ជាតិ
សេដ្ឋកិច្ច
វៀតណាម​ផ្ដល់​ពូជ​ស្វាយចន្ទី ហើយ​សន្យា​ទិញ​ផលិតផល​នេះ​ពី​កសិករ​ខ្មែរ​
27, Jan 2018 , 9:59 pm        
រូបភាព
ដោយ:
​សមាគម​ស្វាយចន្ទី​វៀតណាម បាន​យល់ព្រម​ផ្ដល់​ប្រភេទ​ពូជ​ស្វាយចន្ទី ជាមួយនឹង​ការគាំទ្រ​បច្ចេកទេស​ដល់​កម្ពុជា បន្ថែម​ពីលើ​នេះ​ទៀត សមាគម​នឹង​ប្រមូល​ទិញ​ផលិតផល​ស្វាយចន្ទី​ពី​កសិករ ឬ​សហគមន៍​កសិករ​កម្ពុ​ជា​។ នេះ​បើ​យោងតាម​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​សមាគម​ស្វាយចន្ទី​វៀតណាម ស្ដីពី​«​ជំរុញ​ផលិតកម្ម​ស្វាយចន្ទី​កម្ពុជា​សម្រាប់​ការនាំចេញ​» កាលពី​ថ្ងៃទី​១៧ មករា ។​



​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បានចេញ​សេចក្ដីណែនាំ​មួយ ប្រាប់​ទៅ​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​របស់ខ្លួន នៅ​រាជធានី​-​ខេត្ត ឲ្យ​បង្កើន​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ចាប់ផ្តើម​ពិនិត្យ សិក្សា​អំពី​សក្ដានុពល​ជា​យុទ្ធសាស្ត្រ និង​កំណត់​តំបន់​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី សម្រាប់​ប្រជាកសិករ និង​សហគមន៍​កសិករ​ខ្មែរ​។​

​បន្ថែម​ពីលើ​នេះ លោក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​មានការ​សម្របសម្រួល និង​សហការ​ជាមួយ​សមាគម​ស្វាយចន្ទី​វៀតណាម ក្នុងការ​ជ្រើសរើស​ក្រុម​ផលិត ការផ្ដល់​បច្ចេកទេស​ទំ​នើ​ប​ដល់​កសិករ ឬ​សហគមន៍​កសិករ ដោយ​ផ្អែក​តាម MOU​។​

​លោក វេ​ង សាខុន ក៏បាន​បញ្ជាក់​ទៅ​មន្ត្រីក្រោមឱវាទ​ខ្លួន ធ្វើការ​ណែនាំ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ក្រុម​កសិករ ឬ​សហគមន៍​កសិកម្ម ព្រមទាំង​ក្រុមហ៊ុន​សម្បា​ទាន​ដី​សេដ្ឋកិច្ច ឲ្យ​ចូលរួម​បង្កើន​ផលិតកម្ម​ដំណាំ​ស្វាយចន្ទី ជាមួយ​សមាគម​ស្វាយចន្ទី​វៀតណាម ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ទីផ្សារ​នាំចេញ​៕


Tag:
 វេ​ង សុខុន​
  ​ស្វាយចន្ទី​
© រក្សាសិទ្ធិដោយ thmeythmey.com