រថយន្ត
អន្តរជាតិ
អា​ហ្ស​ង់​ទីន​៖ ដាក់​រថយន្ត​គ្រោះថ្នាក់​ចរាចរណ៍​ជំនួស​ផ្ទាំង​ប៉ាណូ ដើម្បី​ពញ្ញាក់​ស្មារតី​អ្នកបើកបរ​
16, Apr 2018 , 7:39 pm        
រូបភាព
ដោយ: ធីតា
​កាលពី​អំឡុង​ឆ្នាំ​២០១២ សារព័ត៌មាន La Voz del Interior និង​ក្រសួង​សន្តិសុខ​ក្រុង Cordoba ប្រទេស​អា​ហ្ស​ង់​ទីន បាន​បង្កើត​យុទ្ធនាការ «Life Signs» ក្នុងទិសដៅ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ក្រុង Cordoba ទាំងមូល​។ យុទ្ធនាការ​នេះ មានការ​ដាក់​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ផ្លូវធំៗ ។



​ក្រុង Cordoba ត្រូវបាន​ចាត់ទុកជា​ក្រុង​ដែលមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​ស្លាប់​ច្រើនជាងគេ​នៅ​ទូទាំងប្រទេស​អា​ហ្ស​ង់​ទីន​។ រចនា​ដោយ​ក្រុមហ៊ុន Ogilvy Argentina រថយន្ត​ដែលមាន​ប្រវត្តិ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវយក​ដាក់ជំនួស​ផ្ទាំង​ប៉ាណូ​តាម​ផ្លូវធំៗ ដើម្បី​ជា​សារ​អប់រំ​ដល់​អ្នកប្រើប្រាស់​យានយន្ត​។



​រថយន្ត​ដែល​ដាក់តាំង​នៅតាម​ផ្លូវ​ទាំងអស់នោះ សុទ្ធតែជា​រថយន្ត​មាន​សភាព​ខ្ទេចខ្ទី​ធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយ​ការបើកបរ​មិន​ប្រុងប្រយ័ត្ន លើស​ល្បឿន​កំណត់ និង​ការមិន​ពាក់​ខ្សែក្រវាត់​ជាដើម​។​



​កាលពី​ឆ្នាំ​២០១៣ យុទ្ធនា​ការជំរុញ​សុវត្ថិភាព​ចរាចរណ៍ Light Signs  បានឈ្នះ​ពាន Gold Outdoor Lion នា​ព្រឹត្តិការណ៍ Cannes International Festival of Creativity​។ មួយឆ្នាំ​ក្រោយមកទៀត គំនិត​ផ្តួចផ្តើម​ដែល​មិន​ធ្លាប់មាន​ពីមុន​មកនេះ ក៏​ទទួលបាន​រង្វាន់ Yellow Pencil Award ពី​ព្រឹត្តិការណ៍ D&AD Awards ផងដែរ​។​



​លទ្ធផល​បាន​បង្ហាញថា បន្ទាប់ពី​អ្នកបើកបរ​ឃើញ​រូប​រថយន្ត ពួកគេ​ចាប់ផ្តើម​គិតពី​ការពង្រឹង​សុវត្ថិភាព​បន្ថែមទៀត​របស់ខ្លួន​។ ជាមួយគ្នានេះ បើតាម​របាយការណ៍ ការបើកបរ​លើស​ល្បឿន មានការ​ថយចុះ​៤០​ភាគរយ ការបើក​បរទាំង​ស្រវឹង​ថយចុះ​៥០​ភាគរយ ខណៈ​អាយុជីវិត​ជាច្រើន​ត្រូវបាន​សង្គ្រោះ​៕





© រក្សាសិទ្ធិដោយ thmeythmey.com