រថយន្ត
អន្តរជាតិ
ប្រធានាធិបតី​តួ​កមេ​នី​ស្ថាន ចេញ​បញ្ជា​ហាម​ប្រើប្រាស់​រថយន្ត​ពណ៌​ខ្មៅ​
22, Jan 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ចំណតរថយន្ត​នៅ​ផ្លូវ Yubileynaya ក្រុង Ashgabat ជា​កន្លែង​សម្រាប់​ផ្ទុក​រថយន្ត​ពណ៌​ខ្មៅ​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Chronicles of Turkmenistan រថយន្ត​ទាំងនោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ទុក និង​ហាម​ចរាចរ ក្រោយ​មាន​បទបញ្ជា​ដ៏​តឹងរឹង​របស់លោក​ប្រធានាធិបតី​តួ​កមេ​នី​ស្ថាន​។​



​លោក Gurbanguly Berdimuhamedow គឺជា​មនុស្ស​ម្នាក់​ដែលមាន​អ​បិ​យ​ជំនឿ​។ សារព័ត៌មាន​ក្នុងស្រុក​បាន​ផ្សាយ​ឲ្យ​ដឹងថា ប្រធានាធិបតី​នៅ​ប្រទេស​អាស៊ី​កណ្តាល​ដែល​ផ្តាច់​ចេញពី​អតីត​សហភាពសូវៀត​រូបនេះ ជឿថា ពណ៌​ស​នាំមក​នូវ​សំណាងល្អ រីឯ​ពណ៌​ខ្មៅ​ជា​ប្រភព​នៃ​ឧបទ្រព​។​

​គិត​ចាប់តាំងពី​ដើមឆ្នាំ​២០១៨​មក អាជ្ញាធរ​ប៉ូលិស​ក្រុង Ashgabat បាន​បើក​ប្រតិបត្តិការ​ក្តៅ​ប្រឆាំងនឹង​អ្នកប្រើប្រាស់​រថយន្ត​ពណ៌​ខ្មៅ​។ ចំពោះ​រថយន្ត​ដែល​ត្រូវបាន​ឃាត់ទុក ម្ចាស់​រថយន្ត ត្រូវ​សរសេរ​កិច្ចសន្យា ប្តូរ​ពណ៌​របស់​វាពី​ខ្មៅ ទៅ​ស ឬ​ពណ៌​ភ្លឺ​ផ្សេងៗ​ទៀត​។​

​កាសែត Chronicles of Turkmenistan បានបញ្ជាក់​ឲ្យ​ដឹងថា លោក Gurbanguly Berdimuhamedow ដែល​កាន់តំណែង​ជា​ប្រធានាធិបតី​តួ​កមេ​នី​ស្ថាន​តាំងពី​ឆ្នាំ​២០០៧ បានចេញ​បញ្ជា​ហាម​ប្រើប្រាស់​រថយន្ត​ពណ៌​ខ្មៅ តាំងពី​ឆ្នាំ​២០១៥ មកម្ល៉េះ ប៉ុន្តែ​មិនសូវមាន​ប្រសិទ្ធភាព​។​

​ចាប់ពី​ឆ្នាំ​២០១៨​នេះ លោក​បានដាក់​កំហិត​ដ៏​តឹងរ៉ឹង ខណៈ​តម្លៃ​នៃ​ការប្តូរ​ពណ៌​រថយន្ត ឡើង​ទ្វេរ​ជា​ពីរ ពោលគឺ​ពី​៥០០​ដុល្លារ​អាមេរិក ទៅ​១០០០​ដុល្លារ​អាមេរិក​សម្រាប់​សេវាកម្ម​រថយន្ត​មួយគ្រឿង​។​

​ការហាមឃាត់ និង​ការដាក់ពិន័យ​អ្នកប្រើប្រាស់​រថយន្ត​ពណ៌​ខ្មៅ ផ្តើម​អនុវត្ត​នៅ​ក្រុង Ashgabat ហើយនឹង​បន្តធ្វើ​ទូទាំងប្រទេស​។ លោក Gurbanguly លើកទឹកចិត្ត​ពលរដ្ឋ​របស់ខ្លួន ប្រើប្រាស់​រថយន្ត​ពណ៌​ស ដែល​លោក​អះអាងថា ជា​ពណ៌​នាំ​សំណាង​៕



© រក្សាសិទ្ធិដោយ thmeythmey.com