ជាតិ
សេដ្ឋកិច្ច
Oxfam ៖ កំណើនមហាសេដ្ឋី មិនមែនជាសញ្ញាល្អនៃការរីកចម្រើនសេដ្ឋកិច្ចទេ
× ភ្នំពេញ៖ អង្គការ Oxfam បានបង្ហាញរបាយការណ៍មួយថា កំណើនមហាសេដ្ឋី មិនមែនជាសញ្ញាល្អ នៃការរីកចម្រើនសេដ្ឋកិច្ចទេ ។ ក្នុងរបាយការណ៍ Oxfam បន្តថា ក្រុមមនុស្សមួយភាគរយក្នុងពិភពលោក បានក្ដោបក្ដាប់ទ្រព្យសម្បត្តិ៨២ភាគរយ ដែលកើតឡើងកាលពីឆ្នាំ២០១៧ ខណៈដែលប្រជាពលរដ្ឋក្រីក្រ ស្ទើតែពាក់កណ្ដាលនៃចំនួនប្រជាជនសរុបទូទាំងពិភពលោកមិនទទួលបានអ្វីឡើយ។ Oxfam ចេញរបាយការណ៍នេះឡើង ស្របពេលដែលអ្នកមានទ្រព្យសម្បត្តិលើពិភពលោក ត្រៀមចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
របាយការណ៍ថ្មីពីអង្គការសប្បុរសធម៌ ដែលអង្គការ Oxfam ទទួលបាននោះ រកឃើញដូចគ្នាដែរថា ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋី កើនឡើង៦ដងលឿនជាងបុគ្គលិកធម្មតា ចាប់តាំងពីឆ្នាំ២០១០។ ហើយមហាសេដ្ឋីផ្សេងៗទៀត បានលេចចេញជារូបរាងរាល់២ថ្ងៃម្ដង ចន្លោះពីខែមីនា ឆ្នាំ២០១៦ ដល់ខែមីនាឆ្នាំ២០១៧។
បន្ថែមពីនេះអង្គការ Oxfam បានបង្ហាញទិន្នន័យដែលខ្លួនរកឃើញថា ក្រុមមនុស្សដែលមានទ្រព្យសម្បត្តិមួយចំនួន បានក្ដោបក្ដាប់ទ្រព្យសម្បតិជាច្រើន ខណៈដែលមនុស្សរាប់រយលាននាក់ កំពុងតស៊ូរស់នៅទាំងលំបាកក្នុងភាពក្រីក្រ។ នាយកប្រតិបត្តិអង្គការ Oxfam លោក Winnie Byanyima បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖«ចំនួនមហាសេដ្ឋីកើនឡើង មិនមែនជាសញ្ញាល្អនៃការរីកចម្រើនក្នុងផ្នែកសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាសញ្ញានៃការបរាជ័យក្នុងប្រព័ន្ធសេដ្ឋកិច្ច»។
ជាមួយគ្នានេះលោក Winnie Byanyima បានសង្កត់ធ្ងន់ថា ស្ថានភាពកម្មករស្ត្រី គឺជារឿយៗអាចរកប្រាក់ចំណូលតិចជាងបុរស ហើយក៏តែងតែទទួលបានការងារដែលមានប្រាក់ចំណូលទាប និងគ្មានសុវត្ថិភាព។ បើតាម Oxfam ៩ភាគ១០ នៃមហាសេដ្ឋី គឺជាបុរស។
របាយការណ៍ដដែលបន្តថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនធំៗល្បីឈ្មោះ ចំនួន៥ក្នុងពិភពលោក គ្រាន់តែរយៈពេល៤ថ្ងៃប៉ុណ្ណោះ ពួកគេអាចរកចំណូលស្មើនឹងបុគ្គលិកបម្រើការងារនៅក្នុងប្រទេសបង់ក្លាដេស រកចំណូលពេញមួយជីវិត។
«ប្រជាពលរដ្ឋដែលបម្រើការងារក្នុងវិស័យសម្លៀកបំពាក់ ដំឡើងទូរសព្ទ និងការដាំដុះផលិតផលកសិកម្មសម្រាប់ចំណីអាហារ កំពុងត្រូវបានកេងប្រវ័ញ្ច ដើម្បីធានាបានការផ្គត់ផ្គង់នូវតម្លៃទំនិញទាប និងបង្កើនចំណូលដល់ដំណើការអាជីវកម្មរបស់អ្នកវិនិយោគ»។ នេះជាការលើកឡើងរបស់លោក Winnie Byanyima ដែលស្នើឲ្យរដ្ឋាភិបាលប្រទេសនីមួយៗកំណត់ចំណូលម្ចាស់ភាគហ៊ុន និងអ្នកគ្រប់គ្រងក្រុមហ៊ុនធំៗ និងបង្រួមឲ្យតូចនូវគម្លាតនៃការផ្ដល់ប្រាក់បៀវត្សដល់បុគ្គលិក ដោយមិនត្រូវរើសអើងភេទ។
វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស នៅឆ្នាំ នឹងលើកពីប្រធានបទ នៃរបៀប«ចែករំលែកអនាគតក្នុងដំណើបែកបាក់ពិភពលោក»៕
© រក្សាសិទ្ធិដោយ thmeythmey.com