អន្តរជាតិ
កោះ​តៃវ៉ាន់​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ដើម្បី​ទប់ទល់​ការឈ្លានពាន​
30, Jan 2018 , 3:12 pm        
រូបភាព
រថក្រោះយោធាតៃវ៉ាន់ក្នុងសមយុទ្ឋការពារខ្លួន
រថក្រោះយោធាតៃវ៉ាន់ក្នុងសមយុទ្ឋការពារខ្លួន
​នៅ​ថ្ងៃទី​៣០ ខែមករា យោធា​តៃវ៉ាន់​បានធ្វើ​សមយុទ្ធ​យោធា​ដ៏​ធំ​មួយ​នៅ​ភាគ​ខាងកើត ខណៈដែល​ការប្រឈមមុខ​ជាមួយ​ចិនដីគោក​ក៏​កើនឡើង​កាន់តែខ្លាំង​។ សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត​នេះ មាន​គោលដៅ​ការពារ​ពី​ការវាយប្រហារ​ណាមួយ ដែល​អាច​កើតឡើង​អំឡុងពេល​សម្រាក​បុណ្យចូលឆ្នាំ​ខាងមុខនេះ​។

 


​យន្តហោះ​ស៊ើបការណ៍​ហោះ​ត្រួតពិនិត្យ​នាវា​ដែល​កំពុង​ឈ្លានពាន ឯ​រថក្រោះ​បាន​បាញ់​គ្រាប់​ពិត​សន្ធប់​លើស​ត្រូវ​កំពុង​ឡើង​ច្រាំង​នៅ​កំពង់ផែ Hualien ភាគ​ខាងកើត ខណៈ​កម្លាំង​អាកា​សមាន​ឧទ្ធម្ភាគចក្រ និង​យន្តហោះ F-16 បាន​បាញ់​សំដៅ​គោលដៅ​សត្រូវ​ដូចគ្នា​ដែរ​។ នេះ​គឺជា​សកម្មភាព​យោធា​តៃវ៉ាន់​ក្នុង​សមយុទ្ធ​ប្រចាំឆ្នាំ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​៣០ ខែមករា ដើម្បី​ឆ្លើយតប​ការឈ្លានពាន និង​បង្កើន​ទំនុកចិត្ត​ដល់​ប្រជាជន​ផង​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួងការពារជាតិ​តៃវ៉ាន់​មិនបាន​បញ្ជាក់ថា សមយុទ្ធ​នេះ​មាន​គោលដៅ​ការពារ​ខ្លួន​ពី​ការវាយប្រហារ​របស់​ចិន​ឡើយ​។ ប៉ុន្តែ​គោលដៅ​សំខាន់ គឺជា​ការបង្ហាញ​ការប្ដេជ្ញាចិត្ត​ការពារ​ស​ន្តិ​ភាព​ច្រក​សមុទ្រ​តៃវ៉ាន់ និង​សន្តិសុខ​តៃវ៉ាន់​ផ្ទាល់​។ ច្រក​សមុទ្រ​តៃវ៉ាន់ ជា​ដែនទឹក​ខណ្ឌ​ចែក​តៃវ៉ាន់ និង​ចិនដីគោក ហើយ​ជា​ញឹកញាប់ ចិនដីគោក​តែង​បង្ហាញ​សាច់ដុំ​យោធា​របស់ខ្លួន​នៅ​ច្រក​សមុទ្រ​សំខាន់​នេះ​។​

​សមយុទ្ធ​បែប​ការពារ​ខ្លួន​របស់​យោធា​តៃវ៉ាន់​តែង​ធ្វើឡើង​នៅមុន​បុណ្យចូលឆ្នាំ ដែលជា​ថ្ងៃ​សម្រាក​វិ​សម្ស​កាល​ដ៏​ធំ​របស់​ជនជាតិ​ចិន​ទាំងអស់​។ សមយុទ្ធ​បែបនេះ ក៏​ជាការ​បង្ហាញ​អានុភាព​យោធា​ឲ្យ​ប្រជាជន​បានឃើញ និង​ទុកចិត្ត​សមត្ថភាព​ប្រយុទ្ធ​របស់​កងទ័ព​តៃវ៉ាន់​។ ឧ​ត្ត​ម​សេនីយ៍​ឯក Huang Kai-sen នៃ​យោធា​តៃវ៉ាន់ និយាយថា ការត្រៀមខ្លួន​ប្រយុទ្ធ​របស់​កងទ័ព គ្មាន​ថ្ងៃ​សម្រាក​ឡើយ និង​ត្រៀម​ធ្វើ​សកម្មភាព​២៤​ម៉ោង​លើ​២៤​ម៉ោង​។​

​សូមបញ្ជាក់ថា ទំនាក់ទំនង​ឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់ កាន់​តែង​កម្ដៅ​ខ្លាំង ចាប់ពី​លោកស្រី Tsai Ing-wen ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់​មក​នោះ ព្រោះ​លោកស្រី​មាន​និន្នាការ​រក​ការប្រកាស​ឯករាជ្យ ដែល​ក្រុង​ប៉េកាំង​ចាត់ទុកជា​បន្ទាត់​ក្រហម​។ តាំងពី​ឆ្នាំ​២០១៦ មក ក្រុង​ប៉េកាំង​បាន​បង្កើន​ចំនួន​សមយុទ្ធ​នៅ​តំបន់​នេះ ទាំង​សមយុទ្ធ​ជើង​អាកាស និង​ជើង​ទឹក ដើម្បី​បង្អួត​សាច់ដុំ​ដាក់​តៃវ៉ាន់ ហើយ​គ្រាន់តែ​ខែមករា​នេះ នាវា​ដឹក​យន្តហោះ​ចិន​បានធ្វើ​ដំណើរ​ក្បែរ​តៃវ៉ាន់​ពីរដង​ទៅហើយ​។​

​ការប្រើ​កម្លាំងយោធា​ដើម្បី​ក្ដាប់​យក​តៃវ៉ាន់​ឡើងវិញ នៅតែ​ជា​ជម្រើស​សម្រាប់​មេដឹកនាំ​ក្រុង​ប៉េកាំង​ដដែល ក្នុងករណី​តៃវ៉ាន់​ហ៊ាន​ប្រកាស​ផ្ដាច់ខ្លួន​នោះ​។ ឯ​តៃវ៉ាន់​បាន​ត្រឹម​ចិញ្ចឹមចិត្ត​បំបែក​ខ្លួន​ប៉ុណ្ណោះ ព្រោះ​អានុភាព​យោធា​របស់ខ្លួន នៅ​មិនទាន់​អាច​ប្រៀបផ្ទឹម​នឹង​កម្លាំងយោធា​ចិន​នៅឡើយ​។ ក្រុង​តៃប៉ិ​ក៏បាន​ពង្រឹងសមត្ថភាព​យោធា​ជា​បន្តបន្ទាប់​ដែរ ជាពិសេស​ជំនួយ​ពី​អាមេរិក​តែម្ដង ដ្បិត​សង្គ្រាម​នឹង​កើតឡើង​ចៀស​មិន​ផុត បើ​តៃវ៉ាន់​មិន​បោះបង់​គំនិត​ឯករាជ្យ​នោះ​។​

Tag:
 តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com