អន្តរជាតិ
ហេតុអ្វី​បណ្តា​រដ្ឋ​អាស៊ាន​ពេញចិត្ត​មហា​យក្ស​ឥណ្ឌា​ជាង​មហា​យក្ស​ចិន​?
29, Jan 2018 , 5:08 pm        
រូបភាព
រូបភាព៖ គេហទំព័រអាស៊ាន
រូបភាព៖ គេហទំព័រអាស៊ាន
​កិច្ចប្រជុំ​កំពូល​អាស៊ាន ឥណ្ឌា ដើម្បី​រម្លឹក​ខួប​លើក​ទី ២៥​នៃ​ទំនាក់ទំនង​ផ្លូវការ​បានបញ្ចប់​កាលពី​សប្តាហ៍​មុន​ដោយ​ទទួលបាន​ផ្លែផ្កា​ច្រើន​។ មេដឹកនាំ​អាស៊ាន​បង្ហាញ​បំណង​យូរអង្វែង​របស់ខ្លួន​ដែល​ចង់ឃើញ​មហា​យក្ស​ឥណ្ឌា​ចេញមុខ​ចេញ​មាត់​ឲ្យ​កាន់តែ​សកម្ម​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​តំបន់ រក្សា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ផង​។ ការ​កើន​អំណាច និង​ឥទ្ធិពល​របស់​មហា​យក្ស​អាស៊ី​ខាងត្បូង​នេះ​ហាក់​មិន​ធ្វើ​ឲ្យ អាស៊ាន​បារម្ភ ឬ​ភ័យព្រួយ​អ្វី​សោះ ហើយ​ផ្ទុយស្រឡះ​ពីនេះ ការ​រះ​ត្រដែត​ឡើង​របស់​មហា​យក្ស​ចិន​បែរជា​ធ្វើ​ឲ្យ​រដ្ឋ​អាស៊ាន​ខ្លះ​ភ័យ​បារម្ភ​ទៅវិញ​។



២០១៨ ក្លាយជា​ឆ្នាំ​ពិសេស​ដែល​មេដឹកនាំ​អាស៊ាន​ទាំង​ដប់​ក្លាយជា​ភ្ញៀវ​ពិសេស​របស់​ឥណ្ឌា​ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​រដ្ឋធម្មនុញ្ញ​លើក​ទី ៦៩ និង​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​រម្លឹក​ខួប​លើក​ទី ២៥​នៃ​ការបង្កើត​ចំណងមិត្តភាព​ទ្វេភាគី​ផង​។ នេះ​អាច​បញ្ជាក់បាន​ថា អាស៊ាន និង​ឥណ្ឌា​បាន​ដើរ​ដល់​ចំណុច​របត់​ថ្មី​មួយទៀត​នៃ​ទំនាក់ទំនង​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដែរ​។​

​គេ​សង្ឃឹមថា ក្រោម​ការប្តេជ្ញាចិត្ត​រួមគ្នា​រវាង​វា​មេដឹកនាំ​អាស៊ាន និង​ឥណ្ឌា ទំនាក់ទំនង​លើ​ច្រើន​វិស័យ​ទាំង​សេដ្ឋកិច្ច ការទូត នយោបាយ ក៏ដូចជា​ការផ្សាភ្ជាប់​នឹង​រីកចម្រើន​លូតលាស់​ព្រមៗ​គ្នា​នៅពេល​អនាគត​ខាងមុខ​។​

១.​ទំនាក់ទំនង​អាស៊ាន​-​ឥណ្ឌា​ឈានដល់​កម្រិត​ថ្មី​

​យោងតាម​សេចក្តីថ្លែងការណ៍​រួមគ្នា​បិទ​បញ្ចប់​កិច្ចប្រជុំ មេដឹកនាំ​អាស៊ាន និង​ឥណ្ឌា​ឯកភាពគ្នា​ថា ភាគី​ទាំងពីរ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែល​ធានា​ប្រយោជន៍​រួម​យូរអង្វែង​។

