ជាតិ
សិល្បះ
មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៨ នឹង​ចាក់​បញ្ចាំងភាពយន្ត​ជាង​១២០​ចំណងជើង​
21, Jan 2018 , 9:30 pm        
រូបភាព
ដោយ:
​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៨ ដែល​គាំទ្រ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​ប្រារព្ធ​ឡើង​រយៈពេល មួយ​សប្តាហ៍ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨​។ ព្រឹត្តិការណ៍ ភាពយន្ត​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ នឹង​ប្រមូលផ្ដុំ​ទៅដោយ​ភាពយន្ត​សម្បូរបែប និង​សមិទ្ធ​ករ​ភាពយន្ត​មកពី​ជុំវិញ​ពិភពលោក ក្នុងនោះ​មានមក​ពី​ប្រទេស​បារាំង បែលហ្ស៊ិក អាមេរិក ជប៉ុន ថៃ កាណាដា អូស្ត្រាលី វៀតណាម មី​យ៉ាន់​ម៉ា ចិន និង​សឹង្ហ​បូរី​។

 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួមគ្នា​នៃ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា បុប្ផា​ណា​(BOPHANA) និង Cambodia Film Commission មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា មាន​គោលបំណង​ដើម្បី​បង្ហាញ និង​លើកកម្ពស់​ផ្សព្វផ្សាយ​ភាពយន្ត​នៅលើ​ផ្ទាំងសំពត់ស​ខ្នាត​ធំ រួមទាំង​ការផ្សារភ្ជាប់​សមិទ្ធិ​ករ​ភាពយន្ត ទៅកាន់​ឧស្សាហកម្ម​ភាពយន្ត​ទាំងមូល​។ 


 
​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នឹង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ដែល​ថត​នៅ​កម្ពុជា ហើយ​និង​ផ្សព្វផ្សាយ​ភាពយន្ត​របស់​កម្ពុជា ទៅកាន់​អន្តរជាតិ​រួមទាំង​ស្វែងយល់​ពី​ភាពយន្ត ដែល​ប្រកបដោយ​គុណភាព​ក្នុង​ពិភពលោក​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៨ នឹង​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ប្រមាណ​១២០​ចំណងជើង ក្នុងនោះដែរ​រួមមាន​ទាំង ភាពយន្ត​ខ្នាត​វែង​អន្តរជាតិ ភាពយន្ត​ខ្នាត​ខ្លី ភាពយន្ត​ឯកសារ និង​ភាពយន្ត​គំនូរជីវចល​ផងដែរ​។ 


 
​សូម​រម្លឹកថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៧ កាលពី​ឆ្នាំ​២០១៧ បាន​ប្រមូលផ្ដុំ សមិទ្ធិ​ករ​ភាពយន្ត និង​អ្នកគាំទ្រ​វិស័យ​ភាពយន្ត​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ភ្នំពេញ ដោយមាន​ការចាក់​បញ្ចាំ​ង​ភាពយន្ត​ចំនួន​១៦០​ដង នៅ​ទីតាំង​៩ កន្លែង​ផ្សេងៗ​គ្នា​៕



Tag:
 ​ភាពយន្ត​
  មហោស្រព​ភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com