ជាតិ
សេដ្ឋកិច្ច
កម្ពុជា​សម្ពោធ​ម៉ាក​សញ្ញា​អង្ករ​«MALYS ANGKOR»
22, Jan 2018 , 4:01 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​បាន​សម្ពោធ​ម៉ាក​សញ្ញា​អង្ករ​របស់ខ្លួន «MALYS ANGKOR» ជា​ផ្លូវការ នៅ​ថ្ងៃទី​២២​ខែមករា​នេះ ក្នុង​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦​។​



​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា «MALYS ANGKOR» ជា​ម៉ាក​អង្ករ​ក្រអូប​ប្រណិត​របស់​កម្ពុជា ដែល​នឹង​ផ្ដល់​ការបញ្ជាក់​ទៅ​ប្រភេទ​អង្ករ​ក្រអូប​ប្រណិត​នានា ដែល​កម្ពុជា​ផលិត​បាន រួច​កិន​កែច្នៃ សម្រាប់​នាំចេញ ឬ​ចែកចាយ​ក្នុងស្រុក​។ ហើយ​រាល់​ការប្រើប្រាស់​ម៉ាក​មួយ​នេះ គឺជា​ការធានា​ចំពោះមុខ​ច្បាប់​ថា អង្ករ​នោះ​ជា​ផលិតផល​កម្ពុជា​យ៉ាងពិត​ប្រាកដ​។​

​ការបង្កើត​ឲ្យ​មាន​ម៉ាក​អង្ករ​រួម​របស់​កម្ពុជា​នេះ​ឡើង នឹង​ឆ្លើយតប​តម្រូវ​ការធ្វើ​ទីផ្សារ និង​ការផ្ដល់​ទំនុកចិត្ត​សម្រាប់​អ្នកប្រើប្រាស់​។ សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ទៀតថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) ជា​អ្នកគ្រប់គ្រង​ម៉ាក​សញ្ញា​«MALYS ANGKOR» មួយ​នេះ​។

​នៅ​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ៦៣,៥​ម៉ឺន​តោន កើនឡើង​ជាង ១៧​ភាគរយ ធៀប​នឹង ៥៤​ម៉ឺន​តោន​កាលពី​ឆ្នាំ​២០១៦​។ ការនាំចេញ​អឺរ៉ុប​មាន​ចំណែក​ទីផ្សារ ៤៣​ភាគរយ ខណៈ​ការនាំចេញ​អង្ករ​ទៅ​ចិន​កំពុងមាន​សន្ទុះ​ដែលមាន​ចំណែក​ទីផ្សារ ៣៤​ភាគរយ​នៅ​ឆ្នាំ​២០១៧​។ ហើយ​នៅ​ឆ្នាំ​២០១៨ នេះ កម្ពុជា​និង​ចិន នឹង​អនុវត្ត​កូតា​នាំចេញ​អង្ករ​ដល់​ទៅ ៣០​ម៉ឺន​តោន ដែល​នៅ​ឆ្នាំ​២០១៧ កូតា​នេះ​មាន​ត្រឹម ២០​ម៉ឺន​តោន​៕



Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com