​ដើម្បី​សម្រេចបាន​ជោគជ័យ ឥណ្ឌា​និង​អាស៊ាន​រំពឹងថា ឆ្នាំ ២០១៨ នេះ​អាស៊ាន ឥណ្ឌា និង​ភាគី​ពាក់ព័ន្ធ​នឹង​ប្រែង​ប្រែង​បញ្ចប់​ឲ្យ​បាន​នូវ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP)​។ លើសពីនេះ​ភាគី​ទាំងពីរ​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដឹក​ជញ្ជូន​ទំនិញ ជាពិសេស​តាមផ្លូវ​សមុទ្រ និង​ផ្លូវអាកាស​ជាដើម​ផង​។

​មាន​ប្រជាជន​ជាង ៦០០​លាន​នាក់ និង​មាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប ២,៤ ទ្រី​លាន​ដុល្លារ អាស៊ាន​ជាទី​ផ្សារ​ដ៏​ធំ និង​សំខាន់បំផុត​មួយ​សម្រាប់​ឥណ្ឌា​។ បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ឥណ្ឌា​និង​អាស៊ាន​ស្មើនឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា​និង​ចិន​ពោលគឺ ៧០ ពាន់​លាន​ដុល្លារ​អ្វីដែល​សំខាន់​នោះ ឱនភាព​ពាណិជ្ជកម្មរ​វាង​ឥណ្ឌា​ជាមួយ​អាស៊ាន​មាន​ត្រឹម ១៤ ពាន់​លាន​ប៉ុណ្ណោះ ខណៈដែល​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​ឥណ្ឌា​មាន​ទំហំ​រហូតដល់​៥០​ពាន់​លាន​ដុល្លារ​ឯណោះ​។ វា​បញ្ជាក់​ឲ្យ​កាន់តែច្បាស់​ថា ឥណ្ឌា​មើលឃើញ​ពី​សារសំខាន់​របស់​អាស៊ាន​ក្នុង​ការធានា​ប្រយោជន៍​សេដ្ឋកិច្ច​របស់ខ្លួន​នាពេល​អនាគត​ដូចគ្នា​។ 

​ងាក​មក​បញ្ហា​សន្តិសុខ​វិញ អាស៊ាន និង​ឥណ្ឌា​គ្នា​ពួតដៃគ្នា​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​បទឧក្រិដ្ឋ​ឆ្លងដែន ភេរវកម្ម និង​ចលនា​ជ្រុលនិយម​ដែល​បាន​គំរាមកំហែង​សន្តិសុខ និង​អាយុជីវិត​ប្រជាជន​ក្នុង​តំបន់​កន្លងមក​។ ទាំង​ឥណ្ឌា និង​អាស៊ាន​សុទ្ធតែ​រងគ្រោះ​ខ្លាំង​ដោយសារ​ចលនា​ភេរវកម្ម ជាពិសេស​ចលនា​ភេរវកម្ម​ក្នុងស្រុក​តែម្តង​។ តិច​ឬ​ច្រើន ការ​ចាប់ដៃគ្នា​នេះ​នឹង​អាច​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុងការ​បោសសម្អាត កាត់ផ្តាច់​បណ្តាញ​ភេរវជន និង​សំបុក​ក្រុម​នេះ​ផង​។

 ក្រៅពីនោះ​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​សន្តិសុខ​អ៊ិន​ធឺ​ណិ​ត និង​ការចែករម្លែក​បច្ចេកវិទ្យា​ក៏​ស្ថិតក្នុង​ក្រោម​ការយកចិត្តទុកដាក់​របស់​មេដឹកនាំ​តំបន់​ដូចគ្នា​។​ជាក់ស្តែង នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បានប្រកាស​ក្នុងពេល​ផ្តល់​សុន្ទរកថា​បើក​កិច្ចប្រជុំ​ថា រដ្ឋបាល​ក្រុង​ញូវដែលី របស់លោក​នឹង​ផ្តល់​អាហារូបករណ៍ ១០០០ កន្លែង​សម្រាប់​ថ្នាក់បណ្ឌិត​ព័ត៌មានវិទ្យា​ដល់​សិស្ស​និស្សិត​អាស៊ាន​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​តំបន់​។ ក្រៅពី​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត ឥណ្ឌា​ក៏​ឯកភាព​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​អភិវឌ្ឍ​កម្មវិធី​នៅក្នុង​ប្រទេស​អាស៊ាន​មួយចំនួន​ផង​។​
 
