ជាតិ
សេដ្ឋកិច្ច
កញ្ចប់​ថវិកា​ពិសេស​ស​ម្រា​ប់​វិស័យ​ស្រូវ​អង្ករ ត្រូវបាន​ប្រើប្រាស់​ជាង​៣០​លាន​ដុល្លារ​
30, Jan 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កញ្ចប់​ថវិកា​ពិសេសរ​បស់​រដ្ឋាភិបាល​ចំនួន ៥០​លាន​ដុល្លារ ត្រូវបាន​ធនាគារ​អភិវឌ្ឍន៍ជនបទ (RDB) ផ្ដល់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​អស់ ៣១​លាន​ដុល្លារ មកទល់ពេលនេះ​។ នេះ​បើតាម​លោក កៅ ថាច អគ្គនាយក RDB ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​២៩​ខែមករា​។​



​លោក កៅ ថាច បញ្ជាក់ថា ឥណទាន​ដែល​ត្រូវបាន​បញ្ចេញ​ចំនួន ៣១​លាន​ដុល្លារ​នេះ ភាគច្រើន​ត្រូវបាន​ផ្ដល់​ទៅ​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់​។ លោក​បន្ថែមថា ឥណទាន នឹងត្រូវ​បញ្ចេញ​ច្រើន​ជាងនេះទៀត ព្រោះ​រដូវ​ប្រមូល​ផល​ស្រូវ​នឹង​បន្ត​ដល់​ខែមីនា ទៅ​ខែមេសា​។​

​កញ្ចប់​ថវិកា ៥០​លាន​ដុល្លារ ត្រូវបាន​រដ្ឋាភិបាល កាលពី​ខែសីហា​ឆ្នាំ​២០១៧ ទម្លាក់​ជួយ​ដោះស្រាយ​បញ្ហា​ទីផ្សារ​ស្រូវ​របស់​កសិករ តាមរយៈ​ការផ្ដល់​ឥណទាន​ដល់​បណ្ដា​រោង​ម៉ាស៊ីនកិនស្រូវ ដែល​ខ្វះខាត​ឥណទាន យកទៅ​ប្រមូល​ទិញស្រូវ​ពី​កសិករ​។ ឥណទាន​នេះ ត្រូវបាន​កំណត់​អត្រា​ការប្រាក់ ៥​ភាគរយ​ក្នុង​មួយឆ្នាំ​។ ជាគោលការណ៍ RDB ត្រូវ​បង្វិល​កញ្ចប់​ថវិកា​នេះ​ទៅ​រដ្ឋាភិបាល​វិញ ក្នុងអំឡុង​ខែឧសភា ខាងមុខនេះ​។​

​ក្រៅពី​កញ្ចប់​ថវិកា​សម្រាប់​ប្រមូល​ទិញស្រូវ រដ្ឋាភិបាល​ក៏បានផ្ដល់​ឥណទាន​ដល់​វិស័យ​ឯកជន​ប្រមាណ ៣០​លាន​ដុល្លារ ដើម្បី​សាងសង់​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ​ចំនួន​បួន​កន្លែង​។ ឡ    ស​ម្ងួ​ត​ទាំង​បួន​នេះ ត្រូវបាន​រំពឹងថា​នឹង​បញ្ចប់​ការស្ថាបនា​ឲ្យ​រួចរាល់​ត្រឹម​ខែកុម្ភៈ​ឆ្នាំនេះ ខណៈ​ឃ្លាំង​ស្តុក​ត្រូវការ​ពេលវេលា​ដាក់​ឲ្យ​ប្រើប្រាស់​យូរ​ជាង​នេះ​។​

​ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន​ជាង ៦៣​ម៉ឺន​តោន កើនឡើង​ជិត ១០​ម៉ឺន​តោន បើ​ធៀប​នឹង ៥៤​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៦៕


Tag:
 អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com