កីឡាជាតិ
ជាតិ
ទិវា​រត់​កម្សាន្ត​ពេល​រាត្រី​លើក​ទី​៣ គ្រោង​រៀបចំ​នៅ​ចុងខែ​មករា
24, Jan 2018 , 9:59 pm        
រូបភាព
​សៀមរាប​៖ គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​រៀបចំ​ទិវា​រត់​កម្សាន្ត​ពេល​រាត្រី​ជា​លើក​ទី​៣ នៅ​ថ្ងៃទី​២៨ ខែមករា​ខាងមុខនេះ នៅ​ខេត្តសៀមរាប​។ នេះ​ជា​កីឡា​ថ្មី​មួយ សម្រាប់​ទាក់ទាញ​ទេសចរ​ដែល​ចូលចិត្ត​ការកម្សាន្ត​បែប​សប្បាយ និង​ប្លែក​។



​លោក សែម ផល្លា នាយក​ចាត់ការ​ទូទៅ ក្នុងការ​រៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ និង​ការរត់​កម្សាន្ត​ពេល​រាត្រី នៃ​គណៈកម្មការ​ជាតិ​អូឡាំពិក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​រសៀល​ថ្ងៃទី​២៤ ខែមករា​ថា លោក​មិនទាន់​ច្បាស់ ពី​ចំនួន​អ្នកចូលរួម ក្នុង​កម្មវិធី​លើក​ទី​៣​នេះ​នៅឡើយ​។ លោក​បន្ថែមថា គម្រោង​របស់​គណៈកម្មកា​រ​ជាតិ​អូឡាំពិក គឺ​រៀបចំ​ទិវា​រត់​កម្សាន្ត​ពេល​រាត្រី​នេះ​ចំនួន ៣​ដង ក្នុង​មួយឆ្នាំ សម្រាប់​ឆ្នាំ​ដំបូង នៃ​គម្រោង​សាកល្បង​ឱ្យមាន​ប្រភេទ​កីឡា​ថ្មី​នេះ​នៅ​កម្ពុជា​។​

​តាម​ការ​ឱ្យដឹង​បន្ថែម​ពី​លោក សែម ផល្លា ឆ្នាំ​ទីមួយ​នៃ​ការដកពិសោធន៍​ប្រភេទ​កីឡា​ថ្មី​នេះ គណៈកម្មការ​ជាតិ​អូឡាំពិក​សម្រេច​ធ្វើ​៣​ដង​ក្នុង​មួយឆ្នាំ ដោយ​ជ្រើសរើស​តំបន់​ផ្សារ​ចាស់ ខេត្តសៀមរាប ជាទី​តាំង​។ លោក​បញ្ជាក់ថា​៖« ខេត្តសៀមរាប​ជា​ខេត្ត​ទេសចរណ៍​សម្បូរ​ភ្ញៀវទេសចរ​ច្រើន​។ ហើយ​គោលការណ៍​យើង ធ្វើ​រាល់​ខែ​ណា​ដែល​សម្បូរ​ភ្ញៀវ ឬ High Season​។ តែ​ពី​ឆ្នាំក្រោយៗ​ទៅ យើង​នឹង​រៀបចំ​២​ដង​ក្នុង​មួយឆ្នាំ​វិញ និង​មាន​ធ្វើ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ ដែល​យើង​កំពុង​គិត ក្នុងនោះ​មាន​រាជធានី​ភ្នំពេញ និង​ក្រុងព្រះសីហនុ​»​។​

​ក្រោយ​មានបទពិសោធន៍​រៀបចំ​បាន​២​ដង​រួចមក លោក សែម ផល្លា បាន​មើលឃើញ​ពី​សន្ទុះ​ចូលរួម​ច្រើន​ពី​ភ្ញៀវទេសចរ​បរទេស ក្នុងនោះ​ក៏មាន​យុវជន​ចូលរួម​ច្រើន​ផងដែរ​។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ចំនួន​អ្នកចូលរួម​មិនទាន់​ច្រើន​ទេ ដោយសារ​កង្វះ​ពេលវេលា​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​។

​ទិវា​រត់​កម្សាន្ត​ពេល​រាត្រី ជា​ព្រឹត្តិការណ៍​បែប​មនុស្សធម៌ ដូច​ទៅនឹង​ព្រឹត្តិការណ៍​កីឡា​ម៉ា​រ៉ា​តុង​ផងដែរ​។ សម្រាប់​អ្នកចូលរួម​ក្នុងការ​កីឡា​នេះ ៥​ដុល្លារ​សម្រាប់​ជនជាតិខ្មែរ និង​២០​ដុល្លារ​សម្រាប់​បរទេស​។ ការរត់​ចាប់ផ្តើម​នៅ​រវាង​ម៉ោង ៧​យប់ ក្នុង​រយៈ​ចំងាយ​ផ្លូវ​ខ្លី បន្ទាប់មក​ក៏មាន​ការ​រាំ​កម្សាន្ត​ដល់​រាត្រី​ផងដែរ​។​

​គួររម្លឹកថា ទិវា​រត់​កម្សាន្ត​ពេល​រាត្រី​លើក​ទី​១ ត្រូវបាន​ធ្វើឡើង​នៅ​ដើមខែ វិច្ឆិកា ឆ្នាំ​២០១៧ ដោយពេល​នោះបាន​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​ជិត​៧០០​នាក់​។ លើក​ទី​២ រៀបចំឡើង​នៅ​យប់​ឆ្លង​ឆ្នាំ​សកល ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ មាន​អ្នកចូលរួម​ប្រមាណ ៩០០​នាក់​៕


Tag:
 ទិវា​រត់​កម្សាន្ត​ពេល​រាត្រី​
 ​ សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com