​ក្នុងនាម​ជា​មហាអំណាច​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ឥណ្ឌា​ក៏​ប្តេជ្ញា​ចូលរួម​ធានា​សន្តិសុខ សន្តិភាព និង​សុវត្ថិភាព ដែនសមុទ្រ សេរីភាព​នាវាចរណ៍ និង​ការហោះហើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាពិសេស​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​សេចក្តី​ថ្លែង​ការ​នៃ​ភាគី​សមុទ្រ​ចិន​ខាងត្បូង (DOC) និង​បន្ត​គាំទ្រ​ការ​ចងក្រង​ក្រម​ប្រតិបត្តិ (COC) ជាដើម​។

​វត្តមាន និង​ការពង្រឹង​តួនាទី​របស់​ឥណ្ឌា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ប្រហែលជា​អ្វីដែល​សហរដ្ឋអាមេរិក និង​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មួយចំនួន​ចង់ឃើញ​។ នេះ​ក៏​ព្រោះថា ឥណ្ឌា​នឹង​ក្លាយជា​តួអង្គ​ថ្មី​ដែល​នឹង​ប្រឈមមុខ​ជាមួយ​មហា​យក្ស​ចិន​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ភាគី​ជម្លោះ​កោងកាច និង​អាង​អំណាច​យោធា​របស់ខ្លួន​កំញើញ​ប្រទេស​តូចៗ​ដែលមាន​ជម្លោះ​ជាមួយ​ខ្លួន​នោះ​។ 

​ដោយឡែក ឥណ្ឌា និង​អាស៊ាន​ក៏​ឯកភាពគ្នា​លើកស្ទួយ​ទំនាក់ទំនង និង​ការផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន ជាពិសេស​ជំរុញ​ការ​បម្លាស់ប្តូរ​វប្បធម៌​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​ផង​។ ចុងក្រោយ​គឺ​ការផ្សាភ្ជាប់​រវាង​ឥណ្ឌា និង​អាស៊ាន​តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​ការផ្សាភ្ជាប់​ឌីជីថល ដែល​ស្របតាម​ផែនការមេ​ផ្តោតលើ​ការផ្សាភ្ជាប់​របស់​អាស៊ាន​ឆ្នាំ ២០២៥ និង​ផែនការមេ​របស់​អាស៊ាន​ផ្តោតលើ​វិស័យ​ព័ត៌មានវិទ្យា​នោះ​។ 


២.​រដ្ឋ​អាស៊ាន​ហាក់​ពេញចិត្ត​មហា​យក្ស​ឥណ្ឌា​ជាង​មហា​យក្ស​ចិន​?

​ក្នុង​កិច្ចប្រជុំ​កំពូល​កន្លងមក​នេះដែរ មេដឹកនាំ​អាស៊ាន​ប្រាប់​មេដឹកនាំ​ឥណ្ឌា​ចំៗ​ថា ខ្លួន​ចង់ឃើញ​ឥណ្ឌា​ឈប់​ស្ទាក់ស្ទើរ និង​បង្កើន​តួនាទី​របស់ខ្លួន​ក្នុងនាម​ជាម​ហាយ​ក្ស​ក្នុង​តំបន់​ដោះស្រាយ​បញ្ហា​ប្រឈម​តំបន់ និង​រក្សា​សន្តិសុខ ស្ថិរភាព និង​សន្តិភាព​តំបន់​។ យ៉ាងណាមិញ ឥណ្ឌា​កន្លងមក​ហាក់​នៅ​ស្ទាក់ស្ទើរ និង​មិនសូវ​បង្ហាញ​តួនាទី​ជាក់លាក់​នៅក្នុង​តំបន់​ឡើយ​។​

