ខណៈដែលកំណើនសេដ្ឋកិច្ចស្ថិតនៅជាកង្វល់ដ៏ធំរបស់អ្នកនយោបាយនិងប្រជាជនស្របពេលប្រេងធ្លាក់ថ្លៃ រដ្ឋាភិបាលព្រុយណេកំពុងប្រឹងប្រែងជំរុញឧស្សាហកម្មទេសចរដែលវាអាចនឹងក្លាយជាប្រភពចំណូលសំខាន់សម្រាប់សេដ្ឋកិច្ចនាពេលអនាគត។ ព្រុយណេប្តេជ្ញាចិត្តទាញចំណូលពីវិស័យទេសចរណ៍ឲ្យបានបីភាគរយនៃផលិតផលក្នុងស្រុកសរុបត្រឹមឆ្នាំ ២០២០។
រដ្ឋាភិបាលព្រុយណេសង្ឃឹមថា ការប្រឹងប្រែងរបស់ខ្លួនកន្លងមកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នឹងជំរុញឲ្យអ្នកទេសចរបរទេសមកកម្សាន្តនៅព្រុយណេកើនឡើងពី ២១៨០០០នាក់ក្នុងឆ្នាំ ២០១៥ ទៅដល់ ៤៥១០០០ នាក់ត្រឹមឆ្នាំ ២០២០ខាងមុខ។
បើតាមសារព័ត៌មានរដ្ឋព្រុយណេ Borneo Bulletin បច្ចុប្បន្ននេះ វិស័យទេសចរណ៍រួមចំណែកប្រហែលត្រឹម មួយភាគរយប៉ុណ្ណោះក្នុងផលិតផលក្នុងស្រុកសរុបរបស់ព្រុយណេ។ ដូច្នេះ ហើយការទាក់ទាញចំនួនភ្ងៀវទេសចរបន្ថែមនេះនឹងធ្វើឲ្យចំណូលដែលទាញបានពីវិស័យទេសចរណ៍កើនឡើងដល់បីភាគរយ។
អាជ្ញាធរព្រុយណេបានជំរុញនិងលើកទឹកចិត្តឲ្យមានការសហប្រតិបត្តិការរវាងវិស័យឯកជន និងសាធារណៈក្នុងអភិវឌ្ឍតំបន់ទេសចរណ៍ និងធ្វើយ៉ាងណាទាក់ទាញអ្នកទេសចរឲ្យបានច្រើនតាមដែលអាចធ្វើបានទាំងក្រៅ និងក្នុងតំបន់អាស៊ាន។
ជាទូទៅ ព្រុយណេផ្តោតសំខាន់លើការស្វែងរកតំបន់អេកូទេសចរណ៍ថ្មីសម្រាប់ដំណើរផ្សងព្រេង, បង្កើតឧទ្យានសម្រាប់គ្រួសារ, រៀបចំសួនសត្វឬឧទ្យានសត្វព្រៃ, បង្កើតទីតាំងបង្ហោះខ្លែង និងកន្លែងហែលនិងមុជទឹកបាតសមុទ្ររាវរកកម្ទេចកប៉ាល់ឬ ទីតាំងបូមប្រេងជាដើម។
យ៉ាងណាក៏ដោយចុះការអភិវឌ្ឍវិស័យទេសចរណ៍ព្រុយណេប្រឈមបញ្ហាធំៗមួយចំនួន
ដូចជាសេវាកម្មលក់ដូរនៅមានកម្រិត កង្វះខាតសេវាដឹកជញ្ជូន ក៏ដូចជាទីតាំងសម្រាប់កម្សាន្តសប្បាយផងដែរដោយសារការអនុវត្តច្បាប់សាសនាតឹងរ៉ឹងចាប់ពីឆ្នាំ ២០១៤មក។
គេគួរដឹងដែរថា ព្រុយណេ បានក្លាយជាប្រទេសអាស៊ានដំបូងបង្អស់ដែលសម្រេចអនុវត្តក្រមព្រហ្មទណ្ឌឥស្លាម (Sharia Law) ដែលមានគ្រប់គ្រងតឹងរ៉ឹង និងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើ ប្រជាជនទាំងអស់ទាំងអ្នកប្រណិប័តន៍ និងមិនប្រណិប័តន៍សាសនាឥស្លាមក្តី។ ការចាប់ផ្តើមអនុវត្តច្បាប់សាសនានេះបង្កឲ្យមានការព្រួយបារម្ភខ្លាំងដែរកន្លងមកពីជាពិសេសប្រជាជនអ្នកកាន់សាសនាផ្សេង និងក្រុមសិទ្ធិមនុស្សដែរ។
ថ្វីបើមិនមានអ្នកទេសចរណាម្នាក់ត្រូវបានគេដាក់ទណ្ឌកម្មក្រោមច្បាប់សាសនាក៏ដោយ ការយល់ឃើញអវិជ្ជមានចំពោះព្រុយណេនៅបន្តកើតមានឡើងមកដល់បច្ចុប្បន្ន។ គេចាត់ទុកព្រុយណេក្លាយជាទីតាំងទេសចរដែលសោះកក្រោះជាពិសេសពេលរាត្រី ដែលវាខុសប្លែកបុរីរដ្ឋសិង្ហបុរី ប្រទេសឥស្លាមធំបំផុតឥណ្ឌូណេស៊ី និងម៉ាឡេស៊ីដែលស្ថិតនៅមិនឆ្ងាយពីគ្នានោះ៕