អន្តរជាតិ
រដ្ឋាភិបាល​ក្រុង​ហាណូយ ចង់ឃើញ​ការវាយតម្លៃ​លើ​សិទ្ធិមនុស្ស​វៀតណាម​ដោយ​មិន​លម្អៀង
21, Jan 2018 , 2:30 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បានបង្ហាញ​ចេតនា​ចាប់ដៃ​ជាមួយ​បណ្តា​ដៃគូ និង​ប្រទេស​មួយចំនួន​លើ​វិស័យ​សិទ្ធិមនុស្ស ដើម្បី​បង្កើន​ការស្វែងយល់​ពីគ្នា​ឲ្យ​កាន់តែ​ល្អ ចែករំលែក​បទពិសោធ​ន៍ ក៏ដូចជា​បើកឱកាស​សម្រាប់​ទំនាក់​ទំនង​ទ្វេភាគី​លើ​វិស័យ​សិទ្ធិមនុស្ស​តែម្តង ។ តែ​ក្រុង​ហាណូយ ក៏​ចង់ឃើញ​សហគមន៍​អន្តរជាតិ មើលខ្លួន​ក្នុង​ផ្លូវ​វិជ្ជមាន​ផងដែរ ។

 
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម នៅ​ថ្ងៃ ១៨ មករា បាន​ប្រតិកម្ម​ទៅនឹង​ការពណ៌នា​ពី​ស្ថានភាព​អវិជ្ជមាន​នៃ​សិទ្ធិមនុស្ស​វៀតណាម ថា គ្រប់​មនុស្ស​ទាំងអស់ ត្រូវបាន​លើកកម្ពស់​តាមរយៈ​សិ​ទិ្ធ​មនុស្ស ក៏ប៉ុន្តែ ប្រទេស​នីមួយៗ មាន​គោលនយោបាយ និង​ការផ្តល់​អាទិភាព​ខុសគ្នា​ដោយ​អាស្រ័យ​លើ​ប្រវត្តិសាស្ត្រ វប្បធម៌ អង្គការ​នយោបាយ និង​កម្រិត​នៃ​ការអភិវឌ្ឍ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន វៀតណាម Vietnam News ។ 
 
​លោកស្រី​អ្នកនាំពាក្យ Lê Thị Thu Hằng បាន​បន្ថែមទៀតថា នេះ គឺជា​រឿង​ធម្មតា​ទៅហើយ​នៅក្នុង​ឆាក​អន្តរជាតិ ។ តែ​អ្វីដែល​សំខាន់​នោះ​គឺ វៀតណាម បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​កិច្ចសន្ទនា ដោយ​ឈរលើ​គោលការណ៍ ស្ថាបនា និង​គោរព​គ្នា​ទៅវិញទៅមក ។ 
 
​អ្នក​ពាក្យ​ដដែល​នោះ បាន​សង្ក​ត​ធ្ងន់​ថា​៖«​វៀតណាម ចង់ឃើញ​ការវាយតម្លៃ​ពី​កិច្ចប្រឹងប្រែង និង​សមិទ្ធផល​របស់​វៀតណាម​ក្នុងការ​ធានា​ពី​សិទ្ធិមនុស្ស​ពី​សហគមន៍​អន្តរជាតិ​ប្រកបដោយ​គ្រប់​ជ្រុងជ្រោយ និង​មិន​លម្អៀង​» ។ 
 
​គួរ​ជម្រាប​ផងដែរ​ថា តាម​របាយការណ៍​រប​ស់​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch ) ស្ថានភាព​សិទ្ធិមនុស្ស​វៀតណាម នៅតែ​ស្ថិតនៅក្នុង​កម្រិត​មួយ​គួរ​ព្រួយបារម្ភ ។ ស្ថាប័ន​សិទ្ធិមនុស្ស​នេះ​អះអាងថា បក្ស​កុម្មុយនីស្ត បន្ត​គ្រប់គ្រង​អំណាច ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រជែង​ឡើយ ។ សិទ្ធិ​មូលដ្ឋាន​ដែល​រួមទាំង​សេរីភាព​បញ្ចេញមតិ ប្រមូល និង​សាសនា សុទ្ធសឹងតែ​ត្រូវ​រឹតត្បិត ៕ 
 

Tag:
 វៀតណាម​
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com