​ទាក់ទិន​ការរីកចម្រើន​លូតលាស់​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន និង​ឥណ្ឌា ក្រសួងការបរទេស​ឥណ្ឌា​បានបញ្ជាក់​ក្រោយ​កិច្ចប្រជុំ​កំពូល​ឥណ្ឌា និង​អាស៊ាន មេដឹកនាំ​អាស៊ាន​នាំគ្នា​កោតសរសើរ​ពេញទំហឹង​ចំពោះ​តួនាទី​របស់​ឥណ្ឌា​ក្នុង​តំបន់ ក៏ដូចជា​ភាពជា​ដៃគូ​ទ្វេភាគី​រវាង​អាស៊ាន និង​ឥណ្ឌា​ដែល​ប្រទេស​ទាំងអស់​មាន​កន្លងមក​ដែរ​។ នេះ​បើតាម​ការចុះ​ផ្សារ​របស់​សារព័ត៌មាន​ឥណ្ឌា The Hindu​។

​ក្រសួង​ដដែល​នេះ​ក៏​បង្ហើប​ផងដែរ​ថា រូបភាព​របស់​ឥណ្ឌា​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​គឺ​វិជ្ជមាន​ក្នុង​ក្រសែរ​ភ្នែក​មេដឹកនាំ​អាស៊ាន ហើយ​អាស៊ាន​យល់បាន​ថា ឥណ្ឌា​ពិតជា​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់​នៃ​សន្តិភាព ស្ថិរភាព និង​ស​និ្ត​ភាព​តំបន់​មែន​។

​អាច​និយាយបានថា បណ្តា​រដ្ឋ​អាស៊ាន​មាន​អារម្មណ៍​វិជ្ជមាន​ចំពោះ​ឥណ្ឌា​ជាង​ចិន​ដោយសារ​ហេតុផល​ជាក់លាក់​មួយចំនួន​។ ហេតុផល​ដំបូង​បំផុត​នោះ​គឺ ឥណ្ឌា​មិនដែល​មាន​ជម្លោះ​ណាមួយ​ជាមួយ​រដ្ឋ​អាស៊ាន​ឡើយ​។ ប៉ុន្តែ មហា​យក្ស​ចិន​វិញ​បាន​ក្លាយជា​សត្រូវ​យូរអង្វែង​មកហើយ​របស់​រដ្ឋ​អាស៊ាន​ខ្លះ​តួយ៉ាង​មាន​វៀតណាម និង​ហ្វីលីពីន​ជាដើម​។ ដូច្នេះ​វា​គ្មាន​ហេតុផល​ណា​ដែល​អាស៊ាន​ត្រូវ​ខ្វាយខ្វល់​ពី​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​ឥណ្ឌា​ឡើយ​។​

​ក្នុង​បទ​វិចា​ណ​កថា​មួយ​ចុះផ្សាយ​ក្រោយ​ថ្ងៃ​ប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី ក៏បាន​កត់សម្គាល់​ដោយ​ចំហ​ផងដែរ​ថា ទំនាក់ទំនង​រវាង​អាស៊ាន និង​ឥណ្ឌា​ជា​ទំនាក់ទំនង​ពិតជា​មិន​ជាប់ជំពាក់​វា​ក់វិន​នឹង​បញ្ហា​ជម្លោះ​ឬ​ដណ្តើម​គ្នា​អ្វី​មែន​។ ផ្ទុយទៅវិញ ឥណ្ឌា និង​អាស៊ាន​មានតែ​ការចែករម្លែក​ភាពជា​ដៃគូ និង​អនាគត​រួម​ប៉ុណ្ណោះ​។

​មេដឹកនាំ​ឥណ្ឌា​ខាងលើ​បានបញ្ជាក់​ដូច្នេះ​៖ «​ឥណ្ឌា និង​ប្រជាជន​អាស៊ាន​មាន​ទំនាក់ទំនង​ដែល​មិន​ចាក់ស្រេះ​ដោយ​ជម្លោះ​ជម្លោះ​អធិបតេយ្យ និង ការទាមទារ​អ្វី​រវាង​គ្នា​ឡើយ​។​យើង​មាន​ទស្សនវិស័យ​ដូចគ្នា​ចំពោះ​អនាគត​ដែល​កសាង​ឡើងលើ​ការប្តេជ្ញាចិត្ត​ចំពោះ​ការរួម​រួម និង​សមាហរណកម្ម ការជឿជាក់​លើ​អធិបតេយ្យ​នៃ​ប្រជាជន​ទាំងអស់​ដោយ​មិន​គិតថា​ធំ​ឬ​តូច និង​គាំទ្រ​សេរីភាព និង​ការបើកចំហរ​នៃ​ផ្លូវ​សម្រាប់​ការភ្ជាប់​ទំនាក់ទំនង និង​ធ្វើ​ពាណិជ្ជកម្ម​»​។ 

