អន្តរជាតិ
បង់​ក្លា​ដែ​ស​មិនទាន់​អាច​កំណត់ពេល​ជា​ថ្មី ក្រោយ​ពន្យារពេល​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៅ​មី​យ៉ាន់​ម៉ា​
28, Jan 2018 , 8:19 pm        
រូបភាព
ដោយ:
​គឺ​រយៈពេល​ជិត​មួយ​សប្តាហ៍​ហើយ ដែល​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស នៅ​មិនទាន់​អាច​បញ្ជាក់​ពី​ពេល​កំណត់​ថ្មី​ក្នុង​បញ្ជូន​ជនភៀសខ្លួន រ៉ូ​ហ៊ីង​យ៉ា​ទៅ​មី​យ៉ាន់​ម៉ា​វិញ ។ រដ្ឋាភិបាល​បង់​ក្លា​ដែ​ស កំពុង​ស្ថិតនៅ​ក្នុងការ​ពិចារណា ដ៏​លំបាក​បំផុត ដ្បិត ការអនុវត្ត​គោលនយោបាយ​លើ​ជនភៀសខ្លួន​មកពី​មី​យ៉ាន់​ម៉ា​នេះ ក៏បាន​និង​កំពុងតែ​ស្ថិតក្រោម​ក្រសែភ្នែក និង​ការយកចិត្តទុកដាក់​ស​ហគ​មន៍​អន្តរជាតិ​បំផុត ។



​មន្ត្រីជាន់ខ្ពស់​បង់​ក្លា​ដែ​សលោក Abul Kalam នៅ​ថ្ងៃ​២២ មករា កន្លងទៅ បានប្រកាស​ពន្យា​ពេល​ក្នុងការ​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៅ​មី​យ៉ាន់​ម៉ា​វិញ ក្រោម​ហេតុផល​ថា នីតិវិធី​នៃ​ការរៀប​បញ្ជូន​នោះ​នៅមាន​ការខ្វះចន្លោះ​ច្រើន ។ សេចក្តីប្រកាស​នេះ ត្រូវបាន​ធ្វើឡើង​មុន​មួយថ្ងៃ​ប៉ុណ្ណោះ ដែល​ការបញ្ជូន​ជនភៀសខ្លួន​ត្រូវ​ចាប់ផ្តើម ពោលគឺ ការវិល​ត្រលប់​របស់​ជនភៀសខ្លួន​ទៅ​មី​យ៉ាន់​ម៉ា​វិញ ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​២៣ មករា ។

​អ្វី​គួរ​ចាប់អារម្មណ៍​នោះ មុនពេល​នៃ​ការប្រកាស​ផ្អាក​នីតិវិធី​នេះ មាន​អង្គការ​ពាក់ព័ន្ធ​វិស័យ​សិទ្ធិមនុស្ស ដែល​រួមទាំង​អគ្គលេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ​ផងដែរ​នោះ បាន​សម្តែង​ការព្រួយបារម្ភ និង​ថែមទាំង​ព្រមាន​ពាក់ព័ន្ធ​ការមិន​ទាន់​អាច​ធានា​ទាំង​សុវត្ថិភាព និង​តម្រូវការ​របស់​ជនភៀសខ្លួន នៅពេល​ត្រលប់​ទៅ​ប្រភពដើម​នោះ ។ នោះ​ក៏​ព្រោះតែ តាម​របាយការណ៍ ភូមិ​និង​ផ្ទះ​របស់​ពួកគេ ត្រូវបាន​ដុតបំផ្លាញ​ស្ទើរតែ​អស់​ទៅហើយ ។

​យ៉ាងណាមិញ ការពន្យារពេល​នេះដែរ បាន​បង្កើតជា​រឿង​ទោមនស្ស​សម្រាប់​មី​យ៉ាន់​ម៉ា ។ ក្នុងនោះ មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​២៣ មករា ថែម​បានចេញ​ថ្លែងការណ៍​បន្ទោស​បង់​ក្លា​ដែ​ស ដែល​បាន​ពន្យារពេល ដោយ​មិនមាន​ហេតុផល​ច្បាស់លាស់​គ្រប់គ្រាន់ ដែល​ធ្វើ​ឲ្យ​មី​យ៉ាន់​ម៉ា​អាច​ទទួលយកបាន ។ បើតាម​ភ្នាក់ងារ​ព័ត៌មាន​Reuters រដ្ឋមន្ត្រី​ទំនាក់ទំនង​អន្តរជាតិ​មី​យ៉ាន់​ម៉ា ក៏បាន​បញ្ជាក់ដែរថា មី​យ៉ាន់​ម៉ា បាន​ត្រៀមខ្លួន និង​រៀបចំ​រួចជាស្រេច​ហើយ​សម្រាប់​ជនភៀសខ្លួន ។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​នោះ មកទល់ពេលនេះ​ដែរ រដ្ឋាភិបាល​បង់​ក្លា​ដែ​ស ដែល​បាននិងកំពុង​តែមាន​ប​ន្ទុ​ក​យ៉ាង​ធ្ងន់​ក្នុងការ​មើលថែ​ជនភៀសខ្លួន​ជាង​រាប់សិប​ម៉ឺន​នាក់ មកពី​មី​យ៉ាន់​ម៉ា នៅ​មិនទាន់​អាច​កំណត់​ថ្ងៃ​ដែល​បង់​ក្លា​ដែ​សត្រូវ​បញ្ជូន​ជនភៀសខ្លួន តាម​កិច្ចព្រមព្រៀង​ជាមួយនឹង​មី​យ៉ាន់​ម៉ា​ឡើយ ៕


Tag:
 បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com