រថយន្ត
អន្តរជាតិ
អា​រ៉ា​ប៊ី​សា​អូឌីត​កំពុង​វិនិយោគ​លើ​ការផលិត​រថយន្ត «Saudi-Made» ជា​លើកដំបូង​
22, Jan 2018 , 7:39 pm        
រូបភាព
ដោយ: ធីតា
​ក្រសួងពាណិជ្ជកម្ម និង​ឧ​ស្សហកម្ម​របស់​អា​រ៉ា​ប៊ី​សា​អូឌីត បាន​បើកផ្លូវ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ជំនួញ​រវាង​អា​រ៉ា​ប៊ី​សា​អូឌីត និង​ម៉ាឡេស៊ី លើ​គម្រោង​សិក្សា​បង្កើត​រថយន្ត​ដែល​ផលិត​នៅក្នុង​ប្រទេស​ពិភព​អារ៉ាប់​មួយ​នេះ​។​



​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ ក្រសួងពាណិជ្ជកម្ម និង​ឧ​ស្សហកម្ម​របស់​អា​រ៉ា​ប៊ី​សា​អូឌីត បានបង្ហាញ ពី​គម្រោង​វិនិយោគ​រោងចក្រ​យានយន្ត​ក្នុង​ទឹកប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ទីតាំង​នឹងត្រូវ​បានកំណត់ ក្រោយ​ការបើក​ភ្លើង​ខៀវ​របស់​រដ្ឋាភិបាល​។​

«​ក្រសួង​នឹង​ជំរុញ​ការបង្កើត​រោងចក្រ​យានយន្ត ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ការសម្របសម្រួល​យ៉ាង​ម៉ត់ចត់​រវាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​។ អ​ជ្ញា​បណ្ណ​បឋម​សម្រាប់​រោងចក្រ Shahid នឹងមិន​សំដៅ​រកប្រាក់​ចំណេញ​ពី​សាធារណជន​នោះឡើយ​»​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ត្រូវបាន​ដកស្រង់​ដោយសារ​ព័ត៌មាន Arab News​។​

​ដៃគូ​ជំនួញ​អា​រ៉ា​ប៊ី​សា​អូឌីត និង​ម៉ាឡេស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​កាលពីពេល​ថ្មីៗ​កន្លងមកនេះ លើ​គម្រោង​ផលិត​រថយន្ត​ម៉ាក Meeya ដែលជា​ផលិតផល​របស់​អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត (Saudi-Made)​។​

​គម្រោង​រោងចក្រ​យានយន្ត អាច​ដំណើរការ​នៅ​ក្រុង Dammam ជាមួយ​ចង្វាក់​ផលិតកម្ម​៣​សែន​គ្រឿងក្នុង​មួយឆ្នាំ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Rashed Othman Jawhar ប្រធាន​ក្រុមហ៊ុន Saudi-Malaysian Industrial Development Holding Company​។

Arab News បាន​ដកស្រង់​សម្តី​លោក Jawhar បន្ថែមថា រោងចក្រ​យានយន្ត​នោះ នឹង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ប្រមាណ​២០០០​កន្លែង ដោយ​ដៃគូ​សំខាន់ៗ​របស់​ក្រុមហ៊ុន​មាន​មកពី​ម៉ាឡេស៊ី ចិន អាល្លឺម៉ង់ ជប៉ុន និង​កូរ៉េខាងត្បូង​។​

​លោក Jawhar បាន​អះអាងថា រោងចក្រ​អាច​ផលិត​រថយន្ត​ប្រមាណ​៥​ម៉ឺន​គ្រឿងក្នុង​រយៈពេល​៣៦​ខែ​ដំបូង ដោយមាន​៣​ម៉ូ​ដែល​។ រថយន្ត​មួយគ្រឿង​អាចមាន​តម្លៃ​ចន្លោះ​ពី​ជាង​១​ម៉ឺន​ដុល្លារ ទៅ​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក​។

«​អាចមាន​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ​៥០​ភាគរយ ប្រសិនបើ​គម្រោង​របស់​យើង​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋាភិបាល ជាពិសេស​ការផ្តល់​ដី​សម្រាប់​ទីតាំង​រោងចក្រ រួមទាំង​បរិក្ខា​ផ្សេងៗ​ទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក Jawhar៕



© រក្សាសិទ្ធិដោយ thmeythmey.com