កីឡាអន្តរជាតិ
អន្តរជាតិ
Roger Federer ឈ្នះ​ពាន Australian Open លើក​ទី​៦ និង​ជា​ពាន Grand Slam លើក​ទី​២០
29, Jan 2018 , 11:41 am        
រូបភាព
ដោយ: រួបរួម
​កីឡាករ​វាយ​កូន​បាល់ Roger Federer បានឈ្នះ​ជើងឯក​កម្មវិធី Australian Open លើក​ទី​៦ និង​ជា​ពាន Grand Slam លើក​ទី​២០ ក្នុង​អាជីព​របស់ខ្លួន​។ កីឡាករ​ស្វី​សរូប​នេះ បាន​យកឈ្នះ​កីឡាករ​ក្រូ​អាស៊ី Marin Cilic ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ឈានទៅដល់​៥​សិត នៅ​ក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី កាលពី​ចុង​សប្តាហ៍​កន្លងមក​។​



Federer វ័យ​៣៦​ឆ្នាំ ក្លាយ​អត្ត​ព​លិ​ក​វាយ​កូន​បាល់​ទី​៤ បន្ទាប់ពី Margaret Court, Serena Williams និង Steffi Graf ដែល​បានឈ្នះ​ពាន Grand Slam ឡើងទៅ​២០​លើក​។ ក្នុង​ពិភព​កីឡា​វាយ​កូន​បាល់ Grand Slam គឺជា​ពាន​ដែល​បាន​ពី ព្រឹត្តិការណ៍​ធំៗ​៤ គឺ Australian Open, French Open, Wimbledon និង US Open​។​



​ក្នុង​លទ្ធផល ៦-២ ៦-៧ (៥-៧) ៦-៣ ៣-៦ និង​៦-១ ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ Marin Cilic នាំ​ឲ្យ Federer ឈ្នះ​ពាន Australian Open ២​ឆ្នាំ​ជាប់​គ្នា និង​ជា​ពាន​លើក​ទី​៦​នៅ​ទឹកដី​អូស្ត្រាលី (​ឆ្នាំ​២០០៤, ២០០៦, ២០០៧, ២០១០, ២០១៧ និង​២០១៨)​។ វា​ក៏​ជា​ពាន Grand Slam លើក​ទី​២០​ផងដែរ​សម្រាប់​កីឡាករ​ស្វី​សរូប​នេះ ពាន​១៤​ផ្សេងទៀត​មាន French Open ១​លើក Wimbledon ៨​លើក និង​ពាន US Open ៥​លើក​។​

​សម្រាប់​វិញ្ញាសា​ឯកត្តជន​ផ្នែក​នារី កីឡាការិនី​ដា​ណឺ​ម៉ាក Caroline Wozniacki យកឈ្នះ​កីឡាការិនី​រូ​ម៉ា​នី Simona Halep ក្នុង​លទ្ធផល ៧-៦ (៧-២) ៣-៦ និង ៦-៤ ។ នេះ​ជា​ពាន Grand Slam លើកដំបូង​ផងដែរ​សម្រាប់​កីឡាការិនី​មកពី​តំបន់​ស្ក​ង់​ឌី​ណាវ វ័យ​២៧​ឆ្នាំ​។​



​ពាន​វាយ​គូ​បុរស​បាន​លើ​កីឡាករ​អូទ្រីស Oliver Marach និង​កីឡាករ​ក្រូ​អាស៊ី Mate Pavic ខណៈ​ផ្នែក​នារី​បាន​លើក​កីឡាការិនី​ហុង​គ្រី Timea Babos និង​កីឡាការិនី Kristina Mladenovic​។ បន្ថែម​ពីលើ​នេះ Mate Pavic រួមជាមួយ​កីឡាការិនី​កាណាដា Gabriela Dabrowski ដើម្បី​ឈ្ន​ពាន​វាយ​ចម្រុះ​។​



​សម្រាប់​ពាន​យុវជន ផ្នែក​បុរស​បាន​លើ​កីឡាករ​អាមេរិក Sebastian Korda ផ្នែក​នារី​បាន​លើ​កីឡាការិនី​តៃវ៉ាន់ Liang En-shuo ហើយ En-shuo បានរួម​ដៃ​ជាមួយ​កីឡាករ​ចិន Wang Xinyu ដើម្បី​ឈ្នះ​ពាន Girls’ Doubles ខណៈ​ពាន Boys’ Doubles បាន​លើ​កីឡាករ​បារាំង Hugo Gaston និង Clement Tabur​។​



​ក្រៅពី​ពានរង្វាន់​សំខាន់​ទាំងនេះ ក៏មាន​ពាន​ផ្សេងៗ​សម្រាប់​កីឡាករ​-​កីឡាការិនី​វាយ​កូន​បាល់​ផ្នែក​រទេះរុញ​ផងដែរ​៕


Tag:
 វាយ​កូន​បាល់​
  Australian Open
  Grand Slam
  Roger Federer
© រក្សាសិទ្ធិដោយ thmeythmey.com