ជាតិ
សេដ្ឋកិច្ច
​លទ្ធភាព​បញ្ចុះ​ថ្លៃ​អគ្គិសនី​ឲ្យ​ទាប​ស្មើ​ប្រទេសជិតខាង​សម្រាប់ SME ហាក់​នៅ​វែងឆ្ងាយ​
24, Jan 2018 , 5:34 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តម្លៃ​អគ្គិសនី​ខ្ពស់​ជា​បញ្ហា​ប្រឈម​មួយ ដែល​ម្ចាស់​សហគ្រាស តែង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ ដើម្បី​មានលទ្ធភាព​ប្រកួតប្រជែង​ផលិតផល​នឹង​ប្រទេសជិតខាង​។ ឆ្លើយ​នឹង​បញ្ហា​នេះ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា អះអាងថា រដ្ឋាភិបាល​មាន​ផែនការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​បន្តិច​ម្ដងៗ ប៉ុន្តែ​លទ្ធភាព​ទម្លាក់​ថ្លៃ​ស្មើនឹង​ប្រទេសជិតខាង គឺ​មិនទាន់​អាចទៅរួច​នោះទេ ដោយសារ​ការផលិត​អគ្គិសនី​របស់​កម្ពុជា​នៅមាន​បរិមាណ​តិច​។​



សូមស្តាប់សំឡេង៖




​លោក ទី នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​មាន​ផែនការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​សម្រាប់​សហគ្រាស​អាជីវក​ម្ម ឧស្សាហកម្ម ជា​រៀងរាល់ឆ្នាំ ដោយនៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ខាងមុខនេះ ថ្លៃ​អគ្គិសនី​នឹងត្រូវ​បញ្ចុះ​ពី ១៦,៧​សេន (​ប្រហែល ៦៧០​រៀល​) មក​នៅត្រឹម ១៦,៥​សេន​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។  លោក​ថ្លែង​បែបនេះ​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា នៅ​ថ្ងៃទី​២៤​ខែមករា​។​

​តែ​នេះ​ជាការ​បញ្ចុះ​ថ្លៃ​តិចតួច មិនទាន់​ឆ្លើយតប​នឹង​ការចង់បាន​របស់​សហ​គ្រាស ដែល​ចង់​ឲ្យ​ថ្លៃដើម​ផលិត​ទាប​ដូច​ប្រទេសជិតខាង​កម្ពុជា​។​

​លោក ទី នរិន្ទ គូសបញ្ជាក់ថា រដ្ឋាភិបាល​មិនទាន់​អាច​ទម្លាក់​ថ្លៃ​អគ្គិសនី​នៅ​ទាប​ដូច​ប្រទេសជិតខាង​បានទេ ដោយ​សមត្ថភាព​ផលិត​ថាមពល​របស់​កម្ពុជា​នៅមាន​បរិមាណ​តិច​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ឥឡូវ​យើង (​ផលិត​បាន​) ទើប​ជាង ២​ពាន់​មេ​ហ្គា​វ៉ា​ត់ ចាំ​យើង​ធ្វើបាន ៣​ម៉ឺន​មេ​ហ្គា​វ៉ា​ត់​ដូច​គេ យើង​បញ្ចុះ​បាន​ដូច​គេ​»​។​

​តម្លៃ​អគ្គិសនី​ខ្ពស់ តែង​ត្រូវ​បានលើកឡើង​មិន​ថា​ពី​វិស័យ​ឯកជន ពី​របាយការណ៍​របស់​ធនាគារពិភពលោក ដែល​ចាត់ទុកជា​បញ្ហា​ប្រឈម​លើ​ថ្លៃដើម​ផលិត​សម្រាប់​សហគ្រាស​អាជីវក​ម្ម ឧស្សាហកម្ម ដែល​ពិបាក​នឹង​ប្រកួតប្រជែង ខណៈ​អគ្គិសនី​នៅ​ប្រទេសជិតខាង​ថ្លៃ ២០០​រៀល​ទៅ​ជាង ៣០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។​

​សម្រាប់​ការប្រើប្រាស់​អគ្គិសនី​ក្នុង​ពេលយប់​វិញ រដ្ឋាភិបាល​នឹង​កំណត់​ថ្លៃ​ត្រឹម ១២​សេន​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​។ នេះ​បើតាម​លោក ទី នរិន្ទ ដែល​អះអាងថា បើទោះបី​រដ្ឋាភិបាល​បញ្ចុះ​ថ្លៃ​ទាប​ជាង​នេះ ក៏​មិន​ប្រាកដថា​សហគ្រាស​ងាក​ទៅ​ដំណើរការ​រោងចក្រ​កែច្នៃ​របស់ខ្លួន​នៅពេល​យប់នោះ​ដែរ ព្រោះ​ដំណើរការ​ពេលយប់ សហគ្រាស​ត្រូវ​ចំណាយ​ថ្លៃ​ពលកម្ម​ទ្វេដង​៕
 


Tag:
 អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com