អន្តរជាតិ
ទស្សនកិច្ច​នាយករដ្ឋមន្ត្រី​អង់គ្លេស​នៅ​ចិន​៖ ពាណិជ្ជកម្ម​ជា​រឿង​ធំ ឯ​សិទ្ធិមនុស្ស​ទំនង​ទុក​មួយ​ឡែក​
30, Jan 2018 , 10:35 am        
រូបភាព
​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ នឹង​ទស្សនកិច្ច​នៅ​ចិន ចាប់ពី​ថ្ងៃទី​៣១ ដល់​ទៅ​ថ្ងៃទី​២ ខែកុម្ភៈ សំដៅ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​។ អង់គ្លេស ដែល​ត្រូវ​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ឆ្នាំ​២០១៩ ពិតជា​ត្រូវការ​ដៃគូ​រកស៊ី​សម្បូរ​លុយ​ដូចជា​ចិន ខណៈ​ចិន​ក៏​មើលឃើញ​ទីផ្សារ​របស់​អង់គ្លេស​ដូចគ្នា​។ មេដឹកនាំ​អង់គ្លេស និង​ចិន​នឹង​ជជែក​លើ​បញ្ហា​អន្តរជាតិ​ផ្សេងទៀត ប៉ុន្តែ​បញ្ហា​សិទ្ធិមនុស្ស​ទំនងជា​មិន​ស្ថិតក្នុង​របៀបវារៈ​ឡើយ​។​



​ប្រមុខ​រដ្ឋាភិបាល​អង់​គ្លេ​ស ថេ​រ៉េ​សា ម៉េ​យ៍ នឹង​ចាកចេញ​ទៅកាន់​ចិន​នៅ​ថ្ងៃទី​៣០ ខែមករា ដើម្បី​ធ្វើ​ទស្សនកិច្ច​បី​ថ្ងៃ ជាមួយ​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​។ លោកស្រី ម៉េ​យ៍ នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​នាយករដ្ឋមន្ត្រី លី ខឹ​ឈាំ​ង ក៏ដូចជា​មេដឹកនាំ​ក្រុមហ៊ុន​ធំៗ​របស់​ចិន​។ លោកស្រី​និយាយថា ទស្សនកិច្ច​លើក​នេះ នឹង​ជំរុញ​យុគសម័យ​មាស​នៃ​ទំនាក់ទំនង​អង់គ្លេស​-​ចិន ដើម្បី​ដោះស្រាយ​បញ្ហា​រួមគ្នា​។​

​លោក ម៉េ​យ៍ នឹង​អមដំណើរ​ដោយ​ពាណិជ្ជករ​ធំៗ​របស់​អង់គ្លេស ដែល​សំឡឹង​ឃើញ​ការ​ងើបឡើង​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​ចិន​។ ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប តម្រូវ​ឲ្យ​រដ្ឋាភិបាល​លោកស្រី ម៉េ​យ៍ ស្វែងរក​ឱកាស​មាស​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​។ មុន​ការចាកចេញ នាយករដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ​និយាយ​ដែរ​ថា ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ នឹង​បង្កលក្ខណៈ​ដល់​ការពិភាក្សា​ដោយស្មោះ​ត្រង់​លើ​បញ្ហា​ទាំងអស់​។ 

​បញ្ហា​កូរ៉េខាងជើង បម្រែបម្រួល​អាកាសធាតុ និង​ការបំពុល​បរិយាកាស ក៏​ជា​របៀបវារៈ​សំខាន់​នៃ​ទស្សនកិច្ច​របស់លោក​ស្រី ម៉េ​យ៍ នៅ​ចិន​ដែរ​។ គេ​រំពឹងថា នាយករដ្ឋមន្ត្រី​អង់គ្លេស​នឹង​ស្នើ​ឲ្យ​ចិន​បង្កើន​ការដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ឲ្យ​បោះបង់​ការអភិវឌ្ឍ​នុយក្លេអ៊ែរ​។ យ៉ាណា​មិញ គេ​មិនទាន់​ច្បាស់​ថា លោកស្រី ម៉េ​យ៍ នឹង​លើកយក​បញ្ហា​សិទ្ធិមនុស្ស និង​ការថយចុះ​ប្រជាធិបតេយ្យ​នៅ​ហុងកុង​ទៅ​ជជែក​ជាមួយ​មេដឹកនាំ​ចិន​ឬ​យ៉ាង​ឡើយ​។​

​បើតាម​សារព័ត៌មាន BBC លោក Chris Patten អតីត​អភិបាលក្រុង​ហុងកុង​ជនជាតិ​អង់គ្លេស​ចុងក្រោយ​គេ បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅកាន់​ការិយាល័យ​លោកស្រី ម៉េ​យ៍ ដោយ​ស្នើ​ឲ្យ​លោកស្រី​ប្រើប្រាស់​ទស្សនកិច្ច​នៅ​ចិន​ដើម្បី​ផ្ដោតលើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ហុងកុង​ផង​។ លោក​បញ្ជាក់ថា ហុងកុង​កំពុង​ជួប​ការគំរាមកំហែង​ខ្លាំង​គោលការណ៍​ប្រជាធិបតេយ្យ​របស់ខ្លួន ប្រឈមមុខ​នឹង​ការ​លូកដៃ​កាន់​ខ្លាំង​របស់​ចិន​។​

​ជុំវិញ​រឿង​សិទ្ធិមនុស្ស​នេះ ចិន​ត្រៀមខ្លួន​ជជែក​ជាមួយ​អង់គ្លេស តែ​ត្រូវ​ស្ថិតក្រោម​គោលការណ៍​ស្មើភាព និង​ការគោរព​គ្នា​ទៅវិញទៅមក​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២៩ ខែមករា ថា ចិន​មាន​ឆន្ទៈ​និយាយ​រឿង​សិទ្ធិមនុស្ស​ជាមួយ​ប្រទេស​ទាំងអស់​។ លោកស្រី​បន្តថា គ្មាន​ប្រទេស​អាច​អះអាងថា ខ្លួន​ជា​ជើងឯក​សិទ្ធិមនុស្ស​បាន​ឡើយ តែ​ត្រូវ​រៀន​ពីគ្នា និង​គោរព​គ្នា​ដើម្បី​ជំរុញ​ការគោរព​សិទ្ធិមនុស្ស​៕


Tag:
 អង់គ្លេស​
  ចិន​
  ពាណិជ្ជកម្ម​
  ថេ​រ៉េ​សា ម៉េ​យ៍​
  ស៊ី ជិន​ភីង​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com