ជាតិ
គម្រោង​ជួសជុល​ពិតាន​ឈើ​នៅ​រោងទង​កូរ​សមុទ្រ​ទឹកដោះ ត្រូវការ​ឈើ​គគីរ​ជាង​១០​ម៉ែត្រគូប​
21, Jan 2018 , 3:00 pm        
រូបភាព
​សៀមរាប​៖ អង្គការ​មូលនិធិ​ប្រាសាទបុរាណ​ពិភពលោក (World Monument Fund-WMF) របស់​សហរដ្ឋអាមេរិក កំពុង​រៀបចំ​ក្បាច់ចម្លាក់ ដើម្បី​ឆ្លា​ក់លើ​ពិតាន​ឈើ នៅ​រោងទង​កូរ​សមុទ្រ​ទឹកដោះ នា​ប្រាសាទអង្គរវត្ត​។ តាម​ប្រធាន​គម្រោង គម្រោង​ជួសជុល​ពិតាន​ឈើ​នេះ ត្រូវការ​ឈើ​គគីរ​ប្រមាណ​ជាង ១០​ម៉ែត្រគូប​។​


​ក្រោយពី​ប្រមូល​ឯកសារ និង​សិក្សា​ស្រាវជ្រាវ​អស់​ជាច្រើន​ឆ្នាំ​រួចមក អង្គការ​មូលនិធិ​ប្រាសាទបុរាណ​ពិភពលោក កំពុងដំណើរការ​ជួស​ជុល​ពិតាន​ឈើ ដែលមាន​ទីតាំងនៅ​រោងទង​កូរ​សមុទ្រ​ទឹកដោះ​។ ពិតាន​ឈើ​នេះ មាន​ក្បូរ​ក្បាច់ចម្លាក់​ជាច្រើន ដែល​ទាមទារ​ឲ្យ​អ្នកជំនាញ​ផ្ចិតផ្ចង់ ទាំង​ការជ្រើសរើស​ជាង និង​សាច់​ឈើ ធ្វើយ៉ាងណា​ត្រូវ​ធានាថា ការជួសជុល​ស្របទៅតាម​ទម្រង់​ដើម​។ គម្រោង​នេះ ជា​កិច្ចសហប្រតិបត្តិការ រវាង​អង្គរការ​មូលនិធិ​ប្រាសាទបុរាណ​ពិភពលោក និង​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​ត្រូវបាន​សិក្សា​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​បំផុត​។ 


 
​លោកស្រី ជាម ផល្លី អ្នកសម្របសម្រួល​អង្គ​ការ​មូលនិធិ​ប្រាសាទបុរាណ​ពិភពលោក​បាន​ឲ្យ​ដឹងថា គេ​មិនទាន់​អាច​ប៉ាន់​ស្មានថា គម្រោង​នេះ អាច​នឹង​បញ្ចប់​នៅពេលណា​ឲ្យ​ប្រាកដ​នោះទេ ព្រោះ​សព្វថ្ងៃ គម្រោង​នេះ​មាន​ជាង​ឆ្លាក់​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ទាមទារ​ឲ្យ​មានការ​បណ្តុះបណ្តាល​ជាង​ច្រើន​នាក់​ទៀត ដើម្បី        ព​ន្លឿ​ន​ក្នុង​គម្រោង​នេះ​។ តាម​ការរៀប​រាប់រប​ស់លោក​ស្រី ជាងចម្លាក់​ដែល​ឆ្លាក់​តាម​ទម្រង់​ដើម និង​ទទួលស្គាល់​ដោយ​គណៈកម្មការ​អាយ​ស៊ី​ស៊ី​-​អង្គរ មានតែ​ម្នាក់​គត់​នៅ​សាលា​វិចិត្រសិល្បៈ ហើយ​គាត់​អាច​ឆ្លាក់​ក្បាច់ បាន​ប្រមាណ​៤​ផ្កា ក្នុង​មួយខែ ដូច្នេះ​គាត់​ត្រូវ​ចំណាយពេល​ប្រហែល ៧​ឆ្នាំ ទើប​អាច​ឆ្លាក់​ចម្លាក់​ជាង ៣០០​ផ្កា​នោះបាន សរុប​ជាង ១០០​ផ្ទាំង​។ 


 
​ចំណែក​ឈើ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់ធ្វើ​ពិតាន ជា​ប្រភេទ​ឈើ​គគីរ​។ តាម​ការពន្យល់​ពី​អ្នកជំនាញ មូល​ហេតុដែល​ជ្រើសរើស​ឈើ​គគីរ​មក​ប្រើ ព្រោះ​ឈើ​ពិតាន​ដែល​សល់​ពី​បុរាណ និង​បាន​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ និង​សារមន្ទីរ​នៅ​ប្រទេស​បារាំង ក៏​ជា​សាច់​ឈើ​គគីរ​ដែរ​។ លោកស្រី ជាម ផល្លី ពន្យល់ថា សាច់​ឈើ​គគីរ​ធន់​នឹង​ទឹក​។ លោកស្រី​បន្ថែមថា គម្រោង​នេះ ត្រូវការ​ឈើ​គគីរ​ប្រមាណ​ជាង ១០​ម៉ែត្រគូប​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នៅពេលនេះ គឺ​កង្វះ​ឈើ​ដែល​ធ្វើ​ឲ្យ​គម្រោង​មាន​ភាពយឺតយ៉ាវ​។ 


