សុខភាព
អន្តរជាតិ
ហាងដ៏ធំមួយនៅអៀរឡង់បដិសេធលក់ភេសជ្ជៈប៉ូវកម្លាំងដល់ក្មេងអាយុក្រោម១៦ឆ្នាំ
× អតិថិជនដែលទិញភេសជ្ជៈផ្ទុកសារធាតុកាហ្វេអ៊ីនជាង១៥០មីល្លីក្រាមក្នុង១លីត្រ នឹងតម្រូវឲ្យបង្ហាញឯកសារទាក់ទងនឹងអាយុរបស់ខ្លួន។ នេះជាគោលការណ៍ថ្មីរបស់ក្រុមលក់ទំនិញដ៏ធំមួយនៅសាធារណរដ្ឋអៀរឡង់។
ហាងទំនិញ Aldi Ireland បានបង្ហាញការតាំងចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សុខភាពសាធារណ តាមរយៈការមិនស្វាគមន៍អតិថិជនអាយុក្រោម១៦ឆ្នាំ ដែលចង់ជាវភេសជ្ជៈប៉ូវកម្លាំង។ ចាប់ពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៨តទៅ ហាង Aldi ដែលមាន១៣០សាខានៅអៀរឡង់ និងចក្រភពអង់គ្លេស នឹងតម្រូវឲ្យអតិថិជនបង្ហាញអាយុរបស់ខ្លួន នៅរាល់ការជាវភេសជ្ជៈផ្ទុកសារធាតុកាហ្វេអ៊ីនជាង១៥០មីល្លីក្រាមក្នុង១លីត្រ។
យោងតាមការផ្សាយរបស់កាសែត The Journal លោក Finbar McCarthy ដែលជាថ្នាក់ដឹកនាំម្នាក់របស់ក្រុមហ៊ុន Aldi Ireland បានអះអាងថា៖ «យើងដាក់កំហិតលើអាយុរបស់អតិថិជន ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភនានាអំពីគ្រោះថ្នាក់ដែលកើតចេញពីការផឹកភេសជ្ជៈប៉ូវកម្លាំងក្នុងចំណោមយុវជន»។
គណៈកម្មការសុវត្ថិភាពចំណីអាហាររបស់អៀរឡង់ បានស្វាគមន៍ចំពោះគោលការណ៍បែបនេះ។ ជាមួយគ្នានេះ គណៈកម្មការជំនាញ បានស្នើដល់ម្ចាស់ហាងសរសេរអក្សរនៅលើស្លាកទំនិញឲ្យបានច្បាស់លាស់ ដោយក្រៅពីអតិថិជនអាយុក្រោម១៦ឆ្នាំ ស្ត្រីមានផ្ទៃពោះ និងបុគ្គលដែលប្រតិកម្មនឹងជាតិកាហ្វេអ៊ីន ក៏ត្រូវហាមឃាត់ផងដែរ៕
Tag:
ភេសជ្ជៈប៉ូវកម្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com