ជាតិ
រថយន្ត
អ្នកស្លាប់ និងរងរបួស ជាង៧ពាន់នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០១៧
× ភ្នំពេញ៖ អ្នកស្លាប់ និងរងរបួស ជាង៧ពាន់នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ក្នុងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៃក្រសួងមហាផ្ទៃ។
របាយការណ៍គ.ស.ច.គ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៧ បានកើតឡើងចំនួន ៣៥៣១លើក ដែលបានបណ្ដាលឲ្យអ្នកស្លាប់ ១,៧៨០នាក់ និងរបួស៥,៥៣៩នាក់ ភាគច្រើននៅរាជធានីភ្នំពេញ១៦៨នាក់ ខេត្តកណ្ដាល១៦០នាក់ កំពង់ធំ១២៤នាក់។ ក្នុងរបាយការណ៍បន្តថា ក្នុងមួយថ្ងៃ មានជនរងគ្រោះជាមធ្យម៥នាក់ និងរងរបួស១៥នាក់។
របាយការណ៍ដដែល លើកឡើងថា មូលហេតុដែលបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីបើកបរលើសល្បឿនកំណត់៣៦ភាគរយ មិនគោរពសិទ្ធិ១៧ភាគរយ មិនប្រកាន់ស្ដាំ១៣ភាគរយ ប្រជែងគ្នា១០ភាគរយ ស្រវឹង៩ភាគរយ បត់ខ្វះការប្រុងប្រយ័ត្ន១០ភាគរយ និងកត្តាផ្សេងៗ៤ភាគរយ។
បើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៣៥៣១លើកនេះ ធៀបនឹងឆ្នាំ២០១៦ មានការថយចុះ១៦៩លើក ខណៈចំនួនអ្នករងរបួសថយចំនួន១,០៦៨នាក់ស្មើ១៦ភាគរយ ប៉ុន្តែចំនួនកើនឡើង៦៣នាក់ ស្មើ៤,៦ភាគរយ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានវាយតម្លៃថា ការអនុវត្តច្បាប់ចរាចរណ៍នៅឆ្នាំ២០១៧ មានការរីកចម្រើនគួរកត់សម្គាល់ បើធៀបនឹងឆ្នាំ២០១៦ ។ ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមចំពោះមុខ ។ ត្រង់ចំណុចនេះគ.ស.ច.គ បានដាក់ទិសដៅចុះផ្សព្វផ្សាយពីការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ចំនួន១០ចំណុចផងដែរ។ ក្នុងចំណោមទិសដៅការងារទាំងនោះ គ.ស.ច.គ ជំរុញឲ្យមានការសិក្សាអំពីបច្ចេកវិទ្យាជឿនលឿនថ្មីៗ បម្រើដល់សុវត្ថិភាពចរាចរណ៍ ដូចជាការបំពាក់កាមេរ៉ាសុវត្ថិភាព, ឧបករណ៍ត្រួតពិនិត្យល្បឿន ,ឧបករណ៍ត្រួតពិនិត្យជាតិស្រវឹង ,ឧបករណ៍ GPS ,កំណត់ទីតាំងជើងកប ,ឧបករណ៍បច្ចេកទេសគ្រប់គ្រងយានយន្ត ,បណ្ណបើកបរ និងគ្រប់គ្រងបទល្មើសចរាចរណ៍ ការលើកទឹកចិត្តប្រើប្រាស់យានយន្តដែលប្រើដោយថាមពលអគ្គិសនីជាដើម ដែលអាចជួយទប់ស្កាត់ការកាត់បន្ថយគ្រោះថ្នាក់ ការពារបរិស្ថាន និងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com