កីឡាជាតិ
វាយកូនឃ្លីលើតុជនពិការចម្រាញ់ធនធានអាស៊ានប៉ារ៉ាហ្គេម តែខ្វះធនធាននារី
× សហព័ន្ធកីឡាវាយកូនឃ្លីលើតុជនពិការកម្ពុជាបើកយុទ្ធនាការប្រកួតស្វែងរកកីឡាករជើងខ្លាំងសម្រាប់ប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិប្រចាំឆ្នាំ២០១៨។ យុទ្ធនាការនេះ គឺដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនានា ពិសេសការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១០នៅប្រទេសហ្វីលីពីន។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាអំពាវនាវឲ្យនារីៗជនពិការទូទាំងប្រទេសចូលរួមលេងកីឡាវាយកូនឃ្លីលើតុឲ្យកាន់តែច្រើន ព្រោះកីឡានេះកំពុងខ្វះធនធានកីឡាការិនី។
ក្រោយប្រកួត២ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ មករា នៅមជ្ឈមណ្ឌលជនពិការកម្ពុជា កីឡាករ៨រូបក្នុងចំណោម១៣រូបត្រូវបានសហព័ន្ធកីឡាវាយកូនឃ្លីលើតុជនពិការកម្ពុជាជ្រើសរើសហ្វឹកហាត់ពង្រឹងសមត្ថភាពក្នុងក្រុមជ្រើសជាតិ ប្រចាំឆ្នាំ២០១៨។ ការប្រមូលផ្តុំនេះ គឺដើម្បីត្រៀមប្រជែងដណ្តើមជើងឯកថ្នាក់ជាតិ អន្តរជាតិ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១០នៅហ្វីលីពីន។
ទន្ទឹមនឹងនេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាលោក យី វាសនា បានបញ្ជាក់ថា កីឡាករទាំងនេះអាចមានការប្រែប្រួលនៅឆ្នាំបន្ទាប់ បើសិនជាសមត្ថភាពមិនដល់កម្រិតដែលលោកចង់បាន។ ប៉ុន្តែលោកសង្ឃឹមថា ក្នុងរយៈពេល២ឆ្នាំខាងមុខ ធនធានទាំងនេះនឹងក្លាយជាកីឡាករសក្តានុពលរបស់កម្ពុជាសម្រាប់អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០១៩។ បច្ចុប្បន្ន ក្រៅពីកីឡាករជម្រើសជាតិទាំងនេះសហព័ន្ធក៏មានកីឡាករត្រៀមសម្រាប់ចូលជម្រើសជាតិជាច្រើនរូបទៀតផងដែរ។
«តាមរយៈបទពិសោធធ្លាប់ចូលរួមប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមម្តងកាលពីឆ្នាំ២០១៧នៅម៉ាឡេស៊ី ខ្ញុំយល់ថា បើសិនពួកគាត់ខិតខំហ្វឹកហាត់ដោយយកចិត្តទុកដាក់ក្នុងរយៈពេល២ឆ្នាំ កីឡាករយើងនឹងក្លាយជាធានធនសក្តានុពលសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន»។ នេះជាការបញ្ចាក់របស់លោក យី វាសនា ដែលលោកបានបន្ថែមថា ដើម្បីក្លាយជាកីឡាសក្តានុពលអាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិបានលុះត្រាហ្វឹកហាត់ចាប់ពី៤ទៅ៥ឆ្នាំ ឬដល់៨ឆ្នាំ។
ទោះបីបច្ចុប្បន្នសហព័ន្ធមានធនធានកីឡាករវាយកូនឃ្លីលើតុច្រើនក៏ដោយ តែធនធានកីឡាការិនីបាននិងកំពុងក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ពោលគឺសហព័ន្ធនេះពុំទាន់មានកីឡាការិនីនោះឡើយ។ អាស្រ័យហេតុនេះ លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាទទូចឲ្យនារីៗដែលជាជនពិការទូទាំងប្រទេសចូលរួមលេងកីឡានេះឲ្យបានច្រើន។
កីឡាករទាំង៨រូបខាងលើរួមមានកីឡាករ យ៉យ កុសល, ភឿន សុភាព, ឯក ញ្ញាណសាមុត្រ, ស្រី ជា, ពៅ ណុច, អ៊ីន ចាន់ណា, សែន សុថា និងកីឡាករ ចឹក ចន្ថា។ តាំងពីបង្កើតគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានៅឆ្នាំ១៩៩៧ នេះជាលើកទី១ហើយ ដែលកីឡាករជនពិការទទួលបានការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ក្រុមជម្រើសជាតិ៕
Tag:
វាយកូនឃ្លីលើតុជនពិការ
យី វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com