 
​គម្រោង​បំពាក់​ពិតាន​ឈើ​ថ្មី លើ​រោងទង​កូរ​សមុទ្រ​ទឹកដោះ​នេះ ទទួលបាន​ការគាំទ្រ​ពី​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៥ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥​កន្លងមក​។ ពិតាន​ឈើ​ថ្មី ដែល​នឹងត្រូវ​យកទៅ​បំពាក់​លើ​ថែវ​កូរ​សមុទ្រ​ទឹកដោះ​នេះ គឺមាន​ឆ្លាក់​ចម្លាក់​ក្បាច់ ធ្វើតាម​សំណង់​បុរាណ ដោយមាន​ក្បាច់​ចំនួន​១០​ប្រភេទ គឺ ក្បាច់​ផ្កា​ចាន់ ក្បាច់​ផ្កា​ពងត្រី ក្បាច់​ត្រឡាច​បំបែក ក្បាច់​ពេជ្រ​ក្តារ ក្បាច់​ចែង​អង្គរ ក្បាច់​ស្នឹង​ព័ទ្ធ ក្បាច់​សន្លឹក​ឈូក​បំបែក ក្បាច់​ពងត្រី​រង្វង់ ក្បាច់​កេសរ និង​ក្បាច់​ផ្លែ​ឈូក​។  
 
​សព្វថ្ងៃ ភ្ញៀវទេសចរ​ជាច្រើន​ចាប់អារម្មណ៍​នឹង​ចម្លាក់​កូរ​សមុទ្រ​ទឹកដោះ ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោយ​បង្អស់ នៃ​ថែវ​ប្រាសាទអង្គរវត្ត​។ អ្នកជំនាញ​ពន្យល់ថា ការរៀបចំ​ពិតាន​ឈើ​ឲ្យ​មាន​ឡើងវិញ នឹងធ្វើ​ឲ្យ​សំណង់​ស្ថាបត្យកម្ម​ទាំងមូល មានព្រលឹង​ដែរ​។ ដូច្នេះ ក្រោយពេល​ជួសជុល​ដាក់​ពិតាន​រួច នៅ​រោងទង​នេះ នឹង​កាន់តែ​ទាក់ទាញ​ទេសចរ ឲ្យ​មក​ទស្សនា​ថែម​មួយកម្រិត​ទៀត​។ 


 
​គួរ​បញ្ជាក់ថា អង្គការ​មូលនិធិ​ប្រាសាទបុរាណ​ពិភពលោក បាន​ប្រើពេល​៨​ឆ្នាំ សិក្សា​ពី​រចនាសម្ព័ន្ធ​នៅ​ថែវ​កូរ​សមុទ្រ​ទឹកដោះ​។ តាម​អ្នកជំនាញ ចំណុច​នេះ ត្រូវបាន​ជួសជុល​ម្តង​នៅ​សម័យ​បារាំង តែ​ដោយ​សង្គ្រាម បារាំង ក៏​មិនបាន​រៀបចំ​ដំបូល​ដែល​ខ្លួន​រើ​ដាក់​ខាងក្រោម​នោះឡើយ ទើប​ធ្វើ​ឲ្យ​រចនាសម្ព័ន្ធ​នៅ​ទីនោះ មានការ​លំបាក​សម្រាប់​អ្នកស្រាវជ្រាវ​។ គម្រោង​ជួសជុល​ដំបូល​រោងទង​កូរ​សមុទ្រ​ទឹកដោះ ចាប់ផ្តើម​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ ដែលជា​កិច្ចសហប្រតិបត្តិការ រវាង​អង្គការ​មូលនិធិ​ប្រាសាទបុរាណ​ពិភពលោក និង​អាជ្ញាធរ​ជាតិ​អប្សរា​។ ការជួសជុល​នេះ គឺ​ប្រើប្រាស់​បន្ទះ​សំណ ពី​២ ទៅ​៣​មី​លី​ម៉ែត្រ ធ្វើយ៉ាងណា​កុំ​ឲ្យ​ទឹក​លិច​ដំបូល ដែល​នឹង​អាច​ប៉ះពាល់​ដល់​ចម្លាក់​នៅ​ជញ្ជាំង​៕

Tag:
 អង្គរវត្ត​
 ​ប្រាសាទ​
 ​គគីរ​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com