ជាតិ
សេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ច ចេញប្រកាសកែសម្រួលចំណាត់ថ្នាក់អ្នកជាប់ពន្ធ
× ភ្នំពេញ៖ ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៤ខែមករា បានកែសម្រួលចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។
ផលរបរប្រចាំឆ្នាំ ដែលជាមូលដ្ឋានកំណត់ចំណាត់ថ្នាក់អ្នកជាប់ត្រូវបានកែប្រែសម្រាប់អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ។ ប្រកាសថ្មីបានកំណត់ថា អ្នកជាប់ពន្ធមធ្យម គឺជាសហគ្រាសដែលមានផលរបរប្រចាំឆ្នាំលើសពី ៧០០ លានរៀលដល់ ៤០០០ លានរៀល។ រីឯអ្នកជាប់ពន្ធធំ គឺសហគ្រាសដែលមានផលរបរប្រចាំឆ្នាំលើសពី ៤០០០ លានរៀល។
បើតាមប្រកាសចាស់ឆ្នាំ២០១៥ ដែលត្រូវបានលុបចោល ផលរបរសម្រាប់អ្នកជាប់ពន្ធមធ្យម ត្រូវបានកំណត់លើសពី ៧០០ លានរៀលដល់ ២០០០ លានរៀល ខណៈអ្នកជាប់ពន្ធធំត្រូវមានផលរបរលើសពី ២០០០ លានរៀល។
ចំណែកផលរបរសម្រាប់អ្នកជាប់ពន្ធតូច មិនត្រូវបានកែប្រែឡើយ គឺ ២៥០ លានរៀលទៅ ៧០០ លានរៀល ដែលជាសហគ្រាសឯកបុគ្គល ឬសហគ្រាសហកម្មសិទ្ធិ។
ការកែសម្រួលចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសនេះ ត្រូវបានធ្វើឡើងដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធគ្រប់ប្រភេទឲ្យមានប្រសិទ្ធិភាព តម្លាភាព និងសមធម៌ ស្របតាមការរីកចម្រើនសេដ្ឋកិច្ចជាតិ។ នេះបើតាមប្រកាសខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com