អន្តរជាតិ
ចិន​សង្ឃឹម​ទំនាក់ទំនង «​ទូក​រសាត់​បញ្ច្រាស​ទឹក​» ជាមួយ​ជប៉ុន​ប្រសើរ​ឡើងវិញ​
28, Jan 2018 , 10:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសជប៉ុន តារ៉ូ កូណូ (ឆ្វេង) ចាប់ដៃសមភាគីចិន វ៉ាង យី (ស្ដាំ) (រូបភាព៖ AFP)
រដ្ឋមន្រ្តីការបរទេសជប៉ុន តារ៉ូ កូណូ (ឆ្វេង) ចាប់ដៃសមភាគីចិន វ៉ាង យី (ស្ដាំ) (រូបភាព៖ AFP)
​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បានបង្ហាញ​ក្ដីសង្ឃឹម​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​ជប៉ុន នឹង​ដើរ​លើផ្លូវ​ឡើងវិញ ខណៈដែល​ស្ថានភាព​ទំនាក់ទំនង​សព្វថ្ងៃ​មិនសូវ​ល្អ​ប៉ុន្មាន​ឡើយ​។ លោក វ៉ាង យី និយាយ​បែបនេះ​ក្នុងជំនួប​ជាមួយ​សម​ភាគី​ជប៉ុន​លោក តា​រ៉ូ កូ​ណូ នៅ​ថ្ងៃទី​២៨ ខែមករា​។ លោក កូ​ណូ បានបញ្ជាក់​ពី​សារសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី​ជប៉ុន និង​ចិន ដែល​អាច​ជះឥទ្ធិពល​លើ​ស្ថានការណ៍​តំបន់​។​



​ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​ជួប​ជាមួយ​ប្រមុខ​ការទូត​ជប៉ុន តា​រ៉ូ កូ​ណូ នៅ​ថ្ងៃទី​២៨ ខែមករា អំឡុងពេល​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់លោក កូ​ណូ នៅលើ​ទឹកដី​ចិន ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​២៧ ខែមករា​។ ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ជប៉ុន មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​កាន់តែ​ប្រសើរឡើង ព្រោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​លំដាប់​ទី​ពីរ និង​ទី​បី មិនដែល​ស្គាល់​ពាក្យ​ល្អូក​ល្អឺ​ន​បានយូរ​ឡើយ​។

​វត្តមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នៅ​ចិន​ពេលនេះ ត្រូវបាន​លោក វ៉ាង យី ចាត់ទុកជា​សញ្ញា​បង្ហាញ​ពី​ជំហរ​របស់​ជប៉ុន​ក្នុងការ​ពូន​ជ្រំ​ចំណង​ការទូត​ទ្វេភាគី ហើយ​ចិន​ពិតជា​រីករាយ ព្រោះ​ទំនាក់ទំនង​ល្អ ជាការ​ចង់បាន​របស់​ប្រទេស​ទាំងពីរ​។ ទីភ្នាក់ងា​ព័ត៌មាន​រដ្ឋ​ចិន Xinhua ផ្សាយ​ថា ប្រមុខ​ការទូត​ចិន​បានស្នើ​ឲ្យ​ជប៉ុន​សហការ​ជាមួយ​ចិន​ដើម្បី​ប្រឹងប្រែង​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី ខណៈ​ទំនាក់ទំនង​ទ្វេភាគី​បានមក​ដល់​ចំណុច​សំខាន់​។​

​និយាយ​ពី​ទំនាក់ទំនង​អ្នកជិតខាង​ទាំងពីរ​នេះ គេ​ឃើញ​បញ្ហា​ជាច្រើន​ដែលជា​ឧបសគ្គ​រាំងស្ទះ រាប់​ចាប់ពី​រឿង​ប្រវត្តិសាស្ត្រ រហូត​ជម្លោះ​ដែនទឹក​នៅ​តំបន់​សមុទ្រ​ខាងកើត​។ ក្រុង​ប៉េកាំង​តែង​ចោទ​ក្រុង​តូ​ក្យូ​ថា មិន​ប្រឹង​លាង​កំហុស​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ ដែល​ពេលនោះ​ទាហាន​ជប៉ុន​សម្លាប់​ប្រជាជន​ចិន​ជាច្រើន​សែន​នាក់​។ ចិន​កាន់តែ​រង្កៀស​ចិត្ត ពេល​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ចង់​កែ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​។​

​ទោះជា​យ៉ាងណាក្ដី ប្រទេស​ទាំងពីរ​នៅតែ​បង្ហាញ​ជំហរ​បោះដៃ​រកគ្នា​ដដែល​។ ក្នុងជំនួប​ជាមួយ​សម​ភាគី​ជប៉ុន លោក វ៉ាង យី និយាយថា ជំហរ​របស់លោក អា​បេ ដែល​ចង់​សម្រួល​ទំនាក់ទំនង​ឡើងវិញ គឺជា​រឿង​ល្អ ទោះ​ជាមាន​បញ្ហា​ខ្លះ​ក្ដី​។ លោក វ៉ាង យី បន្តថា ទំនាក់ទំនង​ចិន​-​ជប៉ុន តែង​រសាត់​បញ្ច្រាស​ចរ​ន្ត​ទឹក ទៅរក​មុខ ហើយ​ថយក្រោយ​រហូត​។ ក្នុងន័យនេះ លោក​ស្នើ​ឲ្យ​ជប៉ុន​ប្រឹងប្រែង​ធ្វើ​សកម្មភាព​ឲ្យ​ច្រើន​ដើម្បី​ស្ដារ​ទំនាក់ទំនង​ឡើងវិញ ជាជាង​បានត្រឹមតែ​និយាយ​។​

​ជាការ​ឆ្លើយតប លោក កូ​ណូ លើកឡើងថា ទាំង​ជប៉ុន ទាំង​ចិន មាន​ទំនួល​ខុសត្រូវ​ធំធេង​ក្នុង​ការរក្សា​ស្ថិរភាព និង​សុខដុមរមនា​តំបន់ និង​ពិភពលោក​ជារួម​។ «​យើង​មិន​ត្រឹមតែ​សម្រួល​ទំនាក់ទំនង​ទ្វេភាគី​ឡើយ តែ​ត្រូវ​ចាប់ដៃ​ដោះស្រាយ​បញ្ហា​ប្រឈមមុខ​របស់​ពិភពលោក រាប់ទាំង​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​»​។ នេះ​ជា​បញ្ជាក់​របស់លោក កូ​ណូ មុននឹង​ស្នើ​ឲ្យ​ចិន​ចាត់វិធានការ​ថែមទៀត​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​៕


Tag:
 ចិន​
  ជប៉ុន​
  វ៉ាង យី​
  តា​រ៉ូ កូ​ណូ
© រក្សាសិទ្ធិដោយ thmeythmey.com