ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សៅ សូត្រ​ទំរង់​ពេជ្រ បវរកញ្ញា​ឯក​រង World Miss University៖ ការអប់រំ​មានតម្លៃ​ដូច​មកុដ​ពេជ្រ​!
07, Mar 2018 , 9:39 am        
រូបភាព
​ភ្នំពេញ​៖ កញ្ញា សៅ សូត្រ​ទំរង់​ពេជ្រ ជា​បវរកញ្ញា​សាកលវិទ្យាល័យ​លេខ​១​ប្រចាំ​ប្រទេស​កម្ពុជា និង​ជា​បវរ​កញ្ញាឯក​រង​ទី​៣​ប្រចាំ​ពិភពលោក​ឆ្នាំ​២០១៧ ។ តាមរយៈ​កម្មវិធី​ប្រកួត​បវរកញ្ញា​នេះ បាន​ផ្លាស់​ប្រែ​ឥរិយាបថ​របស់​កញ្ញា សៅ សុ​ត្រ​ទំរង់​ពេជ្រ ពី​មនុស្ស​អៀនប្រៀន គ្មាន​ទំនុកចិត្ត ទៅជា​មនុស្ស​ស្រី​ម្នាក់​ដែល​ពោរពេញ​ដោយ​ថាមពល និង​ភាពជឿជាក់​។ ការផ្លាស់ប្តូរ​នេះហើយ ដែល​ធ្វើ​ឲ្យ​យុវតី​សម្បុរ​ស្រអែម វ័យ​២២​ឆ្នាំ​រូបនេះ ជឿជាក់ថា​ការអប់រំ មានតម្លៃ​កាត់ថ្លៃ​មិនបាន គឺ​ប្រៀបដូចជា​មកុដ​ពេជ្រ​របស់​ស្ត្រី​គ្រប់រូប​។


 
​កញ្ញា សៅ សូត្រ​ទំរង់​ពេជ្រ បានប្រែក្លាយ​ខ្លួនឯង​ពី​មនុស្ស​អៀនប្រៀន គ្មាន​ទំនុកចិត្ត មិន​ក្លាហាន ទៅជា​មនុស្ស​ស្រី​វ័យក្មេង​មួយរូប ដែល​ពោរពេញ​ដោយ​ថាមពល បន្ទាប់ពី​បាន​ឆ្លងកាត់​ការប្រកួត​បវរកញ្ញា សា​កល​វិទ្យាល័យ​ពិភពលោក​ឆ្នាំ​២០១៧ (World Miss University 2017) ដែល​បានបញ្ចប់​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៧​កន្លងទៅ​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការប្រកួត​នេះ បាន​នាំ​ឲ្យ​យុវតី​ស្រអែម​ស្រស់​វ័យ​២២​ឆ្នាំរូបនេះ គ្រង​មកុដ​បវរ​កញ្ញាឯក​ប្រចាំ​ប្រទេស​កម្ពុជា និង​កញ្ញាឯក​រង​ទី​៣ ប្រចាំ​ពិភពលោក​ទៀតផង​។



​កញ្ញា សូត្រ​ទំរង់​ពេជ្រ ថ្លែង​ទាំង​ហួសចិត្ត​លាយ​សំណើច​ខ្លះ អួលដើមក​ខ្លះ​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា​នាង​មិន​នឹង​ស្មានថា​ខ្លួន​មាន​សមត្ថភាព អាច​យកឈ្នះ​បេ​ក្ខ​នារី​ប្រមាណ​៨០​នាក់​ទៀត មកពី​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក​សោះឡើយ​។ សម្រាប់​កញ្ញា សូត្រ​ទំរង់​ពេជ្រ នេះ ជា​មោទនភាព​សម្រាប់​នាង ដែល​បានបង្ហាញ និង​លើក​មុខមាត់​ឪពុកម្តាយ លើកមុខ​មាត់​សាលា និង​មុខមាត់​ប្រទេសជាតិ ប៉ុន្តែ​ក៏​ជា​រឿង​មិន​ឲ្យ​គួរ​ឲ្យ​ជឿ​ដែរ ដោយសារតែ​នាង​ជា​មនុស្ស​អៀន​ច្រើន និង​មិនសូវមាន​ភាពជឿជាក់​នេះឯង​។



