ជាតិ
សេដ្ឋកិច្ច
អ្នកជាប់ពន្ធលើប្រាក់បៀវត្ស ក៏អាចគណនាលុយដែលត្រូវបង់ជូនរដ្ឋបានដែរ!
× សារព័ត៌មានថ្មីៗ បានដកស្រង់ខ្លឹមសារក្នុងសេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចុះថ្ងៃទី១៥ខែមករា ដើម្បីផ្ដល់ជារបៀបគណនាពន្ធលើប្រាក់បៀវត្សជូនដល់សាធារណជន។
យោងតាមការកំណត់ថ្មី អ្នកមានប្រាក់បៀវត្សប្រចាំខែមិនលើសពី ១,២ លានរៀល មិនត្រូវជាប់ពន្ធលើប្រាក់បៀវត្សឡើយ។ ចំពោះអ្នកមានប្រាក់បៀវត្សចាប់ពី ១,២លាននិង១រៀល ដល់ ២ លានរៀល ត្រូវជាប់ពន្ធ ៥ភាគរយ ខណៈអ្នកមានបៀវត្សលើសពី ២លានរៀល ដល់ ៨,៥លានរៀល ត្រូវជាប់ពន្ធ ១០ភាគរយ។ ចំណែកបៀវត្សលើសពី ៨,៥លានរៀល ដល់ ១២,៥លានរៀល ត្រូវជាប់ពន្ធ ១៥ភាគរយ ហើយបើលើសពី ១២,៥លានរៀល ជាប់ពន្ធ ២០ភាគរយ។
ប៉ុន្តែមន្ត្រីរាជការ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្ដីឬប្រពន្ធ មូលដ្ឋានគិតពន្ធរបស់ពួកគេ ត្រូវយកប្រាក់បៀវត្ស ដកចេញនូវបន្ទុកគ្រួសារក្នុងម្នាក់ៗ ១៥ម៉ឺនរៀល។
ពាក្យ«ប្រាក់បៀវត្ស» សំដៅដល់បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ឲ្យដល់និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិត ចំពោះការបំពេញសកម្មភាពបម្រើការងារ។
ដើម្បីគណនាពន្ធលើប្រាក់បៀវត្ស គេត្រូវរកមូលដ្ឋានគិតពន្ធ ដោយត្រូវយកចំនួនប្រាក់បៀវត្សជាប់ពន្ធសរុប ដកចេញនូវប្រាក់បន្ទុកគ្រួសារ។ ដោយឡែក ចំពោះកម្មករនិយោជិត រោងចក្រ សហគ្រាស ប្រាក់បៀវត្សជាប់ពន្ធ ត្រូវបានអនុញ្ញាតឲ្យដកចេញបន្ថែមទៀតនូវប្រាក់ឧបត្ថមដែលទទួលបានពីការបំពេញការងារ។
បន្ទាប់ពីដឹងមូលដ្ឋានគិតពន្ធស្ថិតក្នុងអត្រាពន្ធណាមួយ គេត្រូវយកមូលដ្ឋានគិតពន្ធនោះ ទៅគុណនឹងអត្រាពន្ធ ហើយដកចេញនូវលម្អៀងលើសប្រាក់ពន្ធសម្រាប់ថ្នាក់អត្រាពន្ធនោះ។
សេចក្ដីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញតារាងលម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ។ អត្រាពន្ធ ៥ភាគរយ មានលម្អៀងលើសប្រាក់ពន្ធ ៦០០០០រៀល, អត្រា១០ភាគរយ មានលម្អៀង ១៦០០០០រៀល, អត្រា ១៥ភាគរយ មានលម្អៀង ៥៨៥០០០រៀល និងអត្រា ២០ភាគរយ មានលម្អៀង ១២១០០០០រៀល។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានឧទាហរណ៍ខាងក្រោមនេះ៖
ឧទាហរណ៍៖ និយោជិតម្នាក់មានប្រាក់បៀវត្ស ១,៨លានរៀល ដែលក្នុងនោះប្រាក់ឧបត្ថមសោហ៊ុយធ្វើដំណើរ និងថ្លៃបាយសរុប ១០ម៉ឺនរៀល។
ករណីនិយោជិតនោះនៅលីវ គេត្រូវយក ១,៨លានរៀល ដក ១០ម៉ឺនរៀល ស្មើ ១,៧លានរៀល ដែលត្រូវជាប់ពន្ធតាមអត្រា ៥ភាគរយ។ បន្ទាប់មក គេត្រូវយក ១,៧លានរៀល គុណ ៥ភាគរយ រួចដក ៦ម៉ឺនរៀល(ប្រាក់លម្អៀង) ស្មើ ២,៥ម៉ឺនរៀល។ ដូច្នេះ និយោជិតម្នាក់នេះ ត្រូវបង់ពន្ធលើប្រាក់បៀវត្សចំនួន ២,៥ម៉ឺនរៀល។
ក្នុងឧទាហរណ៍ដដែល តែក្នុងករណីនិយោជិតម្នាក់នេះមានប្រពន្ធជាមេផ្ទះ និងកូនបីនាក់ក្នុងបន្ទុក។ ករណីនេះ គេត្រូវយក ១,៨លានរៀល ដក ១០ម៉ឺនរៀល ដក ៦០ម៉ឺនរៀល (បន្ទុកគ្រួសារ៤នាក់គុណ១៥ម៉ឺនរៀល) ស្មើ ១,១លានរៀល។ ដូចនេះ និយោជិតម្នាក់នេះ មិនត្រូវបង់ពន្ធលើប្រាក់បៀវត្សនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com