ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
៣កើត ខែមាឃ អ្នកស្រុកអង្គរតែងរៀបចំពិធីឡើងមាឃ
22, Jan 2018 ,
4:26 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ពិធីឡើងមាឃ ឬឡើងអ្នកតា ជាពិធីសាសនាមួយរបស់អ្នកស្រុកអង្គរ ដែលតែងរៀបចំជារៀងរាល់ឆ្នាំ នៅរាល់ថ្ងៃ៣កើត ខែមាឃ ហើយនៅឆ្នាំនេះ គឺចំថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។ ពិធីនេះ បង្ហាញពីការគោរពអ្នកតាម្ចាស់ស្រុក ដោយការយកម្ហូបអាហារយកទៅសែន បំណងសុំសេចក្តីចម្រើនដល់អ្នកភូមិ។
ទោះសម័យកាលបានផ្លាស់ប្តូរក៏ដោយ តែអ្នកស្រុកក្នុងតំបន់អង្គរ នៅតែមានជំនឿបែបអរូបីពីបុរាណមួយចំនួន តួយ៉ាង ពិធីឡើងមាឃ និងបញ្ចូលរូប។ នៅថ្ងៃ៣កើត ខែមាឃ នៅតាមវត្តអារាម ឬសាលាឆទានតាមភូមិ ឃុំ របស់អ្នកស្រុកអង្គរ គឺមានរៀបចំពិធីឡើងមាឃ។ តួយ៉ាង នៅភូមិសំរោង ដែលស្ថិតនៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ក៏បានរៀបចំពិធីនេះដែរ ហើយមានអ្នកចូលរួមច្រើនកុះករ។ ទិដ្ឋភាពនេះបង្ហាញថា អ្នកភូមិអង្គរនៅតែរក្សាបាននូវជំនឿពីបុរាណនេះមិនដាច់។
លោកយាយ ព្រឿង បានយកម្ហូបអាហារមកកន្លែងពិធីឡើងអ្នកតាមុនគេ ដែលស្ថិតក្នុងបរិវេនវត្តសំរោង។ ឆ្នាំនេះលោកយាយមានវ័យ ៧១ឆ្នាំ ហើយលោកយាយតែងចូលរួមពិធីនេះជារហូតមក។ តាមលោកយាយ ព្រឿង ពិធីឡើងអ្នកតានេះ គឺអ្នកភូមិគ្រប់ផ្ទះ បានយកម្ហូបអាហារមកថ្វាយ ឬសែនអ្នកតាម្ចាស់ស្រុក ដើម្បីសុំសេចក្តីសុខ រកស៊ីមានបាន ឱ្យស្រែចម្ការទទួលបានផលល្អប្រសើរ។
តាមការឱ្យដឹងបន្ថែមរបស់លោកយាយ ព្រឿង អ្នកតាដែលអ្នកភូមិសំរោងមានជំនឿនេះ ឈ្មោះលោកតា «រិទ្ធិមាន័យ» ដែលលោកជាអ្នកតាថ្មី ជំនួសតាគង់ ដែលត្រូវគេលួចនៅសម័យសង្គ្រាម។ លោកយាយបញ្ជាក់ថា មានពេលខ្លះលោកតាក៏ជួយបាន ពេលខ្លះទៀតក៏ជួយមិនបានដែរ។ ក្នុងន័យនេះ លោកយាយចង់បញ្ជាក់ថា ជំនឿលើការបន់អ្នកតា មិនប្រាកដថាស័ក្កសិទ្ធិគ្រប់ពេលនោះទេ។
ចំណែកលោក យាយ ម៉ៅ ពឹក ក៏បានយកម្ហូបអាហារមកពិធីឡើងអ្នកតានេះដែរ។ ក្នុងពិធីនេះ លោកយាយ ពឹក មាននំបញ្ចុក ផ្លែអាយ និងបាយម្ហូបខ្លះទៀតសម្រាប់សែនអ្នកតា។ សម្រាប់ឆ្នាំថ្មីនេះ លោកយាយសុំឱ្យស្រុកទេសរីកចម្រើន និងសុំឱ្យផលស្រែចម្ការកើនឡើងផង។
