ជាតិ
សព្វថ្ងៃ​មាន​ប្រជាជន​ជប៉ុន​ជិត​៤០០​នាក់​ដែល​កំពុង​រស់នៅ​ខេត្តសៀមរាប​
28, Jan 2018 , 4:59 pm        
រូបភាព
​សៀមរាប​៖ ការិយាល័យ​កុងស៊ុល​ជប៉ុន បាន​បើក​ការិយាល័យ​របស់ខ្លួន​នៅ​ខេត្តសៀមរាប​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨​។ ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​នៅ​សណ្ឋាគារ​សុខា​សៀមរាប ដោយមាន​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​ចូលរួម​សម្ពោធ​។ តាម​របាយការណ៍​រប​ស់​ទូត​ជប៉ុន បច្ចុប្បន្ន​មាន​ប្រជាជន​ជប៉ុន​ប្រមាណ ៣៧០​នាក់ កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ខេត្តសៀមរាប​។​



​ការិយាល័យ​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប បម្រើ​ដល់​បណ្តា​ខេត្ត​ជុំវិញ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​ខេត្តកំពង់ធំ និង​មាន​ស្នាក់ការ​នៅ​សណ្ឋាគារ សុខា​ផា​លែស​។​



​លោក​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន លោក NAKANE Kazuyki បាន​រម្លឹក​ពី​ទំនាក់ទំនង​នានា​រវាង​ជប៉ុន និង​កម្ពុជា រួម​និង​សមិទ្ធិផល​នានា ដែលមាន​កន្លងមក ដូចជា​ផ្លូវ ស្ពាន​ជាដើម​។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា លោក NAKANE បានឱ្យដឹងថា ជា​រៀងរាល់​ឆ្នាំមាន​ទេសចរ​ជនជាតិ​ជប៉ុន​ប្រមាណ ២០​ម៉ឺន​នាក់ ដែល​មក​កម្សាន្ត​ខេត្តសៀមរាប និង​មាន​ក្រុមហ៊ុន​ចំនួន ១៩ កំពុង​ប្រតិបត្តិ​ការរកស៊ី​លើ​វិស័យ​ទេសចរណ៍​។ ក្រៅពីនេះ ប្រទេស​ជប៉ុន​ក៏មាន​សកម្មភាព​ជួយ​ជួសជុល​ប្រាសាទ​នៅ​តំបន់​អង្គ​រដែរ ដែល​កំពុង​ប្រតិបត្តិការ​ដោយ​ស្ថាប័ន JASA សាកលវិទ្យាល័យ ស៊ូ​ហ្វី​យ៉ា រួម​និង​វត្តមាន​សមាគម​ជប៉ុន​មួយចំនួនទៀត​។​

​តាមរយៈ​ការបើក​ការិយាល័យ​កុងស៊ុល​ថ្មី​នេះ លោក NAKANE រំពឹងថា នឹង​ធ្វើឱ្យ​ទំនាក់ទំនង​ប្រទេស​ជប៉ុន និង​កម្ពុជា កាន់តែ​មាន​ភាព​ស៊ីជម្រៅ តាមរយៈ​ការផ្តល់សេវា​នានា​។ ក្នុងនោះ លោក​ក៏​ស្នើឱ្យ​ប្រជាជន​កម្ពុជា ជួយ​គាំទ្រ​ដល់​ការិយាល័យ​កុងស៊ុល​នេះ​ផងដែរ​។​



​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏មាន​សុទិដ្ឋិនិយម​ចំពោះ​ការិយាល័យ​កុងស៊ុល​ជប៉ុន នៅលើ​ទឹកដី​ខេត្តសៀមរាប​ផងដែរ​។ តាម​លោក នូ ផល្លា ការិយាល័យ​កុងស៊ុល​ថ្មី​នេះ នឹង​ជំរុញ​ឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ កាន់តែ​ជិតស្និទ្ធ និង​ទាក់ទាញ​វិនិយោគ​កិន ក៏ដូចជា​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន មក​កម្សាន្ត​ខេត្ត​សៀម​រាម​កាន់តែច្រើន​មួយកម្រិត​ទៀត​។​

​លោក នូ ផល្លា ក៏បាន​អរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន ជានិច្ចកាល​តែងតែ​ជួយ​ដល់​ប្រជាជន​កម្ពុជា ហើយ​លោក​រំពឹងថា សកម្មភាព​នេះ នឹង​បន្តទៅ​ថ្ងៃ​អនាគត​ទៀត​៕






Tag:
 កុងស៊ុល​ជប៉ុន​
 ​ សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com