ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សុខភាព
សេដ្ឋកិច្ច
អ្នកស្រី ភិរម្យ ចោលប្រាក់ខែពាន់ដុល្លារ, លះបង់ពេលវេលាគ្រួសារ ព្រោះចង់ប្រើសក្ដានុពលឲ្យអស់
× ភ្នំពេញ៖ អ្នកស្រី ឌីផន ភិរម្យ ជាម្ចាស់ក្រុមហ៊ុនយីហោ ម៉ាច់ (MUCHs) ផ្នែកសេវាកម្មថែទាំសុខភាពចល័ត ។ អ្នកស្រីបានបោះបង់ចោលការងារ ដែលមានចំណូលប្រចាំខែ ជាងមួយពាន់ដុល្លារ មកបើកអាជីវកម្មនេះម្នាក់ឯង។ មូលហេតុ នៃការឈានជើងចូលប្រឡូកក្នុងមុខជំនួញ ដែលដំណើរការទើបបាន២ឆ្នាំ មួយនេះ ព្រោះអ្នកស្រីចង់ប្រើប្រាស់សក្ដានុពលរបស់ខ្លួន ពោលគឺអ្នកស្រីអាចផ្លាស់ប្ដូរខ្លួនឯងពីបុគ្គលិកធ្វើការឲ្យគេ មកជាម្ចាស់ក្រុមហ៊ុនមួយ ជួយផ្ដល់ដំណោះស្រាយដែលសង្គមត្រូវការ និងបង្កើតការងារដល់អ្នកដទៃទៀត។
សូមស្ដាប់បទសម្ភាស រវាង លោក ញ៉ុង ហេង នៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងអ្នកស្រី ឌីផន ភិរម្យ ដូចតទៅ៖
មុនក្លាយជាសហគ្រិន អ្នកស្រី ឌីផន ភិរម្យ បានបម្រើការងារអស់ពេល ១៥ឆ្នាំ។ អ្នកស្រីបានរៀន និងមានបទពិសោធន៍ផ្នែកគិលានុបដ្ឋាក ព្រមទាំងបានសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្មផងដែរ។ អ្នកស្រីមានបំណងចង់បើកក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំងសុខភាពចល័តនេះ តាំងពីឆ្នាំ២០០៧ មកម្លេះ ប៉ុន្តែមិនអាចបើកបាន ដោយខ្វះខាតចំណេះដឹងផ្នែកជំនួញ។ បើកអាជីវកម្មមួយនេះ ដោយអ្នកស្រីមើលឃើញថាមានតម្រូវការថែទាំងសុខភាពអ្នកជំងឺដល់គេហដ្ឋាន ជាពិសេសអាចជួយសម្រាលបន្ទុកសមាជិកគ្រួសារដែលមមាញឹកនាពេលបច្ចុប្បន្ន។ សេវាកម្មក្រុមហ៊ុនរបស់អ្នកស្រី ភិរម្យ ផ្ដល់សេវាថែទាំអ្នកជំងឺ ព្យាបាលសម្រន់ និងព្យាបាលសម្រាប់ជំងឺទូទៅ។
ជាសហគ្រិនស្ត្រី អ្នកស្រី ភិរម្យ ព្យាយាមជម្នះចិត្តក្រុមគ្រួសារ ដើម្បីឈានជើងចូលវិស័យជំនួញ។ អ្នកស្រីមិនទទួលសុខជាមួយប្រាក់ខែជាងមួយពាន់ដុល្លារនេះឡើយ ដោយចង់បញ្ចេញកត្តាសក្ដានុពលខ្លួនឲ្យអស់ ទោះបីត្រូវលះបង់ពេលវេលាខ្លះ ដែលធ្លាប់តែផ្ដល់ឲ្យគ្រួសាររបស់អ្នកស្រី។ អ្នកស្រីថ្លែងថា ការបើកអាជីវកម្ម តម្រូវឲ្យអ្នកស្រីមមាញឹកខ្លាំងជាងការបំពេញការងារឲ្យគេ ព្រមទាំងត្រូវធ្វើការច្រើនផ្នែក មានឧសគ្គច្រើន ដែលត្រូវហែលឆ្លង។ នេះជាអ្វីដែលអ្នកស្រី ភិរម្យ ប្រាប់ថា ជាការបើកបង្ហាញសក្ដានុពលរបស់ខ្លួន ព្រោះអ្នកស្រីបានផ្លាស់ប្ដូរពីការស៊ីឈ្នួលឲ្យគេ មកបង្កើតការងារឲ្យគេ និងផ្ដល់សេវាកម្មមួយដែលជាតម្រូវការរបស់សង្គម។
អ្នកស្រី ភិរម្យ ហាក់ជឿជាក់ថាមុខរបរមួយនេះនឹងមិនស្ថិតក្នុងចំណោមអាជីវកម្មថ្មីថ្មោង (Startup Business) មួយចំនួនដែលឈប់ដំណើរការទៅវិញនោះឡើយ ព្រោះវាជាអាជីវកម្មដែលកើតចេញពីការស្រលាញ់របស់អ្នកស្រីផ្ទាល់ ដែលជំរុញឲ្យអ្នកស្រីខិតខំយ៉ាងខ្លាំង។
អ្នកជំនួញរូបនេះ ប្រាប់ទៀតថា អាជីវកម្មនេះដំណើរការរហូតដល់ខែទី១៦ ទើបអាចរកប្រាក់ចំណេញបាន។ ហើយក្នុងពេលមិនទាន់ចំណេញ អ្នកស្រី ភិរម្យ អាចមានលទ្ធភាពទប់ការចំណាយបាន ព្រោះអ្នកស្រីនៅបំពេញការងារឲ្យក្រុមហ៊ុនឯកជនមួយនៅឡើយ ពោលគឺរហូតដល់បើកក្រុមហ៊ុនបានមួយឆ្នាំទើបអ្នកស្រីឈប់បម្រើការងារឲ្យគេទាំងស្រុង៕
Tag:
Startup
ឌីផន ភិរម្យ
MUCHs
© រក្សាសិទ្ធិដោយ thmeythmey.com