អន្តរជាតិ
ប្រមុខ​ទ័ពអាកាស​៖​កងទ័ព​អាមេរិក​ត្រៀមខ្លួន​ស្រេច​ការពារ​សម្ព័ន្ធមិត្ត​និង​ប្រយោជន៍​អាមេរិក​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​
29, Jan 2018 , 10:37 am        
រូបភាព
រូបភាព៖ ក្រសួងការពារជាតិអាមេរិក
រូបភាព៖ ក្រសួងការពារជាតិអាមេរិក
​រដ្ឋលេខា​ធិ​ការ​កងទ័ពអាកាស​អាមេរិក​អះអាងថា ក្រោម​យុទ្ធសាស្ត្រ​ការពារជាតិ​ថ្មី អាមេរិក​មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ កងទ័ព​ជើង​អាកាស​អាមេរិក​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត និង​ផលប្រយោជន៍​អាមេរិក​ក្នុង​តំបន់​។​



​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរ​សព្ទ​កាលពី​ថ្ងៃ​សុក្រ​ទី ២៦ ខែមករា ប្រមុខ​ទ័ពអាកាស​អាមេរិក​លោកស្រី Heather Wilson កត់សម្គាល់ថា យុទ្ធសាស្ត្រ​ការពារជាតិ​អាមេរិក​មាន​សារសំខាន់ និង​អាច​ចូលរួមចំណែក​ការពារ​សណ្តាប់ធ្នាប់​ពិភពលោក សន្តិភាព និង​ស្ថិរភាព​តំបន់​ផងដែរ​។​

​លោកស្រី Heather Wilson​ បាន​ថ្លែង​ដូច្នេះ ៖ «​យើង​ជា​មហាអំណាច​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែលមាន​ប្រយោជន៍​យូរអង្វែង​នៅ​តំបន់​នេះ​។ យុទ្ធសាស្ត្រ​ដែល​បានប្រកាស​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​អា​មេ​រិ​កាលពី​សប្តាហ៍​មុន​បាន​ទទួលស្គាល់ថា យើង​បាន​ត្រឡប់​ទៅរក​សម័យកាល​ប្រកួតប្រជែង​អំណាច​ដែល​វា​ជា​បញ្ហា​ចម្បង​ចំពោះ​សន្តិសុខ និង​វិបុលភាព​អាមេរិក​»​។​

​ពេល​សាក​សួរថា តើ​យុទ្ធសាស្ត្រ​ការពារជាតិ​ថ្មី​អាមេរិក​មាន​សារសំខាន់​បែប​ម៉េច លោកស្រី​បាន​សង្កត់ធ្ងន់ថា វា​មានសារសំខាន់​ព្រោះ​អាមេរិក​នឹង​ប្រឹងប្រែង​កសាង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឲ្យ​បាន​ស៊ីជម្រៅ​ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត និង​ដៃគូ​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

«​យុទ្ធសាស្ត្រ​ការពារជាតិ​ថ្មី​ទទួលស្គាល់ថា យើង​នឹង​ខ្លាំង​នៅពេលដែល​យើង​ចាប់ដៃ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​របស់​យើង​។ ធាតុ​ផ្សំ​សំខាន់​នៃ​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​យើង​គឺ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​យើង​ជាមួយ​ប្រទេស​ជា​មិត្ត​កាន់​ជិតស្និទ្ធ​និង​ស៊ីជម្រៅ​»​។ លោកស្រី  Heather Wilson ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។

​បន្ថែម​ពីលើ​ការពង្រឹង​ទំនាក់ទំនង រដ្ឋលេខាធិការ​កងទ័ព​អាកាស​រូបនេះ​សង្កត់ធ្ងន់ថា កងទ័ពអាកាស​អាមេរិក​ក៏​ត្រៀមខ្លួន​រួចជាស្រេច​ដែរ​ដើម្បី​ឈរជើង​ការពារ​សម្ព័ន្ធ​មិត្ត និង​ផលប្រយោជន៍​អាមេរិក​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែរ​ក្នុង​កាលៈទេសៈ​ចាំបាច់​។​

«​យុទ្ធសាស្ត្រ​របស់​យើង​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​គឺ លើកស្ទួយ​ស្ថិរភាព​និង​វិបុលភាព​តំបន់ ដោយ​ធានាថា សណ្តាប់ធ្នាប់​អន្តរជាតិ​នឹងត្រូវ​បាន​គេ​គោរព​មិន​ចំពោះតែ​មហាអំណាច​ឡើយ​តែ​សម្រាប់​ប្រទេស​ទាំងអស់​។ កងទ័ព​អ​កាស​អាមេរិក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត និង​ប្រយោជន៍​យើង ក្នុងពេល​ចាំបាច់​»​។​
 
​កាលពី​ថ្ងៃ ១៩ ខែមករា រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស បាន​បង្ហើប​ឲ្យ​ដឹង​ពី​យុទ្ធសាស្ត្រ​ការពារជាតិ​អាមេរិក​ថ្មី​ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ហើយ​ដូច​បានលើកឡើង​ខាងដើម​ស្រាប់​យុទ្ធសាស្ត្រ​ថ្មី​នេះ​ផ្តោតលើ «​ការប្រកួតប្រជែង​អំណាច​»​។ លោក ម៉ា​ធី​ស បានកត់សម្គាល់ ចិន និង​រុស្ស៊ី​ជា​មហាអំណាច​ពីរ​ដែល​គំរាមកំហែង​អាមេរិក​ខ្លាំងជាងគេ ពោលគឺ​ខ្លាំង​ជាង​ភេរវជន​ទៅទៀត​៕

Tag:
 ឥណ្ឌូ​ប៉ាស៊ីហ្វិក​
  អាមេរិក​
  Heather Wilson
© រក្សាសិទ្ធិដោយ thmeythmey.com