ជាតិ
អាជ្ញាធរ ដកហូត​ឯកសារ​មិន​ប្រក្រតី​ពី​ជនជាតិ​វៀតណាម និង​ឡាវ ជាង​២​ម៉ឺន​នាក់ ក្នុង​រយៈពេល​២​ខែ​
28, Jan 2018 , 3:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ដកហូត​ឯកសារ​រដ្ឋបាល​មិន​ប្រក្រតី ពី​ជនជាតិ​វៀតណាម និង​ឡាវ ដែល​កំពុង​រស់នៅ​កម្ពុជា​ចំនួន​៦,២៤៤​គ្រួសារ ដែលមាន​មនុស្ស​សរុប​ចំនួន ២១,១៦៧​នាក់ ក្នុងនោះ​ស្រី ៩,៨២៩​នាក់ ចាប់ពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៨ ។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ឲ្យ​ដឹង​ទៀតថា ឯកសារ​ដែល​បាន​ដកហូត​មាន​ជិត​១​ម៉ឺន​ច្បាប់ ដែលមាន​ដូចជា សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ សំបុត្រ​កំ​ណើ​រ​ខ្មែរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លិខិតឆ្លងដែន​ខ្មែរ​។​



​បើតាម​ការបញ្ជាក់​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជនបរទេស ដែល​ត្រូវបាន​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី អាច​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ឬ​អាចដាក់​ពាក្យស្នើសុំ​ជា​ជនបរទេស​អន្តោប្រវេសន៍ ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​សម្រេច​ដោយ​អាជ្ញាធរ​កម្ពុជា​។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏បាន​ជូនដំណឹង​ដល់​ជនបរទេស​ដែល​កំពុងតែ​កាន់កាប់ និង​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ថា ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ​មាន​សមត្ថកិច្ច ដោយ​យក​ឯកសារ​ដើម​មក​ឲ្យ​សមត្ថកិច្ច​ដកហូត​៕




Tag:
 ឯកសារ​មិន​ប្រក្រតី​
 ​ វៀតណាម​-​ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com