​ពី​បរិវេណ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ទី​ដែល​នាង​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ កញ្ញា សៅ សូត្រ​ទំរង់​ពេជ្រ បាន​រំ​ឮ​ក​ពី​លក្ខណៈសម្បត្តិ​របស់ខ្លួន មុនពេល​ចូល​ប្រកួត​បវរកញ្ញា​សាល​កល​វិទ្យា​ពិភពលោក​ដូច្នេះ​៖«​និយាយ​ទៅ​កាលពី​ដំបូង​ខ្ញុំ​អៀន​មែនទែន​។ ខ្ញុំ​អត់​ចាប់អារម្មណ៍​ប្រឡង​ទេ ខ្ញុំ​អត់​ស្អាត អត់​ចេះ​ដើរ ហើយ​ខ្ញុំ​អៀន​ច្រើន​ទៀត​។ តែ​ពេល​ហ្នឹង អ្នក​ប្រចាំ​ស្តង់​ប្រកួត​នៅ​ហ្នឹង​(PUC)​គាត់​អូស​ដៃ​ខ្ញុំ ហើយ​គាត់​ថា​កម្ពស់​ខ្ញុំ​ស័ក្តិសម​នឹង​ការប្រឡង​ហ្នឹង ហើយ​គាត់​បញ្ចុះបញ្ចូល​ទៀតថា គេ​អត់​យក​ស្អាត​ទេ គេ​យក​ចំណេះដឹង​។ ខ្ញុំ​ក៏​ចាប់ផ្តើម​ចាប់អារម្មណ៍ ដោយសារ​ខ្ញុំ​សិស្ស​អាហារូបករណ៍ អ៊ីចឹង​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដើម្បី​សងគុណ​សាលា ឲ្យ​សាលា​មានមុខមាត់ តំណាង​ប្រទេស​ឈរលើ​ឆាក​អន្តរជាតិ​។ អ៊ីចឹងទៅ ខ្ញុំ​ក៏​សម្រេចចិត្ត​ដាក់ពាក្យ​ប្រឡង​»​។​



​បន្ទាប់​បាន​ចូលរួម​ប្រកួត​កម្មវិធី​បវរកញ្ញា​សាកលវិទ្យាល័យ​ពិភពលោក​នេះហើយ ដែល​ធ្វើ​ឲ្យ​កញ្ញា សៅ សូត្រ​ទំរង់​ពេជ្រ យល់​កាន់តែ​ប្រចក្ស​ថា ចំណេះដឹង ពិតជា​មានតម្លៃ​កាត់ថ្លៃ​មិនបាន និង​ដែល​ថាមពល​ដ៏​ចែងចាំង​ជា​ដរាប នាំ​ជីវិត​នារី​គ្រប់រូប ឆ្ពោះទៅរក​អនាគត​មួយ​ដែល​ល្អប្រសើរ​។ ការអប់រំ​គឺជា​មកុដ​ពេជ្រ​របស់​ស្ត្រី​គ្រប់រូប​។ នេះ​ជាការ​បញ្ជាក់​របស់​បវ​រ​កញ្ញាឯក​រង​ទី​៣​រូបនេះ ដោយ​នាង​គូសបញ្ជាក់​ដូច្នេះ​៖«​មនុស្ស​យើង​ទាំងអស់ សុទ្ធ​តែមាន​មកុដ យើង​ជា​ម្ចាស់​ក្ស​ត្រី ប៉ុន្តែ​មកុដ​ហឹ្ន​ង​មិនមែន មកុដ​ដែល​យើង​ពាក់​នៅលើ​ក្បាល​ហ្នឹង​ទេ​។ គឺ​ការអប់រំ​របស់​យើង ការងារ​របស់​យើង​។ បើសិនជា​យើង​មានការ​អប់រំ គឺ​វា​ចែងចាំង​រហូត វា​ធ្វើ​ឲ្យ​យើង​មាន​អនាគត​មួយ​ដែល​ប្រសើរ​។ និយាយ​ទៅ​បើ​អត់​មានការ​អប់រំ គឺ​យើង​ដើរ​មួយ​ពាន់ មួយ​លាន​ជំ​ហ៊ាន ក្រោយ​អ្នក​ដែល​គេ​មានការ​អប់រំ​។ ស្ត្រី​អ្វីដែល​គាត់​ត្រូវតែមាន គឺ​ជំហរ​ខ្លួនឯង និង​ការអប់រំ​»​។​

