះស្រាយ​បញ្ហា​យកពន្ធ​ត្រួតគ្នា​
20, Jan 2018 , 11:00 pm        
រូបភាព
 ​ភ្នំពេញ​៖ កម្ពុជា​កំពុង​ចរចា​ជាមួយ​ប្រទេស​ដទៃ ដើម្បី​ដោះស្រាយ​បញ្ហា​ពន្ធ​ត្រួតគ្នា ក្នុងទិសដៅ​សម្រួល​ដល់​ការវិនិយោគ​ទៅវិញទៅមក​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ការចរចា​លើ​ពន្ធ​ត្រួតគ្នា​នេះ គឺ​ផ្ដោតលើ​ការបញ្ចៀស​មិន​ឲ្យ​យកពន្ធ​ត្រួតស៊ីគ្នា ដែល​ផ្ដល់​ការងាយស្រួល​ដល់​អ្ន​កវិន​យោគ​ទុន​ទាំងអស់​។


​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កាលពី​ថ្ងៃទី​១៧ មករា សម្ដេច ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​កំពុងតែ​ចរចា​ជាមួយ​បណ្ដា​ប្រទេស​នានា ដើម្បី​បញ្ចៀស​ការមិន​យកពន្ធ​ត្រួតគ្នា ដើម្បី​សម្រួល​ឲ្យ​អ្នកវិនិយោគ​មកកាន់​ប្រទេស​យើង ឬ​យើង​ទៅកាន់​ប្រទេស​គេ ព្រោះ​អ្នកវិនិយោគ​នៅ​កម្ពុជា​បច្ចុប្បន្ន មិន​គ្រាន់តែ​មានលទ្ធភាព​វិនិយោគ​នៅ​ប្រទេស​ខ្លួនឯង​ទេ តែមាន​លទ្ធភាព​វិនិយោគ​នៅ​ប្រទេសក្រៅ​ដូច​គេ ដូច​ឯង​ដែរ​។ ហើយ​នេះ​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​នយោបាយ​ការបរទេស​របស់​យើង ដែល​នយោបាយ​បែបនេះ វា​ស្ថិតនៅក្នុង​លក្ខខណ្ឌ​តម្រូវ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​»​។​
 
​ជុំវិញ​ការយកពន្ធ​ត្រួតគ្នា​នេះ គឺ​សំដៅ​ទៅលើ​កាត​ព្វ​របស់​អ្នកវិនិយោគ ដែល​តម្រូវ​ឲ្យ​បង់ពន្ធ​២​ដង សម្រាប់​ការងារ​រកស៊ី​របស់ខ្លួន​។ ត្រង់ចំណុច​នេះ បានន័យថា បើ​អ្នក​វិយោគ​ថៃ ដាក់ទុន​វិនិយោគ​លើ​ជំនួញ​អ្វីមួយ​នៅ​កម្ពុជា​នោះ គឺ​គេ​ត្រូវ​បង់ពន្ធ​ឲ្យ​កម្ពុជា​ផង និង​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​ថៃ​ផង​។ ដោយសារ​បញ្ហា​នេះហើយ​ទើប​រដ្ឋាភិបាល​កម្ពុជា កំពុង​ចរចារ​ជាមួយ​ប្រទេស​នានា ដើម្បី​បញ្ចៀស​ការយកពន្ធ​ត្រួតគ្នា ពោលគឺ​កំណត់​ឲ្យ​អ្នកវិនិយោគ​បង់ពន្ធ​តែមួយ​ម្ដង ហើយ​ថា​តើ​ភាគី​ណាមួយ​ត្រូវមាន​កាត​ព្វ​ប្រមូល​ពន្ធ​ពី​អ្នកវិនិយោគ ដោយ​អាស្រ័យ​លើ​ការចរចា​នៃ​កិច្ច​ព្រមព្រៀងគ្នា​វិញ​ទៅមក​។​
​កន្លងមក​កម្ពុជា ធ្លាប់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បណ្ដា​ប្រទេស​មួយចំនួន​ដូចជា ថៃ ព្រុយ​ណេ សិង្ហ​បុរី​ជាដើម ក្នុង​ការមិន​យកពន្ធ​ត្រួតគ្នា​នេះ​៕
 

Tag:
 សម្តេច ហ៊ុន សែន​
 ​ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com