ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឡេការពារកម្តៅព្រះអាទិត្យថ្លៃក៏មិនអាចកាត់បន្ថយការប្រឈមនឹងមហារីកស្បែកដែរ
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Guardian បានឲ្យដឹងថា ឡេការពារកម្តៅព្រះអាទិត្យដែលមានលក្ខណៈការពារខ្ពស់ក៏មិនអាចការពារស្បែកពីជំងឺមហារីកស្បែកបានដែរ។ ការស្រាវជ្រាវនេះមានការចូលរួមជាមួយនឹងសត្វកណ្តុរដែលតម្រូវឲ្យវាមានលក្ខណៈត្រៀមនឹងកើតជំងឺមហារីកស្បែកប្រភេទ Melanoma បានរកឃើញថា ឡេការពារកម្តៅព្រះអាទិត្យគ្រាន់តែពន្យាពេលប៉ុណ្ណោះ ក្នុងការកុំឲ្យកើតមហារីកស្បែកប្រភេទនេះ។
ជំងឺមហារីកស្បែកប្រភេទ Malignant Melanoma កើតឡើងនៅពេលកោសិការជាច្រើនដែលផលិតសារធាតុ មេឡាីន សម្រាប់បំពាក់ពណ៌ខ្មៅឲ្យស្បែក មានការបំបែកខ្លួនខ្លាំង ហើយក៏លូតលាស់មិនអាចគ្រប់គ្រងបានដែរ។
ការបំបែកខ្លួនរបស់ហ្សែនសម្រាប់ការលូតលាស់របស់កោសិកា ឬហៅថា BRAF ត្រូវបានគេរកឃើញក្នុងជំងឺមហារីកជាច្រើនប្រភេទ ដោយក្នុងនោះមានពាក់កណ្តាលជាមហារីកស្បែក។ កណ្តុរដែលគេយកមកសិក្សានេះតម្រូវឲ្យចាក់បញ្ចូលសារធាតុខាងលើនេះ ហើយកណ្តុរទាំងអស់គឺកើតជំងឺមហារីកស្បែកប្រភេទMelanoma ទាំងអស់នៅពេលប៉ះពាល់នឹងពន្លឺកាំរស្មីយូវី។
ឡេការពារកម្តៅព្រះអាទិត្យដែលមានកត្តាការពារ ៥០ អាចពន្យាពេលការកើតជំងឺនេះបាន ហើយក៏បន្ថយចំនួនដុំសាច់មហារីកដែរ ប៉ុន្តែមិនអាចបង្ការជំងឺមហារីកស្បែក Melanoma បានឡើយ។ ការសិក្សាក៏បានរកឃើញថា ក្នុងសត្វកណ្តុរដែលមានការបំបែកខ្លួនរបស់ហ្សែន BRAF វានឹងធ្វើឲ្យការប៉ះពាល់នឹងកាំរស្មីយូវីបំផ្លាញដល់ផ្នែកផ្សេងមួយទៀតនរបស់ DNA ដែលបញ្ឈប់កោសិកាកុំឲ្យបំបែកខ្លួនលឿនពេក ដែលនេះហៅថាហ្សែនទប់ស្កាត់ដុំសាច់ ឬហៅថា TP53។ ឡេការពារកម្តៅព្រះអាទិត្យ មិនបានបង្ការការខូចខាតនេះឡើយ មានន័យថា កោសិកាអាចលូតលាស់ដោយមិនមានការគ្រប់គ្រងទៅវិញ។
ការបំបែកខ្លួនរបស់ហ្សែន BRAF បានរកឃើញនៅក្នុងជំងឺមហារីកស្បែក Melanoma ថាវាមិនមែនជាប្រភេទមហារីកដំណរពូជទេ ហើយក្នុងរាងកាយមនុស្សប្រហែលជាបង្កឡើងដោយការប៉ះពាល់នឹងកាំរស្មីយូវី និងកត្តាបរិដ្ឋានផ្សេងៗទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ឡេការពារកម្តៅព្រះអាទិត្យគួរតែប្រើផ្សំគ្នានឹងវិធីបង្ការជំងឺមហារីកផ្សេងៗទៀតដូចជា ការពាក់សម្លៀកបំពាក់ឲ្យបានសមរុំនៅពេលព្រះអាទិត្យក្តៅខ្លាំង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com