អន្តរជាតិ
របាយការណ៍៖ប្រជាជនបារាំង,អាល្លឺម៉ង់មិនគាំទ្រទណ្ឌកម្មអាមេរិកប្រឆាំងក្រុមហ៊ុនអឺរ៉ុបរកស៊ីជាមួយរុស្ស៊ី រូបភាព៖ Sputnik
× របាយការណ៍ស្ទង់មតិថ្មីបានបង្ហាញថា ប្រជាជនអាល្លឺម៉ង់ និងបារាំងភាគច្រើនជំទាស់ច្បាប់ថ្មីរបស់អាមេរិកដែលមានគោលដៅដាក់ទណ្ឌកម្មថ្មីក្រុមហ៊ុនអឺរ៉ុបដែលមានកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។
វិទ្យាស្ថានបារាំងទទួលនៃគំនិតយោបល់សាធារណៈ (IFOP) បានចុះស្ទង់មតិប្រជាជនអឺរ៉ុបជុំវិញការអនុវត្តទណ្ឌកម្មថ្មីប្រឆាំងរដ្ឋាភិបាលរុស្ស៊ី និងក្រុមហ៊ុនអឺរ៉ុបដែលរកស៊ីជាមួយរុស្ស៊ី។ ច្បាប់ថ្មីរបស់អាមេរិកដែលត្រូវបានលោក ដូណាល់ ត្រាំ ចុះហត្ថលេខាតាំងពីខែសីហាឆ្នាំមុន។
យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Sputnik របាយការណ៍ស្ទង់មតិនេះបង្ហាញថា ប្រជាជនភាគច្រើនរហូតដល់ ៦៥ភាគរយនៅបារាំង និង ៦១ ភាគរយនៅអាល្លឺម៉ង់មិនពេញចិត្តច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកនេះទេ។ ចំណែកប្រជាជន ៤៧ ភាគរយនៅអង់គ្លេស និង៣៩ ភាគរយនៅប៉ូឡូញក៏ប្រឆាំងការដាក់ទណ្ឌកម្មនេះដូចគ្នា។
ទីភ្នាក់ងារព័ត៌មាន Sputnik បានបន្ថែមថា ប្រជាជនចំនួន ៣២២៨ នាក់ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅនៅអង់គ្លេស បារាំង ប៉ូឡូញ និងអាល្លឺម៉ង់បានចូលរួមក្នុងការស្ទង់មតិនេះ ។ បើទោះជាចំនួនប្រជាជននៅប៉ូឡូញមានចំនួនទាបដែលប្រឆាំងទណ្ឌកម្មនេះក៏ដោយ ប្រជាជននៅទីនោះភាគច្រើននៅមិនទាន់យល់ច្បាស់ពីបញ្ហានេះឡើយ។ ប្រជាជនប៉ូឡូញដែលគាំទ្រទណ្ឌកម្មប្រឆាំងក្រុមហ៊ុនអឺរ៉ុបនេះ គឺមានត្រឹម ៣៧ ភាគរយប៉ុណ្ណោះ។
ប្រធានាធិបតីអាមេរិកលោក ត្រាំ បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ដែលអនុម័តដោយសភាក្នុងគោលដៅដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែម ហើយវិធានការថ្មីនេះផ្តោតសំខាន់លើផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបឆ្លងកាត់តំបន់បាល់ទិកផង។ រដ្ឋអឺរ៉ុបជាច្រើនទិតៀនវិធានការថ្មីរបស់អាមេរិកនេះដោយសារក្រុមហ៊ុនអឺរ៉ុបជាច្រើនដែលរងទណ្ឌកម្មដូចគ្នាដោយសារកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីក្នុងវិស័យថាមពលនេះផងដែរ។
របាយការណ៍របស់បេសកជនពិសេសអង្គការសហប្រជាជាតិបានបង្ហាញថា ទណ្ឌកម្មប្រឆាំងរុស្ស៊ីកន្លងមកធ្វើឲ្យអឺរ៉ុបបាត់បង់ប្រហែល ៣,២ ពាន់លានដុល្លារអាមេរិកក្នុងមួយខែ ខណៈដែលរុស្ស៊ីខាតបង់ប្រហែល ៥៥ពាន់លានដុល្លារក្នុងរយៈពេលបីឆ្នាំមកនេះ៕
Tag:
IFOP
អាមេរិក
រុស្ស៊ី
បារាំង
អាល្លឺម៉ង់
អង់គ្លេស
ប៉ូឡូញ
© រក្សាសិទ្ធិដោយ thmeythmey.com