​ទន្ទឹម​ការ​រំ​ឮ​ក​ជារឿយៗ ថា​ការអប់រំ​មានតម្លៃ​ខ្លាំង និស្សិត​ឆ្នាំ​ទី​៤​ជំនាញ​អប់រំ​ភាសា​អង់គ្លេស នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​(PUC) ដែលមាន​ឪពុក​ជា​មន្ត្រីរាជការ​ចូលនិវត្តន៍ ម្តាយ​ជា​ស្ត្រី​មេផ្ទះ​រូបនេះ ក៏​ទទួលស្គាល់​ដែរ​ថា ស្ត្រី​ខ្មែរ​បច្ចុប្បន្ន បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​ច្រើន ទាក់ទង​នឹង​ការអប់រំ​នេះ ដោយ​ពួកគាត់​ចាប់ផ្តើម​យល់​ពី​តម្លៃ​នៃ​ការអប់រំ ហើយ​ស្ត្រី​វ័យក្មេង​កម្ពុជា​ជាច្រើន ក៏មាន​សមត្ថ​ភាពខ្លាំងៗ​ដែរ​។ សម្រាប់​បវរកញ្ញា​មកពី​ខេត្តកណ្តាល​រូ​បនេះ រំពឹងថា​អ្វីដែល​ខ្លួន​បានធ្វើ អ្វីដែល​ខ្លួន​បាន​និយាយ គឺជា​ចំណែក​តូច​មួយ ជំរុញ​ទឹកចិត្ត​ស្ត្រី​វ័យក្មេង​ដទៃទៀត យល់​ពី​តម្លៃ​នៃ​ចំណេះដឹង​​។ កញ្ញា សៅ សូត្រ​ទំរង់​ពេជ្រ បញ្ជាក់​ដោយ​ម៉ឹងម៉ាត់​ដូច្នេះ​៖ «​ខ្ញុំ​ចង់​អ្នកមាន​គំនិត​អត់​ចង់​ផ្លាស់ប្តូរ​ខ្លួនឯង ឲ្យ​ពួកគាត់​គិតថា​ពួកគាត់​អាចធ្វើ​បាន កុំ​ស្តាប់​នូវ​អ្វីដែល​គេ​និយាយ​បង្អាក់​ការគិត​របស់​យើង ឲ្យ​ពួកគាត់​ងើបឈរ​ឡើង មាន​ជំហរ​ខ្លួនឯង​។ ផ្លាស់ប្តូរ​ខ្លួនឯង និង​ផ្លាស់ប្តូរ​សង្គម​យើង ឲ្យ​ប្រសើរឡើង​»​។​



​ទោះជា​កំពុង​សិក្សា និង​អះអាង​ចង់​ក្លាយជា​គ្រូបង្រៀន​ក៏ដោយ កន្លងមក កញ្ញា សៅ សូត្រ​ទំរង់​ពេជ្រ ក៏បាន និង​កំពុង ធ្វើ​ការងារ​មនុស្សធម៌​នៅតាម​សហគមន៍ និង​ធ្លាប់​ចូលរួម​កម្មវិធី​លើកទឹកចិត្ត​យុវជន ឲ្យ​មាន​ភាពក្លាហាន និង​មាន​ជំហរ​ខ្លួនឯង​ផងដែរ​។ ជាមួយគ្នានេះ កញ្ញា សៅ សូត្រ​ទំរង់​ពេជ្រ ថា​នាង​ចង់​បង្កើតជា​អង្គការ ឬ​សមាគម នៅ​អនាគត ដើម្បី​ផ្តល់ឱកាស​ដល់​ស្ត្រី​ដែល​ខ្វះ​លទ្ធភាព ឲ្យ​បាន​សិក្សាអប់រំ  ឬ​មាន​ជំនាញ​វិជ្ជាជីវៈ​មួយ​ច្បាស់លាស់​។ សម្រាប់ បវរកញ្ញា​រូបនេះ នៅតែ​ទន្ទេញ​ជាប់មាត់​ថា មានការ​អប់រំ អាចជួយ​ស្ត្រី​មាន​ការគិត​ច្បាស់លាស់ និង​វែងឆ្ងាយ មាន​ការងារ​ត្រឹមត្រូវ និង​មិនចាំបាច់​ពឹង​ផ្នែក​លើ​មនុស្ស​ប្រុស​ទាំងស្រុង ។​

​កម្ពុជា​ បានធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​បវរកញ្ញា​សាកលវិទ្យាល័យ​ពិភពលោក (World Miss University) លើក​ទី​២៨ ដោយមាន​បេ​ក្ខ​នារី​ជាង​៨០​នាក់​មកពី​ទូទាំង​ពិភពលោក​។ ការប្រកួត​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​២០ ខែធ្នូ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយ​បវរកញ្ញា​គុយបា Claudia Moras Baez ក្លាយជា​ម្ចាស់​ក​មុដ ខណៈ​បវរកញ្ញា​អ៊ុយ​ក្រែ​ន Nina Yevtushenko បវរកញ្ញា​ឡេ​តូ​នី Danila Gods-Romanovska បវរកញ្ញា​កម្ពុជា សៅ សូត្រ​ទំរង់​ពេជ្រ និង​បវរកញ្ញា​ប៉ូឡូញ Katarzyna Weronika Szklarczyk ជាប់​ជា​បវរ​កញ្ញាឯក​រង ទៅតាម​លំដាប់​ជា​បន្តបន្ទាប់​៕










Tag:
 សៅ សូត្រ​ទំរង់​ពេជ្រ​
 ​ បវរកញ្ញា​
  ​អប់រំ​
  ​មកុដ​
© រក្សាសិទ្ធិដោយ thmeythmey.com