ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ណែនាំការបង់ពន្ធប្រថាប់ត្រាលើការ«កាត់ឈ្មោះ»រថយន្ត ដែលគិតអត្រា៤ភាគរយ
× ភ្នំពេញ៖ អគ្គនាយដ្ឋានពន្ធដារ នៅថ្ងៃទី៣ខែមករា បានចេញសេចក្ដីណែនាំមួយស្ដីពីការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន។
នៅពេលដែលយានយន្តត្រូវបានលក់ ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ ពីម្ចាស់មួយទៅមួយទៀត កម្មសិទ្ធិករមានកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រា តាមអត្រា ៤ ភាគរយ ស្របតាមបញ្ញត្តិច្បាប់ពន្ធដារជាធរមាន។ បានសេចក្ដីថា គេត្រូវបង់ពន្ធអត្រា ៤ ភាគរយនៃចំនួន ដែលជាមូលដ្ឋានគិតពន្ធ។
ប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឆ្នាំ២០១៣ ដែលនៅជាធរមាននៅឡើយ បានកំណត់មូលដ្ឋានគិតពន្ធ។ ប្រកាសនេះបានកំណត់ចំនួនលុយជាក់លាក់ សម្រាប់ធ្វើជាមូលដ្ឋានគិតពន្ធ ចំពោះប្រភេទរថយន្តមួយចំនួន ប៉ុន្តែសម្រាប់ប្រភេទរថយន្តលក្ខណៈគ្រួសារមិនស្ថិតក្នុងការកំណត់នេះទេ គឺឈរលើតម្លៃទីផ្សារ។ ប្រកាសបានចែងដូច្នេះថា៖«ប្រភេទមធ្យោបាយដឹកជញ្ជូន ឬយានយន្តផ្សេងៗក្រៅពីប្រភេទខាងលើ មូលដ្ឋានគិតពន្ធ ត្រូវបានកំណត់ ៥០ភាគរយ នៃតម្លៃទីផ្សារ»។
ប៉ុន្តែពន្ធប្រថាប់ត្រា មិនត្រូវអនុវត្តឡើយចំពោះការផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជលយានគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ។
ដើម្បីកាត់ឈ្មោះ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលសិទ្ធិ ត្រូវបង់ពន្ធប្រថាប់ត្រាជាមុនសិនទើបអាចកាត់ឈ្មោះបាន។ ហើយដើម្បីបង់ពន្ធបាន គេត្រូវបំពេញពាក្យសុំតាមទម្រង់ FORM VT T01 ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ។ ការបង់ពន្ធអាចធ្វើបាននៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សម្រាប់ការកាត់ឈ្មោះនៅភ្នំពេញ តែសម្រាប់ខេត្ត ការបង់ពន្ធត្រូវធ្វើនៅសាខាពន្ធតាមបណ្ដាខេត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com