គ្រឿងរណ្តាប់សម្រាប់ពិធីឡើងអ្នកតា រួមមាន ស្លាធម៌ បាយសី ទៀន ធូប បាយសម្ល នំបញ្ចុក ផ្លែអាយ និងទឹក អាចនិយាយបានថា គ្រឿងរណ្ដាប់រៀបំទៅតាមលទ្ធភាពរបស់អ្នកភូមិ តែគេមិនដែលចោល នំបញ្ចុក ឡើយ។
ទំនៀមពិធីឡើងមាឃ ឡើងអ្នកតា គឺហាក់នៅមានឥទ្ធិពលខ្លាំងសម្រាប់អ្នកស្រុកអង្គរ។ ពិធីនៅភូមិសំរោង គឺមានការចូលរួមពីអ្នកភូមិក្បែរខាងទៀត ដូចជាភូមិលាងដៃ និងភូមិតាប្រុក។ អ្នកភូមិបានរៀបចំម្ហូបអាហារម្នាក់មួយថាសៗ យកមកដាក់ពីមុខរោងអ្នកតា បន្ទាប់ពីដល់ពេលវេលា និងអ្នកភូមិមកជុំគ្នាហើយនោះ ពិធីក៏ចាប់ផ្តើម ដោយការបន់ស្រន់ចំនួន៣ដង ហើយក៏មានចាក់ម្ហូបអាហារ និងជះម្ហូប និងទឹក ទៅលើគ្នាទៅវិញទៅមកនៅចំពោះមុខរោងអ្នកតានោះតែម្តង ដែលបង្ហាញថា ពិធីនេះដល់ទីបញ្ចប់។
ក្នុងពិធីនេះ ក៏មានពិធីបញ្ចូលរូបដែរ តែកន្លែងខ្លះបានចន្លោះពិធីនេះ ដោយសារអត់មានអ្នកបញ្ចូលរូប និងអ្នកបញ្ចូលរូបមានធុរជាដើម។ ជាទូទៅ ពិធីនេះចាប់ផ្តើមនៅរវាងម៉ោង៣ ដល់ម៉ោង ៥រសៀល អាស្រ័យដោយការរៀបចំនៅតាមភូមិមួយៗ។ ពិធីឡើងមាឃ មានរយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែក្រោយពីនេះ មានការចាក់ភ្លេង និងរាំកម្សាន្ត រហូតដល់ពេលរាត្រី។
ពិធីឡើងអ្នកតា ឬគេនិយមហៅឡើងមាឃនេះ បើតាមការពន្យល់របស់លោកសាស្ដ្រាចារ្យ អាំង ជូលាន នៅក្នុងគេហទំព័រ «យសោធរ» បានពន្យល់ថា ពុំមែនមានតែខេត្តសៀមរាបទេ ដែលរៀបចំពិធីឡើងមាឃ គឺនៅតំបន់ផ្សេងទៀតនៅប៉ែកខាងជើងប្រទេស ធ្លាយចូលទៅខេត្តបុរីរម្យ និងសុរិន្ទ្រ ដែលសព្វថ្ងៃនៅក្នុងទឹកដីថៃ ក៏គេនៅតែជ្រើសរើសយកថ្ងៃនេះ ឬពុំដូច្នោះទេ ក៏គេនៅចាំបានថា ពីមុនមកគេឡើងមាឃនៅក្នុងថ្ងៃនេះដែរ។ ម្យ៉ាងទៀត មានស្រុកភូមិច្រើនដែរ ដែលរើសថ្ងៃខុសពីនោះ តែយ៉ាងណាក៏ភាគច្រើននៅក្នុងខ្នើត ខែមាឃដដែល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឡើងមាឃ
ឡើងអ្នកតា
អ្នកស្រុកអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
19 ម៉ោង
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
5 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម