ជាតិ
បង្ក្រាបល្បែងជល់មាន់ដែលនាំឲ្យបុរសម្នាក់ស្លាប់៖ ប៉ូលិសម្នាក់ជាប់ចោទពីបទ«មនុស្សឃាតដោយអចេតនា» មន្រ្តីនគរបាលឈ្មោះ ចន វីរៈ (ពាក់អាវពណ៌ក្រហម) ដើរឱនមុខ ពេលចូលតុលាការ។ រូបភាពពីគណនីហ្វេសបុក កញ្ចក់ ទិព្វ
× ភ្នំពេញ៖ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ បានចោទនគរបាលម្នាក់ ពីបទ«មនុស្សឃាតដោយអចេតនា» ក្នុងគ្រាដែលនគរបាលរូបនេះ បានប្រើប្រាស់កាំភ្លើងបង្ក្រាបកន្លែងជល់មាន់មួយកន្លែង បណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ មករាកន្លងមក។
ដើមចមដែលបណ្ដាលឲ្យមានមនុស្សស្លាប់នេះ នៅពេលដែលនគរបាលម្នាក់ឈ្មោះ ចន វីរៈ ចុះទៅបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ហើយបានយកកាំភ្លើងបាញ់ឡើងលើ ដើម្បីគំរាមជនល្មើសប្រព្រឹត្តល្បែងជល់មាន់កុំឲ្យតដៃ តែបែរជាគ្រាប់កាំភ្លើងហើរទៅចំពលរដ្ឋម្នាក់ រហូតបាត់បង់ជីវិត។ នេះបើតាមលោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលអះអាងថា សំណុំរឿងខាងលើ ត្រូវបានបញ្ចូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។
គួរបញ្ជាក់ថា បុរសដែលបានបាត់បង់ជីវិតក្នុងករណីបង្ក្រាបសង្វៀនជល់មាន់នេះ មានឈ្មោះ សៀក រ៉ន អាយុ៣៣ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ។ ហេតុការណ៍នេះបានកើតឡើង នៅម្តុំផ្សារកាណាស៊ីធី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕
Tag:
តុលាការ
នគរបាល
ជល់មាន់
© រក្សាសិទ្ធិដោយ thmeythmey.com