​ចំណុច​ទី​ពីរ អាស៊ាន​មើលឃើញ​ឥណ្ឌា​ក្នុង​ផ្លូវ​វិជ្ជមាន ដោយសារតែ​វា​ទាក់ទង​នឹង​ប្រព័ន្ធ​ដឹកនាំ និង​នយោបាយ​។ ឥណ្ឌា​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ជា​មហាអំណាច​ប្រជាធិបតេយ្យ​ធំ​ផុត​លេខ ហើយ​ប្រទេស​មហាអំណាច​អាស៊ី​ខាងត្បូង​មួយ​នេះ​ប្រកាន់ខ្ជាប់​របប​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​យូរអង្វែង​មកហើយ​។ ដោយឡែក​មហា​យក្ស​ចិន​ឯណោះ​វិញ ថ្វីបើ​ខ្លួន​ជា​មហាអំណាច​សេដ្ឋកិច្ច​ដែល​នឹង​វ៉ា​ដាច់​អាមេរិក​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ក៏ដោយ និយាយ​ដល់​ឥទ្ធិពល​នយោបាយ និង​អំណាច​ទន់​គឺ​មិនអាច​ប្រៀប​ឥណ្ឌា​បានឡើយ​។ ចិន​នៅ​បន្ត​រឹតត្បិត​សិទ្ធិសេរីភាព សង្កត់សង្កិន​ចាប់ចង និង​បំពាន​សេរីភាព និង​សិទ្ធិមនុស្ស ។

​សូម្បីតែ​ចិន​ក៏​ដឹង​ខ្លួនឯង​ច្បាស់​ថា ប្រទេសមួយ​ចំនួន​នាំ​គ្នាស្រ​វា​ឱប​ចិន​ព្រោះតែ​ចិន​មាន​លុយ​ប៉ុណ្ណោះ មិនមែន​គេ​ស្មោះស្ម័គ្រ និង​គោរព​ចិន​ដោយ​សុទ្ធតែ​ចិត្ត​ឡើយ​។ ដូច្នេះហើយ​បានជា​ចិន​ប្រឹង​ខ្លាំងណាស់​ដើម្បី​កសាង​កិត្យានុភាព និង​កេរ្តិ៍ឈ្មោះ រួមទាំង​ប្រឹង​ពង្រឹង​អំណាច​ទន់​របស់ខ្លួន​ផង​។ ប៉ុន្តែ​វា​ត្រូវការ​ពេល​យូរអង្វែង​។​

​ចំណុច​សំខាន់​មួយទៀត​គឺ​ចំណង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង ការផ្សាភ្ជាប់​នៃ​វប្បធម៌ និង​អរិយធម៌​។ ប្រទេស​អាស៊ាន​រង​ឥទ្ធិពល​វប្បធម៌ និង​អរិយធម៌​ដ៏ចំណាស់របស់ឥណ្ឌា​ និងមានទំនាក់ទំនងរួមគ្នារាប់​សតវត្ស​មកហើយ ហើយ​ចំណង​ដ៏​រស់​រវើក​នេះ​នៅ​បន្ត​ស្ថិត​ស្ថិរ និង​ចាក់​ឬ​ស​ជ្រៅ​រហូតមកដែរ​។ ដោយសារ​បច្ច័យ​នេះហើយ ទើប​ប្រជាជាតិ​អាស៊ាន និង​ឥណ្ឌា​ហាក់ដូចជា​ស្វែងយល់​ពីគ្នា​បាន​ច្រើន មើលឃើញ​គ្នា​ក្នុង​ផ្លូវ​វិជ្ជមាន និង​ឥតមាន​ភ័យខ្លាច ឬ​ថ្នាំងថ្នាក់​អ្វី​ឡើយ​៕


Tag:
 ​អាស៊ាន​
  ឥណ្ឌា​
  ចិន​
  នា​រិ​ន្ទ្រា ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com